WEF 2019៖ កាលានុវត្តភាពដើម្បីអោយវៀតណាមបង្កើនសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ

(VOVWORLD) - តាមការអញ្ជើញរបស់ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំជាប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស ចាប់ពី ថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមករា។ នេះជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏ សំខាន់របស់វៀតណាមក្នុងឆ្នាំ២០១៩ ដែលមានអត្ថន័យជាច្រើនទាំងខាងនយោបាយ ការទូត ព្រមទាំងរួមចំណែកលើកកំពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើ ឆាកអន្តរជាតិផងដែរ។

WEF 2019 ទាក់ទាញការចូលរួមរបស់តំណាងចំនួន៣ពាន់នាក់ រួមទាំងប្រមុខរដ្ឋ រដ្ឋាភិបាលចំនួន៥០នាក់ និងថ្នាក់ដឹកនាំអង្គការអន្តរជាតិនានាផងដែរ។ ក្រោមប្រធានបទ “សកលភាវូបនីយកម្ម៤.០៖ កំណត់រចនាសម្ព័ន្ធសកលលោកក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មលើកទី៤” នោះ របៀបវារៈនៃកិច្ចប្រជុំ WEF Davos ឆ្នាំនេះនឹងផ្ដោតទៅលើបញ្ហាសំខាន់ជាច្រើនពាក់ព័ន្ធដល់គ្រប់ជ្រុងជ្រោយនៃជីវភាពសង្គមចាប់តាំងពីនយោបាយ សេដ្ឋកិច្ចរហូតដល់បច្ចេកវិទ្យានិងបរិស្ថាន។

        ពិភាក្សាអំពីបញ្ហាក្ដៅគគុក

        លើវិស័យនយោបាយ វេទិកានេះនឹងពិភាក្សា វាយតម្លៃចំពោះឥទ្ធិពលក៏ដូចជាការដោះស្រាយបញ្ហាខាងភូមិសាស្ត្រនយោបាយក្ដៅគគុកនានាលើពិភពលោក ការកែទម្រង់របៀបរបជាសកលដើម្បីបន្សាំទៅនឹងកាលៈទេសៈថ្មី ព្រមទាំងកំណត់បទបញ្ញាត្តិនិងរបៀបរបបថ្មីៗសំដៅជំរុញកិច្ចសហប្រតិបតិ្តការនិងដោះស្រាយបញ្ហាជាសកល ជាដើម។

        លើវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា កិច្ចប្រជុំនឹងវាយតម្លៃចំពោះឥទ្ធិពលពហុវិមាត្រនិងទូលំទូលាយនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ទៅលើគ្រប់វិស័យ ជាពិសេសគឺឥទ្ធិពលលើវិស័យសេដ្ឋកិច្ច។

        អង្គប្រជុំក៏ពិភាក្សាអំពីការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាអំពីពលករ ការងារធ្វើ ក្រោមឥទ្ធិពលបង្កឡើងដោយបដិវត្តន៍៤.០ ក៏ដូចជាវិធានការដើម្បីគ្រប់គ្រងបរិស្ថានអេកូឡូស៊ីនៅកម្រិតសកលលោក តំបន់និងប្រទេស ផងដែរ។

        វៀតណាមក្ដាប់ជាប់កាលានុវត្តភាព

        ការដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos ជាកាលានុវត្តភាពដើម្បីអោយវៀតណាមតភ្ជាប់ជាមួយមជ្ឈដ្ឋានវរជនទូទាំងពិភពលោក ផ្ទៀងស្ដាប់គំនិតថ្មីថ្មោង ក្ដាប់ជាប់និន្នាការអភិវឌ្ឍនៃពិភពលោក ជាពិសេសគឺនិន្នាការអភិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ ដោយឈរលើមូលដ្ឋាននោះ យកមកអនុវត្តន៍ក្នុងការកសាងនិងដំណើរការយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាក្នុងការប្រតិបត្តិសេដ្ឋកិច្ចសង្គមជាតិផងដែរ។ ជាពិសេសគឺ នេះជាលើកដំបូងដែលវៀតណាមសហការជាមួយ WEF រៀបចំព្រឹត្តិការណ៍ “កិច្ចសន្ទនាសេដ្ឋកិច្ចវៀតណាម” ដោយមានការចូលរួមរបស់ប្រធាន WEF និងសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោកជាច្រើន។

        ក្នុងឱកាសនេះដែរ វៀតណាមនិង WEF នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការមួយចំនួនស្ដីពីការបង្កើតមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០ និងស្ដីពីការដោះស្រាយកាកសំណល់ ប៉្លាស្ទិច ជាដើម។ វាយតម្លៃចំពោះកាលានុវត្តភាពរបស់វៀតណាមនៅកិច្ចប្រជុំ WEF Davos ឆ្នាំ ២០១៩ សាស្ត្រាចារ្យបណ្ឌិត Pham Quang Minh សាកលវិទ្យាធិការនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សាស្ត្រវៀតណាម បានអោយដឹងថា៖

        “វេទិកាពហុភាគីដូចជា Davos គឺជាវេទិកាដ៏ល្អណាស់ដើម្បីអោយប្រមុខរដ្ឋាភិបាលវៀតណាមបង្ហាញសារទៅកាន់មិត្តភក្តិអន្តរជាតិស្ដីពីស្ថានភាពនយោបាយស្ថិរភាពនិងបរិយាកាសវិនិយោគងាយស្រួលក្នុងប្រទេស។ វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញប្រភព ទុនវិនិយោគផ្ទាល់ពីបរទេស និងវៀតណាមគាំទ្រពាណិជ្ជកម្មសេរី ផងដែរ”។

        ការដែលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos ឆ្នាំ២០១៩ នឹងបន្តការខិតខំប្រឹងប្រែងធ្វើសមាហរណកម្មរបស់វៀតណាម ទាក់ទាញដើមទុនវិនិ យោគពីបរទេស ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ