កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ - អនុវត្តន៍អាទិភាពនានាក្នុងបរិបទថ្មី

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ បានប្រារព្ធធ្វើឡើងជាផ្លូវការនៅទីក្រុងហាណូយ នាថ្ងៃទី ២២ ខែមិថុនា ជាមួយសកម្មភាពដំបួង។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងបរិបទដ៏ពិសេស ខណៈដែលជំងឺរាតត្បាត COVID – 19 បាននឹងកំពុងឆ្លងរាលដាលយ៉ាងទូលំទូលាយនៅលើពិភពលោក កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម ជីវភាពរស់នៅរបស់បណ្ដាប្រទេស ប្រជាជននៅលើពិភពលោកនិយាយរួម និងអាស៊ាននិយាយដោយឡែក។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុង បន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញតួនាទីរបស់ខ្លួន ធានាថាកិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួន ឲ្យបានសមស្របនឹងស្ថានភាពថ្មី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ - អនុវត្តន៍អាទិភាពនានាក្នុងបរិបទថ្មី - ảnh 1 (រូបថត៖ Reuters/ baoquocte.vn)

កិច្ចខិតខំប្រឹងប្រែងដើម្បី "ភាពស្អិតរមួត និងការឆ្លើយតប"

ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ ខែមិថុនា តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងដឹកនាំសម័យបើក សម័យប្រជុំពេញអង្គ និងបណ្ដាសម័យប្រជុំពិសេសស្ដីពីការបង្កើនសិទ្ធិអំណាចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល; ការសន្ទនារវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ជាមួយមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) តំណាងយុវជនអាស៊ាន ក្រុមប្រឹក្សាផ្ដល់ប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC)។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងជាប្រធាន AIPA លើកទី ៤១ នឹងអញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពិសេសស្ដីពីការបង្កើនសិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល ហើយចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយAIPA ។

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នឹងប្រព្រឹត្តិទៅកិច្ចប្រជុំត្រៀមរៀបចំនានា។ បណ្ដាររដ្ឋមន្រ្តីក្រសួងការបរទេស ឧស្សាហកម្ម ពាណិជ្ជកម្ម ការងារ យុទ្ធជនពិការ សង្គមកិច្ចនឹងដឹកនាំបណ្ដាកិច្ចប្រជុំដូចជា៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ ក្រុមប្រឹក្សាសហគមន៍នយោបាយ សន្តិសុខអាស៊ានលើកទី ២១ កិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្ដាប្រទេសចូលរួមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចប្រជុំសហគមន៍វប្បធម៌ សង្គមអាស៊ានលើកទី ២៣។ លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាន នៃក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

“ក្នុងបរិបទ ដែលជំងឺរាតត្បាត Covid 19 កំពុងមានការវិវត្តដ៏ស្មុគស្មាញនៅបណ្ដាប្រទេស និងនៅលើពិភពលោកនោះ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមត្រូវបានកែសំរួលអោយសមស្របនឹងស្ថានភាពជាក់ស្ដែង។ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងសកម្ម រួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានដើម្បីរៀបចំបណ្ដាកិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធានអាស៊ានប្រកបដោយជោគជ័យ“។

ពង្រីកតួនាទីរបស់អាស៊ានក្នុងពិភពមួយដែលកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ

ចាប់ពីដើមឆ្នាំ ២០២០ មក វៀតណាមបានម្ចាស់ការរៀបចំបណ្ដាកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ក្នុងក្របខ័ណ្ឌអាស៊ានជាមួយដៃគូទាំងអស់ប្រកបដោយជោគជ័យ សំដៅជំរុញបណ្ដាខ្លឹមសារ គំនិតផ្ដួចផ្ដើមនៃឆ្នាំប្រធាន ធានាល្បឿនការងារ ឲ្យសមស្របនឹងស្មារតីនៃឆ្នាំអាស៊ាន ២០២០ គឺ ភាពស្អិតរមួត និងការឆ្លើយតប។

នៅចំពោះស្ថានភាពនៃជំងឺរាតត្បាតនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក៏ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយផ្ដោតសំខាន់លើការបូកសរុប វាយតម្លៃលើការលំបាក ជំពាក់ជំពិន ហើយលើកដំណោះស្រាយជំនះពុះពារក្នុងការអនុវត្តន៍ខ្លឹមសារ គំនិតផ្ដួចផ្ដើមនៃឆ្នាំប្រធានអាស៊ាន ២០២០ ក្រោមឥទ្ធិពលនៃជំងឺរាតត្បាត COVID – 19 ។ អាស្រ័យហេតុនេះ វៀតណាមបានលើកសំណើរផ្ដោតសំខាន់អនុវត្តន៍លើអាទិភាពទាំង ៤ ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពគ្នា ដែលរួមមាន៖ ការបង្កើតមូលនិធិអាស៊ាន ដើម្បីឆ្លើយតបទៅនឹងជំងឺ COVID-19  ការកសាងមណ្ឌលផ្ទុកបម្រុងតំបន់អាស៊ាន ស្ដីពីសំភារៈ បរិក្ខាពេទ្យ ការកសាងដំណើរការស្តង់ដាររបស់អាស៊ាន ស្ដីពីការទប់ទល់នឹងស្ថានភាពសុខាភិបាលបន្ទាន់ និងការកសាងផែនការស្ដារអាស៊ានឡើងវិញ ក្រោយពី COVID-19។ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានអះអាងថា អាទិភាពចម្បងគឺធានាអាយុជីវិតរបស់ប្រជាជនអាស៊ាន។ លោកបានថ្លែងថា៖

“ទីមួយគឺទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាត។ ទីពីរគឺជួយឧបត្ថម្ភប្រជាជននៃបណ្ដាប្រទេសអាស៊ាន ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត ដែលក្នុងនោះមានការជួយសម្រួលដល់ប្រជាពលរដ្ឋអាស៊ាន ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ាន និងនៅប្រទេសទី ៣។ ទីបីគឺ កាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមដោយសារជំងឺរាតត្បាត“។

រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ានបានបង្ហាញនូវស្មារតីនៃឆ្នាំប្រធានអាស៊ាន គឺ ភាពស្អិតរមួតនិងការឆ្លើយតប ។ ទន្ទឹមនឹងសាមគ្គីភាព និងការតភ្ជាប់រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងបន្តអនុវត្តខ្លឹមសារនានា ធានាការអនុវត្តរាល់គំនិតផ្ដួចផ្ដើមនៃឆ្នាំប្រធានអាស៊ាន ២០២០ ប្រកបដោយជោគជ័យ ឲ្យសមស្របនឹងស្ថានភាពថ្មី ដើម្បីបន្តអះអាងនូវមជ្ឈភាពនៅក្នុងតំបន់របស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ