កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OECD កាន់តែមានប្រសិទ្ធភាព​ជាក់ស្ដែង​ពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងទិសដៅប្រកបដោយមានប្រសិទ្ធភាពជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ វៀតណាមក៏កំពុងបន្តរួមចំណែកយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដ៏មានតម្លៃជាច្រើន ជួយជំរុញកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD តាមនោះលើកកម្ពស់គុណភាពធ្វើកំណែទម្រង់គំរូសេដ្ឋកិច្ចក្នុងតំបន់។
កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OECD កាន់តែមានប្រសិទ្ធភាព​ជាក់ស្ដែង​ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ TTXVN

កិច្ចសហប្រតិបត្តិការកាន់តែមានគុណភាពជាង

នាខែមីនា ឆ្នាំ ២០០៨ វៀតណាមបានក្លាយទៅជាសមាជិកនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ OECD ជាផ្លូវការ ហើយចាប់តាំងពីឆ្នាំ ២០១២ មក វៀតណាមតែងតែកសាងផែនការសហប្រតិបត្តិការទ្វេភាគីជាមួយ OECD តាមដំណាក់កាលនីមួយៗ៖ ២០១២-២០១៥; ២០១៦-២០២០ និង ២០២១-២០២៥។ ដោយប្រកាន់ខ្ជាប់នូវទិសដៅ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលបានប្តេជ្ញាចិត្ត វៀតណាម និង OECD បានសហការគ្នាសិក្សាស្រាវជ្រាវ កសាងរបាយការណ៍ជាង ១០ លើវិស័យ និងកម្រិតផ្សេងៗគ្នា។ ក្នុងដំណាក់កាល ២០១៩-២០២០ ក្រសួងការបរទេស និងក្រសួងផែនការ និងវិនិយោគបានដឹកនាំ និងសម្របសម្រួលជាមួយ OECD កសាងរបាយការណ៍ "ការវាយតម្លៃពហុវិស័យរបស់វៀតណាម" (MDR)។ នេះគឺជាឯកសារដ៏ល្អិតល្អន់ដែលមានតម្លៃសិក្សាហើយជាការស្រាវជ្រាវធាតុចូលដ៏មានប្រយោជន៍សម្រាប់ដំណើរការកសាងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ (២០២១-២០៣០) និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) នៅវៀតណាម។ លើសពីនេះ ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ វៀតណាម និង OECD បានចរចាកសាងកម្មវិធីជាតិ រួមមានគម្រោងសហប្រតិបត្តិការជាក់ស្ដែងចាប់ពី ៨ ទៅ ១០ ដែលបានអនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំ (២០២០-២០២៣)។

កម្មវិធីជាតិគឺជាកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់របស់ OECD ជាមួយប្រទេសដែលមិនមែនជាសមាជិក ពោលគឺមិនត្រឹមតែរួមបញ្ចូលនូវអនុសាសន៍ និងការផ្ដល់ប្រឹក្សាគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភដល់ដំណើរការអនុវត្តន៍គោលនយោបាយទៀតផង។

អញ្ជើញថ្លែងមតិក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ឆ្នាំនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា) ដោយប្រធានបទ “វិនិយោគប្រកបដោយនិរន្តរភាព និងគុណភាព៖ កម្លាំងចលករថ្មី សម្រាប់ទំនាក់ទំនងភាពជាដៃគូ” OECD-អាស៊ីអាគ្នេយ៍” នោះ អគ្គលេខាធិការ OECD លោក Mathias Cormann បានឲ្យដឹងថា៖  វៀតណាមគឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការពិសេស និងគុណភាពកាន់តែមានឯកទេស និងគុណភាពរវាងOECD ជាមួយប្រទេសដទៃទៀត៖

“ឧទាហរណ៍មួយគឺសេចក្ដីណែនាំស្តីពីការវាយតម្លៃលើខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយមាន ការទទួលខុសត្រូវសម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងស្បែកជើងវៀតណាម ដែលត្រូវបានបង្កើតឡើងដោយ OECD បានឆ្លើយតបតាមការរំពឹងទុកច្បាស់លាស់ ព្រមទាំងធានាការគោរពចំពោះការអភិវឌ្ឍប្រកបដោយចីរភាពអំពីបរិស្ថាន និងសង្គម”។

កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង OECD កាន់តែមានប្រសិទ្ធភាព​ជាក់ស្ដែង​ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 2លោក Mathias Cormann អគ្គលេខាធិការ OECD ។ រូបថត៖ TTXVN

រួមចំណែកយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការ OECD-អាស៊ាន

មិនត្រឹមតែលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ OECD ប៉ុណ្ណោះទេ វៀតណាមក៏កាន់តែម្ចាស់ការ សកម្មរួមចំណែកច្រើន ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាង OECD និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែល OECD បានប្រកាសកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ (SEARP) សំដៅជួយឧបត្ថម្ភដល់ដំណើរការកំណែទម្រង់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសក្នុងតំបន់ វៀតណាមតែងតែជាសមាជិកដ៏សកម្ម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានរៀបចំព្រឹត្តិការណ៍សន្ទនាគោលនយោបាយសំខាន់ៗជាច្រើនរវាង OECD និងអាស៊ាន ដូចជា៖ វេទិកា “លើកកំពស់ផលិតភាពផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅអាស៊ីអាគ្នេយ៍” (ខែមុថុនា ឆ្នាំ២០១៦); វេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ (ខែតុលា ឆ្នាំ ២០២២) នៅទីក្រុងហាណូយ ស្តីពី "ការតភ្ជាប់ក្នុងតំបន់៖ ជំរុញទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ពឹងលើខ្លួនឯង និងនិរន្តរភាព" និងវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ឆ្នាំនេះ ដោយប្រធានបទស្ដីពីការវិនិយោគប្រកបដោយនិរន្តរភាព និងគុណភាព។

រួមជាមួយអូស្ត្រាលី វៀតណាមបច្ចុប្បន្នជាសហប្រធាន SEARP អាណត្តិ ២០២២-២០២៥។ ក្នុងតួនាទីនេះ វៀតណាមតែងតែរួមចំណែកយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម។ នាពេលថ្មីៗនេះ ក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រី OECD-អាស៊ីអាគ្នេយ៍ ដែលបានបើកនាថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានស្នើនូវទិសដៅចំនួន ៥ ដើម្បីជំរុញការវិនិយោគរបស់ OECD-អាស៊ាន ព្រមទាំងបង្ហាញពីទស្សនវិស័យវិនិយោគរបស់វៀតណាម ដោយចាត់ទុកប្រការនេះ គឺជាការរួមចំណែកដល់ការពិភាក្សាស្ដីពីការវិនិយោគប្រកបដោយនិរន្តរភាព និងគុណភាពរវាង OECD និងអាស៊ាន៖

 “ទី១ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន។ ទី២ គឺរួមដំណើរជាមួយអង្គភាពអាជីវកម្មដើម្បីជម្នះពុះពារលើការលំបាក។ ទី៣ គឺបង្កើតបរិយាកាស ប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងអាជីវកម្ម ប្របដោយសមភាព តម្លាភាព ស្អាតស្អំ និងនិរន្តរភាព។ យើងខ្ញុំជឿជាក់ថា ប្រការទាំងនេះនឹងជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយគុណភាពខ្ពស់រវាងវៀតណាម និង OECD និងបណ្តាប្រទេសអាស៊ាន”។

OECD បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានធ្វើកំណែទម្រង់យ៉ាងប្ដូរផ្ដាច់បំផុតហើយមានការរីកគួរឲ្យកត់សម្គាល់ក្នុងបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ក៏ដូចជាការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC)។ ប្រការនេះគឺជាកត្តាដែលជួយវៀតណាមកាន់តែពង្រីកតួនាទីរបស់ខ្លួនក្នុងការជះឥទ្ធិពលដល់គោលនយោបាយកំណែទម្រង់សំខាន់ៗក្នុងតំបន់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ