កិច្ចប្រជុំ G20៖ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចពិភពលោក

(VOVWORLD) - កិច្ចប្រជុំកំពូលក្រុមប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខនិងទើបលេចចេញ (G20) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១ ខែធ្នូ នៅ ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ កិច្ចប្រជុំដែលគូសញ្ញារយៈពេល១០ ឆ្នាំនៃការចាប់បដិសន្ធិនៃវេទិកានេះ នឹងពិភាក្សាអំពីគោលនយោបាយក៏ដូចជា ដំណោះស្រាយចំពោះខឿនសេដ្ឋកិច្ចសកល។ ក្នុងកាលៈទេសៈដែលបរិយាកាស ទូទាំងពិភពលោកកំពុងជួបការសាកល្បងជាច្រើននាបច្ចុប្បន្ន វេទិកាសំខាន់ជួរ មុខចំពោះកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពិភពលោកនេះ ត្រូវបានគេរំពឹងទុកថា អាចត្រូវរងផលប៉ះពាល់ដោយជម្លោះផលប្រយោជន៍រវាងមហាអំណាចពិភពលោកនានា។

  បញ្ហាលំបាកជាច្រើនកំពុងរង់ចាំនៅកិច្ចប្រជុំ G20

        បរិយាកាសមុននឹងកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន ត្រូវបានវាយតម្លៃថា ក្ដៅគគុកបង្គួរ ដោយសារតែទស្សនៈបញ្ច្រាសគ្នារវាងមហាអំណាចពិភពលោក។

        ដំបូងបង្អស់គឺ ឧប្បត្តិហេតុនៅច្រកសមុទ្រ Kerch នាពេលថ្មីៗនេះរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើអោយទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងម៉ូស្គូធ្លាក់ចូលក្នុងភាពតានតឹងយ៉ាងធ្ងន់ធ្ងរ។ មុននឹងកិច្ចប្រជុំ G20 នេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមកំហែងថា អាចលុប ចោលកិច្ចប្រជុំដែលត្រូវបានគ្រោងទុកជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នេះ។ លោក Trump បានប្រកាសយ៉ាងដូច្នេះ ក្រោយពីកងកម្លាំងសន្តិសុខរុស្ស៊ីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានចាប់ខ្លួននាវិកចំនួន២៤នាក់និងនាវាកងទ័ពជើងទឹកអ៊ុយក្រែន ៣គ្រឿង ដោយការចោទប្រកាន់ពីអំពើរំលោភបំពានទៅលើដែនសមុទ្ររបស់រុស្ស៊ីនៅច្រក Kerch នៅជិតឧបទ្វីប Crimea នៅសមុទ្រខ្មៅ។ រុស្ស៊ីបានហៅអំពើរំលោភបំពាននេះរបស់អ៊ុយក្រែនគឺជាការបង្ករឿងហេតុ។ ប៉ុន្តែ ភាគីអាមេរិកបានហៅការចាប់ខ្លួននាវាអ៊ុយក្រែនរបស់រុស្ស៊ី គឺជាការឡើងជណ្ដើរដ៏គ្រោះថ្នាក់និងការរំលោភបំពានទៅលើច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវអោយដាក់ទណ្ឌកម្មទៅលើរុស្ស៊ីតែម្ដង។ ប៉ុន្តែ បារាំងនិងអាល្លឺម៉ង់ ដែលជាប្រទេសនាំមុខគេក្នុងសហភាពអឺរ៉ុប បានប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ហើយជ្រើសរើសដំណោះស្រាយការទូតសម្រាប់ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនជំនួសវិញ។

        ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីក៏កំពុងមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាស្ដីពីកម្លាំងអាវុយនុយក្លេអ៊ែរកម្រិតមធ្យម (INF) ព្រមទាំងគំរាមកំហែងថា រុស្ស៊ីនឹងមិនលើកលែងទេ ប្រសិនបើអាមេរិកដំណើរការផែនការដាក់ពង្រាយកាំជ្រួចរយៈចម្ងាយខ្លីនិងមធ្យមនៅទ្វីបអឺរ៉ុបនោះ។

        ទន្ទឹមនឹងនោះ សាធារណៈមតិក៏ព្រួយបារម្ភថា កិច្ចប្រជុំ G20 នឹងជាកន្លែងដើម្បីអាមេរិកនិងចិនដោះស្រាយជម្លោះពាណិជ្ជកម្ម។ មុននឹងកិច្ចប្រជុំ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែគំរាមកំហែងចិនដោយឥតឈប់ឈរ។ សូម្បីតែពេលខ្លះលោកបានប្រកាសថា ប្រសិនបើជំនួបចរចាជាមួយចិនមិនទទួលបានជោគជ័យនោះ គឺវ៉ាស៊ីនតោននឹងដំឡើងពន្ធទៅលើមុខទំនិញនាំចូលពីចិននៅសេសសល់ដែលមិនទាន់ត្រូវដាក់ពន្ធនាបច្ចុប្បន្ន។

        កាលពីសប្ដាហ៍មុន វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេស ប៉ាពួញូវហ្គីណេបានឃើញការជជែកវែកញែកយ៉ាងខ្លាំងសាហាវរវាងវ៉ាស៊ីនតោននិងប៉េកាំងពាក់ព័ន្ធដល់បញ្ហាកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកនិងលទ្ធិគាំពារនិយម។ ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតពិភពលោកទាំងពីរនេះកំពុងកើនឡើងដោយឥតឈប់ឈរ ដែលធ្វើអោយសាធារណៈមតិព្រួយបារម្ភថា សេណារីយ៉ូនៅកិច្ចប្រជុំ APEC ២០១៨ នឹងកើតមានឡើងជាថ្មីម្ដងទៀតនៅកិច្ចប្រជុំ G20 លើកនេះ។

        តើ G20 មានជាឱកាសដើម្បីដោះស្រាយការខ្វែងគំនិតដែរឬទេ?

        ដោយឈរលើបម្រែបម្រួលពោលខាងលើ មជ្ឈដ្ឋានអ្នកសង្កេតការណ៍អន្តរជាតិមិនមានសុទិដ្ឋិ និយមជាច្រើនចំពោះលទ្ធផលគួអោយកត់សម្គាល់មួយនៅកិច្ចប្រជុំ G20 លើកនេះឡើយ។ គេចាត់ទុកថា ជោគជ័យនៃកិច្ចប្រជុំនេះអាចកើតមានឡើង ប្រសិនបើភាគីនានាគោរពគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។

        ពិតណាស់ថា ការខ្វែងគំនិតក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិនអាចបង្កឡើងហានិភ័យជាច្រើនចំពោះប្រទេសទាំងពីរ។ ប៉ុន្តែ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រៀមខ្លួនជាស្រេចព្រមព្រៀងគ្នាដោយឈរលើគោលការណ៍នានានោះ គេអាចជៀសផុតពីហានិភ័យទាំងនេះ។ ចំណែកឯទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីក៏ដូចគ្នាដែរ បើទោះជាទំនាក់ទំនងទ្វេភាគីនេះបានធ្លាក់ចុះនៅកម្រិតទាបបំផុតនាពេលថ្មីៗនេះក្ដី ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែយល់ច្បាស់ថា ការផ្ទុះឡើងជម្លោះប្រដាប់អាវុធមួយនឹងមិននាំមកនូវផលប្រយោជន៍អ្វីណាមួយឡើយ ហើយកិច្ចប្រជុំ G20 នៅតែជាព្រឹត្តិការណ៍គួរអោយទន្ទឹងរង់ចាំដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តើកិច្ចប្រជុំ G20 អាចទទួលបានលទ្ធផលលោតផ្លោះណាមួយដែរឬទេ? យើងត្រូវរង់ចាំបម្រែបម្រួលជាបន្តនៅទីក្រុង Buenos Aires៕

ប្រតិកម្មទៅវិញ

ផ្សេងៗ