កិច្ចសហប្រតិបត្តិការ៖ កត្តាដ៏សំខាន់ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសអាស៊ី

(VOVWORLD) - នៅកិច្ចប្រជុំអន្តរជាតិអំពីអនាគតទ្វីបអាស៊ី (FOA ២០២១) ដែលទើបតែបានបញ្ចប់នៅចុងសប្ដាហ៍កន្លងទៅ ថ្នាក់ដឹកនាំអាស៊ីនានាបានបង្ហាញការមូលមតិជាឯកឆ័ន្ទខ្ពស់អំពីការរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ហើយបង្កើនកិច្ចសហប្រតិ បត្តិការដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនេះផងដែរ។ ប្រការនេះបានចូលរួមចំណែកចាក់គ្រឹះសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពនិងបរិយាប័ន្ននៅពេលអនាគត។

កិច្ចប្រជុំអន្តរជាតិអំពីអនាគតទ្វីបអាស៊ី (FOA ២០២១) ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Nikkei រៀបចំឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២០ដល់ទី២១ ខែឧសភា ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍន៍យ៉ាងលឿន ស្មុគស្មាញ ពិបាកទាយទុកជាមុន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនលើពិភពលោក។

កិច្ចសហប្រតិបត្តិការ៖ កត្តាដ៏សំខាន់ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសអាស៊ី - ảnh 1កិច្ចប្រជុំ FOA ២០២១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ ក្រសួងការបរទេស)

ទុកការខ្វែងគំនិតនៅមួយអន្លើដើម្បីសាមគ្គីគ្នាជំនះលើជម្ងឺរាតត្បាត

អង្គប្រជុំបានចាត់ទុកថា ជម្ងឺកូវីដ ១៩ បានបង្ហាញកាន់តែច្បាស់នូវបញ្ហានានាដែលទ្វីបអាស៊ីកំពុងរងការប្រឈមដូចជា គម្លាតអភិវឌ្ឍអំពីរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា; បញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីដូចជាគ្រោះមហន្តរាយធម្មជាតិ ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជាដើម។ ជម្ងឺរាតត្បាតក៏បានផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅនូវសណ្ដាប់ធ្នាប់ រចនាសម្ព័ន្ធសេដ្ឋកិច្ច វិធីសាស្ត្រអភិបាលកិច្ចសកល វិធីប្រតិបត្តិការសេដ្ឋកិច្ច និងការរៀបចំជីវភាពសង្គមរបស់ពិភពលោកផងដែរ។ ជាងពេលណាៗទាំងអស់ នេះជាពេលវេលាដែលទាមទារឲ្យប្រទេសទាំងឡាយត្រូវទុកការខ្វែងគំនិតនៅមួយអន្លើ ដើម្បីសាមគ្គី រួបរួមគ្នា ជួយគាំទ្រគ្នាទៅវិញទៅមក សំដៅជំនះពុះពារលើជម្ងឺរាតត្បាត។

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឺងជម្ងឺរាតត្បាតកូវីដ ១៩ ក្នុងនោះធានាការទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសមភាព។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ចាត់ទុកថា អាស៊ីត្រូវឈានមុខគេក្នុងការលុបចោលការការពារប៉ាតង់ដើម្បីជួយផលិតថ្នាំព្យាបាលដោយមានតម្លៃថោកជាង សម្រាប់ជម្ងឺធ្ងន់ធ្ងរ ចាប់ពីកូវីដ ១៩ រហូតដល់ HIV/AIDS ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការផ្លាស់ប្ដូរ “វិធីអភិក្រមដោយមានលក្ខណៈជាតិនិយមសុទ្ធសាធ” ដើម្បីវិនិយោគចូលសុខាភិបាលដូចនឹងទំនិញសាធារណៈជាសកលមួយប្រភេទអញ្ចឹង។ ចែករំលែកទស្សនៈដូចគ្នា នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha បានអំពាវនាវឲ្យថ្នាក់ដឹកនាំលើពិភពលោកចាត់ទុកវ៉ាក់សាំងបង្ការ កូវីដ ១៩ ជា “ទំនិញរួមជាសកល” មួយប្រភេទ។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានសន្យា “នឹងបន្តខិតខំប្រឹងប្រែងដើម្បីធានាសមភាពក្នុងការទទួលវ៉ាក់សាំងដោយមានសុវត្ថិភាពនិងប្រសិទ្ធភាពលើទូទាំងពិភពលោក ក្នុងនោះមានប្រទេសកំពុងអភិវឌ្ឍផងដែរ”។ លោកនាយករដ្ឋមន្រ្តី Suga ឲ្យដឹងថា រាល់ការខិតខំប្រឹងប្រែងនេះរួមមានការធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូនៅខែមិថុនាដើម្បីពិភាក្សាអំពីវ៉ាក់សាំងបង្ការ កូវីដ ១៩ ដែលនៅកិច្ចប្រជុំនោះ លោកនឹងអំពាវនាវឲ្យមានការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាពីប្រទេសនីមួយៗក្នុងការបង្កើនថវិកាឧបត្ថម្ភ សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយឥតគិតថ្លៃជូនប្រទេសដែលមានតម្រូវការនានា។ លើសពីនេះទៅទៀត ជប៉ុននឹងជួយឧបត្ថម្ភការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់ចាំបាច់ក្នុងការដឹកជញ្ជូននិងចែកចាយវ៉ាក់សាំងផងដែរ។

កិច្ចសហប្រតិបត្តិការ៖ កត្តាដ៏សំខាន់ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសអាស៊ី - ảnh 2នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ VNA)

បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មី

ទាក់ទងនឹងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាត នៅ FOA ២០២១ ថ្នាក់ដឹកនាំអាស៊ីបានរំលេចភាពចាំបាច់នៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មី។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កាលៈទេសៈពិសេសទាមទារឲ្យមានសកម្មភាពដ៏ខ្លាំងក្លានិងប្ដូរផ្ដាច់។ អាស៊ីគួរតែមានក្របខ័ណ្ឌសហប្រតិបត្តិការថ្មី ដោយមានជំហានលោតផ្លោះចាំបាច់ដើម្បីជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងអំឡុងពេលមានជម្ងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងខ្លឹមសារសហប្រតិបត្តិការចំនួន៦ ក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដោយមានគុណភាពខ្ពស់; ជំរុញដំណើរការសហប្រតិបត្តិការ ធ្វើសមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ចប្រកបដោយសមភាព ប្រសិទ្ធភាពក្នុងទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី សំដៅធានាលំហូរពាណិជ្ជកម្ម វិនិយោគនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្ដូរឌីជីថល ជាដើម។

ចែករំលែកទស្សនៈនេះដែរ ក្នុងសុន្ទរកថាក្រោមប្រធានបទ “ម៉ាគ៌ាសមាហរណកម្មនៃទ្វីបអាស៊ី” នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានបញ្ជាក់ថា ការរក្សាស្ថិរភាពតំបន់ គឺជាបុព្វបទសម្រាប់ការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីទាំងអស់។ ប៉ាគីស្ថានបានសម្ដែងនូវក្ដីសង្ឃឹមពីការកសាងទំនាក់ទំនងដោយមានលក្ខណៈសហប្រតិបត្តិការនិងសន្តិភាព ជាមួយប្រទេសជិតខាងទាំងឡាយ ក្នុងនោះត្រូវការស្ថាបនាបរិយាកាសសន្ទនាដោយមានលក្ខណៈសន្តិភាព ដើម្បីដោះស្រាយជម្លោះ។

ប្រទេសអាស៊ីភាគច្រើនបានអះអាងថា ត្រូវការជំរុញកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈមដែលបង្កឡើងដោយជម្ងឺរាតត្បាត។ ប្រការសំខាន់នាបច្ចុប្បន្ននេះ គឺបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មីឲ្យបានឆាប់ ដោយមានជំហានលោតផ្លោះចាំបាច់។ ក្នុងដំណើរការនេះ សាមគ្គីភាពគឺជាកូនសោរដែលជួយប្រទេសទាំងអស់ “រួមដៃគ្នាកសាងទ្វីបអាស៊ីក្នុងយុគសម័យក្រោយកូវីដ ១៩”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ