កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ឱកាសថ្មី បញ្ហាប្រឈមចាស់

(VOVWORLD) -  ជាមួយការបង្ហាញពីក្តីព្រួយបារម្ភកាន់តែច្បាស់លាស់របស់រដ្ឋអំណាចថ្មីនៅសហរដ្ឋអាមេរិក បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មីម្តងទៀត បានលេចចេញក្លាយទៅជាចំណុចចាប់អារម្មណ៍របស់សាធារណមតិអន្តរជាតិ។ តាមការវាយតម្លៃជាច្រើនជឿជាក់ថា លទ្ធភាពក្នុងការសង្រ្គោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ កំពុងឈរនៅចំពោះមុខឱកាសថ្មីប្រកបដោយលក្ខណៈងាយស្រួលជាច្រើន។ ថ្វីត្បិតដូច្នេះក៏ដោយ បញ្ហាប្រឈមដែលចាំបាច់ត្រូវតែជំនះគឺនៅតែមានច្រើន ដែលទាមទារឲ្យភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងឲ្យបានច្រើនថែមទៀត។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ឱកាសថ្មី បញ្ហាប្រឈមចាស់ - ảnh 1នៅខាងក្នុងរោងចក្រនុយក្លេអ៊ែរនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ (រូបថត៖ TTXVN)

នាថ្ងៃទី ៨ ខែមីនា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកថា អ៊ីរ៉ង់បានចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ស្ថិតនៅជាន់ទី ៣ នៃម៉ាស៊ីនបង្វិលសង់ទីហ្វុយ (centrifuge) IR-2m ក្នុងរោងចក្រក្រោមដីនៅទីក្រុង Natanz ដែលកសាងដើម្បីទប់ទល់នឹងការទម្លាក់គ្រាប់បែកពីអាកាស។  នេះគឺជាសញ្ញាថ្មីមួយបង្ហាញថា អ៊ីរ៉ង់នៅតែបន្តរំលោភកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយក្រុម P5 + 1 (រួមមានប្រទេសសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិនិងអាល្លឺម៉ង់) ហើយត្រូវបាន ស្គាល់ដល់ថា ជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA)។ ការវិវឌ្ឍន៍នេះឆ្លុះបញ្ចាំងជាថ្មីម្តងទៀត អំពីលក្ខណៈស្មុគស្មាញនៃដំណើរការនុយក្លេអ៊ែរអ៊ីរ៉ង់ទោះបីមានសញ្ញាវិជ្ជមានជាច្រើនទាក់ទងនឹងបញ្ហានេះ ដែលត្រូវលេចចេញជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះក៏ដោយ។

សញ្ញាវិជ្ជមាន

ចំពោះមុខសេចក្តីជូនដំណឹងរបស់ IAEA បានលេចចេញសញ្ញាសុទិដ្ឋិនិយមជាច្រើនអំពីលទ្ធភាពបើកឱកាសសម្រាប់ការស្តារនិងការប្រតិបត្តិ JCPOA។ ក្នុងនោះប្រការគួរអោយកត់សម្គាល់បំផុតគឺកាយវិការពីរដ្ឋអំណាចថ្មីរបស់អាមេរិក។ ជាក់ស្តែង មន្ត្រីជាន់ខ្ពស់អាមេរិករួមទាំងប្រធានាធិបតី Joe Biden បានបញ្ជាក់ម្តងហើយម្តងទៀតថា នឹងជំរុញការអនុវត្ត JCPOA ដោយដើរបញ្ច្រាសគោលនយោបាយដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ យោងទៅតាមសេចក្តីសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាណត្តិមុន លោក Donald Trump។ កាលពីថ្ងៃទី ៤ ខែមីនាកន្លងមក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនរង់ចាំការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ដើម្បីចូលរួមក្នុងកិច្ចចរចា ដោយគោមបំណងសម្រេចបាននូវវឌ្ឍនភាពច្បាស់លាស់លើបញ្ហានានានៃក្នុងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។

ក្នុងពេលជាមួយគ្នានោះ ភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាសហភាពអឺរ៉ុប (EU) ដែលមានបារាំងនិងអាល្លឺម៉ង់ជាប្រមុខ ក៏បានដាស់តឿនដល់អ៊ីរ៉ង់និងភាគីពាក់ព័ន្ធឲ្យគោរពនិងអនុវត្តន៍កិច្ចព្រមព្រៀងនេះ។ តំណាងអចិន្រ្តៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុង Vienna (អូទ្រីស)  Mikhail Ulyanov នៅថ្ងៃទី ៧ ខែមីនាក៏បានប្រកាសថា ទីក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយអាមេរិកនិងបណ្តាប្រទេសដែលចូលចុះហត្ថលេខាលើ JCPOA ដើម្បីស្ដារទាំងស្រុងកិច្ចព្រមព្រៀងនេះ។

ចំណែកលោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ នៅថ្ងៃទី ៥ ខែមីនាបានអះអាងថា អ៊ីរ៉ង់នឹងដាក់ចេញផែនការសកម្មភាពដែលមានលក្ខណៈស្ថាបនាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ របស់ក្រុងតេ ហេរ៉ង់។ សេចក្តីប្រកាសរបស់លោក Zarif បាននាំចេញបន្ទាប់ពីប្រភពព័ត៌មានការទូតអឺរ៉ុបបានបង្ហាញថា អ៊ីរ៉ង់បានបញ្ចេញសញ្ញាវិជ្ជមាន ឆ្ពោះទៅរកសំណើរបើកកិច្ចចរចាក្រៅផ្លូវការស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ ឱកាសថ្មី បញ្ហាប្រឈមចាស់ - ảnh 2អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិលោក Rafael Mariano Grossi (ខាងស្តាំ) និងអ្នកនាំពាក្យរបស់ទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI) Behrouz Kamalvandi នៅក្នុងជំនួបមួយនៅទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ AP)

ច្បាស់ណាស់ថា ការស្តារឡើងវិញនៃ JCPOA ដែលធ្លាប់បានគេហៅថា  “កិច្ចព្រមព្រៀងសតវត្ស” កំពុងទទួលបានការចាប់អារម្មណ៍ពីភាគីពាក់ព័ន្ធជាច្រើន ដោយបើកចេញក្តីសង្ឃឹមថា បញ្ហានេះនឹងបន្តត្រូវបានលើកកម្ពស់ជាក់ស្តែង។ យ៉ាងណាមិញ ប្រការនេះមិនមែនមានន័យថា យថាទស្សន៍ដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានប្រែក្លាយទៅជាច្បាស់នោះទេ ពីព្រោះ នៅតែមានឧបសគ្គនិងបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយ។

ឧបសគ្គនិងបញ្ហាប្រឈមមុខ

យោងតាមអ្នកវិភាគ ឧបសគ្គធំបំផុតក្នុងការស្តារ JCPOA ក៏ដូចជាជំរុញការអនុវត្តកិច្ចព្រមព្រៀងនេះគឺការបំពេញលក្ខខណ្ឌរបស់ភាគីពាក់ព័ន្ធ។ រហូតមកដល់ពេលនេះ ទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនលើបញ្ហានេះទេ។ ពោលគឺ អាមេរិកនៅតែប្រដេញតាមវិធីសាស្រ្តមួយ នោះគឺ អ៊ីរ៉ង់ត្រូវតែគោរពតាមរាល់ការសន្យាដែលបានចែងក្នុងកិច្ចព្រមព្រៀងមុននោះសិនទើបពិចារណាលើបទដកទណ្ឌកម្ម។ ទស្សនៈនេះត្រូវបានរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បញ្ជាក់ឡើងវិញនៅថ្ងៃទី ៤ ខែមីនា ដោយប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបន្ធូរបន្ថយបទដាក់ទណ្ឌកម្ម ប្រសិនបើទីក្រុង តេអេរ៉ង់ពិតជាគោរពតាមរាល់ការសន្យាក្នុងកិច្ចព្រមព្រៀង។

ផ្ទុយទៅវិញ អ៊ីរ៉ង់ការពារជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ដែលថា ត្រូវដកចេញរាល់បទដាក់ទណ្ឌកម្មមុនពេលដំណើរការកិច្ចចរចារ។  ចុងក្រោយ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៨ មិនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានបញ្ជាក់ថា អ៊ីរ៉ង់នឹងស្តារវិធានការដែលខ្លួនបានអនុម័ត ដើម្បីកាត់បន្ថយកាតព្វកិច្ចចែងក្នុងកិច្ចព្រមព្រៀង ប្រសិនបើភាគីអាមេរិកដកវិធានការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ប្រកប ដោយប្រសិទ្ធភាព។

ចំពោះការដែលទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែប្តេជ្ញាប្រដេញតាមវិធីសាស្រ្តបញ្ច្រាសដែលឆ្លុះបញ្ចាំងពីការពិត ថា ការទុកចិត្តគ្នារវាងភាគីនានា មិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ ប្រការនេះតម្រូវឱ្យគ្រប់ភាគីទាំងអស់ត្រួវខិតខំប្រឹងប្រែងថែមទៀត តាមរយៈសកម្មភាពសុច្ឆន្ទៈជាក់ស្តែងថែមទៀត ទើបអាចសង្ឃឹមថា នឹងនាំកិច្ចព្រមព្រៀង JCPOA វិលត្រឡប់មករកគន្លងត្រឹមត្រូវវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ