NATO នៅចំពោះមុខរបត់សំខាន់ក្រោយរយៈពេល៧០ឆ្នាំគងវង្ស
(VOVWORLD) - កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៧០ទិវាកំណើតប្លុកយោធាសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រារព្ធឡើងនាថ្ងៃទី៣ ខែធ្នូ នៅរាជធានីឡុងដ៍ ចក្រ ភពអង់គ្លេស ក្នុងគោលដៅពង្រឹងសាមគ្គីភាពនិងតម្រង់ទិសសម្រាប់អនាគត។ ប៉ុន្តែ សម្ព័ន្ធភាពយោធានេះកំពុងត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន ជា ពិសេសគឺខាងផ្ទៃក្នុង ក្រោយរយៈពេល៧០ឆ្នាំគងវង្ស។
NATO កំពុងឈរចំពោះមុខរបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ (រូបថត៖ Getty) |
កិច្ចប្រជុំកំពូលពោលខាងលើមានការចូលរួមរបស់ប្រមុខរដ្ឋនៃប្រទេសសមាជិកទាំង២៩ ក្នុងនោះមានប្រធានាធិបតីអាមេរិកលោក Donald Trump នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron។ យោងតាមសេចក្ដីប្រកាសមុនកិច្ចប្រជុំបានអោយដឹងថា ព្រឹត្តិការណ៍លើកនេះនឹងចេញសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះមានការសន្យាស្ដីពីកិច្ចការពារជាសមូហភាព។ ប៉ុន្តែ សាធារណៈមតិបានមន្ទិលសង្ស័យលើលទ្ធផលនេះ។ NATO កំពុងត្រូវប្រឈមមុខនឹងការលំបាកឧបសគ្គជាច្រើនដែលគេមិនងាយជំនះពុះពារ ដើម្បីស្វែងរកការស្រុះចិត្តគំនិតក្នុងបញ្ហាក្ដៅគគុកនានាបានឡើយ។
ការសាកល្បងពីបញ្ហាផ្ទៃក្នុង
មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ ប្រធានបទមួយក្នុងចំណោមប្រធានបទដែលត្រូវបាននិយាយដល់ច្រើនបំផុតនោះគឺ ការបង្កើនចំណាយផ្នែកយោធារបស់ប្រទេសសមាជិក NATO ឡើងកម្រិត២% GDP នៃប្រទេសនីមួយៗ។ ប្រធានបទនេះ បណ្ដាលអោយមានការខ្វែងគំនិតក្នុងប្លុក NATO អស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ ក្រោយពីអាមេរិកបានដាក់សម្ពាធជាបន្តបន្ទាប់ហើយរិះគន់ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបបាន ដាក់បន្ទុកខាងហិរញ្ញវត្ថុជាច្រើនលើសលុបទៅលើអាមេរិក។ NATO ថែមទាំងជួបប្រទះនឹងបញ្ហាផ្ទៃក្នុងជាច្រើនផ្សេងទៀតផង។ ដំបូងបង្អស់គឺភាពមិនចុះសម្រុងកាន់តែស៊ីជំរៅរវាងទួរគីជាមួយបណ្ដាសម្ព័ន្ធមិត្តស្នូលក្នុង NATO ជាពិសេសគឺអាមេរិក ពាក់ព័ន្ធដល់យុទ្ធនាការយោធានាពេលថ្មីៗនេះរបស់ទួរគីនៅភាគឦសាន្តស៊ីរី។ មួយសប្ដាហ៍មុននឹងកិច្ចប្រជុំកំពូលនេះ ទួរគីបានចេញឱសានវាទចំពោះ NATO ដោយព្រមានពីការជំទាស់នឹងផែនការទាំងអស់របស់សម្ព័ន្ធភាពយោធានេះ ប្រសិនបើមិនទទួលបានការគាំទ្រនយោបាយយ៉ាងខ្លាំងក្លាចំពោះគោលជំហរចំពោះកម្លាំងជន Kurd នៅស៊ីរី។ ទោះបីជាសមាជិករបស់ NATO ក្ដី ប៉ុន្តែទួរគីកំពុងមានកាយវិការជាច្រើនដែលបណ្ដាលអោយ NATO មិនពេញចិត្ត តាំងពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីវាយប្រហារកម្លាំងជន Kurd ដែលជាសម្ព័ន្ធមិត្តរបស់ប្លុកនេះក្នុងការប្រយុទ្ធប្រឆាំងនឹង IS រហូតដល់ការចាប់ដៃជាមួយរុស្ស៊ី ដែលជាគូប្រជែងរបស់ប្លុកនេះទៀតផង។ រាល់កាយវិកាដ៏ឥតញញើតនេះរបស់ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានបណ្ដាលអោយសម្ព័ន្ធមិត្តនិងអ្នកជំនាញការជាច្រើនមានការមន្ទិលសង្ស័យថា តើទួរគីគប្បីបន្តស្ថិតនៅក្នុងសម្ព័ន្ធភាពយោធានេះដែរឬអត់។ ទោះជាយ៉ាងណាក៏ដោយ NATO នៅតែមិនចង់កាត់ផ្ដាច់ទំនាក់ទំនងនេះ ដោយសារ ទួរគីមានទំហំដែនដីដ៏ធំធេង កម្លាំងយោធាខ្លាំង និងទីតាំងភូមិសាស្ត្រប្រកបដោយសារសំខាន់យុទ្ធសាស្ត្រ។មិនត្រឹមតែប៉ុណ្ណោះទេ កិច្ចប្រជុំកំពូលលើកនេះ ថែមទាំងត្រូវប៉ះទង្គិចដោយបញ្ហាផ្ទៃក្នុងជាច្រើនផ្សេងទៀត។ នៅអាមេរិក ប្រធានាធិបតីលោក Donald Trump កំពុងត្រូវប្រឈមមុខនឹងការចោទប្រកាន់កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ នៅបារាំង លោក Emmanuel Macron ត្រូវដោះស្រាយកុបកម្មលើទូទាំងប្រទេសនាថ្ងៃទី៥ ខែធ្នូ ខាងមុខ។ នៅអាល្លឺម៉ង់ រដ្ឋាភិបាលចម្រុះរបស់លោកស្រីអធិការបតី Angela Merkel កំពុងឈរនៅចំពោះមុខគ្រោះអាសន្នបែកបាក់ក្រោយពីគណៈបក្ស SPD ក្នុងរដ្ឋាភិបាលចម្រុះនេះមានថ្នាក់ដឹកនាំថ្មី។ ចំណែកឯនៅអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson ត្រឹមតែមានពេលវេលាមិនដល់មួយខែទៀតគឺចូលក្នុងការបោះឆ្នោតសកលដោយមានលក្ខណៈសម្រេចកំណត់ចំពោះដំណើរការ Brexit។ ក្រៅពីនោះ នៅតែមានការខ្វែងគំនិតជាច្រើនក្នុង NATO ស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គម្រោងបំពង់បង្ហូរឧស្ម័នដុតរវាងអាល្លឺម៉ង់និងរុស្ស៊ី ជាដើម។
NATO នៅចំពោះមុខរបត់
ក្នុងបរិបទនោះ កិច្ចប្រជុំកំពូលលើកនេះនឹងគូសសញ្ញាគ្រាសំខាន់មួយនៃប្លុក NATO។ មិនត្រឹមតែជាឱការរំលឹកខួបលើកទី៧០ទិវាកំណើតប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាដ៏សមស្របដើម្បីផ្សះផ្សារនិងដោះស្រាយការមិនចុះសម្រុងនាពេលកន្លងទៅ ដើម្បីធានាតុល្យភាពនៃសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកនេះឡើងវិញ។ NATO កំពុងឈរចំពោះមុខរបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ហេតុដូច្នេះបានជា ថ្នាក់ដឹកនាំប្លុកនេះត្រូវការដាក់ចេញយុទ្ធសាស្ត្រថ្មីសម្រាប់ដំណាក់កាលខាងមុខ ព្រមទាំងស្វែងរកចម្លើយសម្រាប់ចំណោទពិបាកជាច្រើនទាំងផ្ទៃក្នុងនិងកិច្ចការបរទេសផងដែរ៕