(VOVWORLD) - ការរីករាលដាលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៃរោគរាត ត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់បណ្កាប្រទេសនៅលើពិភពលោក ដែលបង្ខំឲ្យប្រទេសជាច្រើនត្រូវចាត់វិធានការយ៉ាងតឹងរឹង រួមទាំងការកែសម្រួល គោលនយោបាយ កិច្ចការបរទេស ដែលមិនធ្លាប់មានតាំងពីមុនមក។
នាថ្ងៃទី ១៦ ខែមីនានាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orbán បានប្រកាសថាហុងគ្រីនឹងបិទព្រំដែនសម្រាប់មធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទ មានតែពលរដ្ឋហុងគ្រីប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេស (រូបថតៈ AFP / TTXVN) |
នៅពេលបច្ចុប្បន្ននេះ ជំងឺរាតត្បាត Covid-19 បានរីករាលដាលដល់ប្រទេសនិងតំបន់ដែនដីជិត ១៨០ នៅទូទាំងពិភពលោក ដែលមានអ្នកឆ្លងជាង ២៤៥.០០០ នាក់ និងបានសម្លាប់មនុស្សជាង ១០.០០០នាក់។ ប្រទេសជាច្រើនមានអត្រាអ្នកស្លាប់ខ្ពស់ណាស់ ដូចជាអ៊ីតាលីនិងអ៊ីរ៉ង់ផងដែរ។ ជំងឺរាតត្បាតបានជះឥទ្ធិ ពលយ៉ាងខ្លាំងទៅលើស្ទើរតែគ្រប់វិស័យទាំងអស់ ពោលគឺទាំងសេដ្ឋកិច្ច វប្បធម៌ កីឡាទេសចរណ៍ រហូតដល់កិច្ចការបរទេសនៃប្រទេសជាច្រើនទៀតផង។ ដើម្បីទប់ទល់នឹងការរាតត្បាតនេះ ក្រៅពីវិធានការផ្ទៃក្នុងយ៉ាងតឹងរឹង ដូចជាហាមឃាត់ការប្រមូលផ្តុំមនុស្សចំនួនច្រើន ហ៊ុំព័ទ្ធខុនដូ ការផ្អាកសកម្មភាពកីឡានិងវប្បធម៌ដោយគ្មានកាលកំណត់ ឬបិទសាលារៀនមក ប្រទេសជាច្រើនក៏បានអនុវត្តវិធានការណ៍កិច្ចការបរទេសយ៉ាងចាស់ដៃដែលមិនធ្លាប់មានពីមុនមក ដូចជាការបិទព្រំដែន ហាមឃាត់ការឆ្លងដែន ហាមឃាត់ការហោះហើរ ក៏ដូចជារឹតត្បិតការនាំចេញម៉ាសសុខាភិបាលនិងឧបករណ៍សម្រាប់ផ្គត់ផ្គង់វេជ្ជសាស្រ្តជាដើម។
បិទព្រំដែន ហាមឃាត់ការឆ្លងដែន
ការកែសម្រួលផ្នែកកិច្ចការបរទេសមានឥទ្ធិពលបំផុតមួយដែលបានប្រទេសរាប់សិបអនុវត្តន៍ក្នុងកំឡុងពេលនេះ គឺជាការបិទព្រំដែន។ ព្រឹត្តិការណ៍ដ៏សំខាន់បំផុតនោះគឺ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការបិទព្រំដែនទាំងមូលនៃប្រទេសចំនួន ៣០ ក្នុងនោះមានប្រទេសជាសមាជិក EU ចំនួន ២៦ និងប្រទេស នៃប្លុក Schengen ទៀតផង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១៧ ខែមីនាតទៅ។ បច្ចុប្បន្ន អឺរ៉ុបកំពុងជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាត ដោយមានករណីឆ្លងថ្មីៗរាប់ពាន់ ដែលត្រូវបានកត់ត្រាទុកជារៀងរាល់ថ្ងៃ។
ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកនិងកាណាដាក៏បានឯកភាពបិទព្រំដែនរវាងប្រទេសទាំងពីរ ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺដែរ។ មុននោះ រុស្ស៊ីក៏បានសម្រេចចិត្តបិទព្រំដែន ដោយហាមឃាត់ជនបរទេសមិនឲ្យចូលមករុស្ស៊ីពីម៉ោង សូន្យ ថ្ងៃទី ១៧មីនា ដល់ថ្ងៃទី ១ខែឧសភា។
ថ្មីៗនេះ នៅថ្ងៃទី ១៩ ខែមីនា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តបិទព្រំដែនដោយហាមឃាត់រាល់ការឆ្លង ដែនរបស់ជនបរទេស។ ក្រឹត្យនេះចូលជាធរមានចាប់ពីយប់ថ្ងៃទី ២០ ខែមីនា។ វិធានការដូចគ្នានេះ ត្រូវបានអាជ្ញាធរតៃវ៉ាន់ប្រកាសមុននោះមួយថ្ងៃផងដែរ។
ប្រទេសផ្សេងទៀត ដូចជា អាហ្សង់ទីន ឈីលី ហ្គាតេម៉ាឡា (Guatemala) ទុយនេស៊ី (Tunisia) និងស៊ូដង់ ជាដើម ក៏បានអនុវត្តន៍ការបិទព្រំដែនគោកទាំងមូល ដោយចាត់ទុកថាជាវិធានការចាំបាច់ ដើម្បីការពារការរីករាលដាលនៃរោគរាតត្បាត Covid-19។ ក្រៅពីនេះ មានប្រទេសជាច្រើនបាននិងកំពុងអនុវត្តការបិទព្រំដែនមួយផ្នែក ដើម្បីទប់ទល់នឹងជំងឺរាតត្បាត។ សូមគូសបញ្ជាក់ថា ការហាមឃាត់ការឆ្លងដែននិងបិទព្រំដែន ត្រូវបានប្រទេសនានាអនុវត្តន៍ បន្ទាប់ពីការដែលអង្គការសុខភាពពិភពលោក (WHO) បានប្រ កាសថា Covid-19 ជាជំងឺរាតត្បាតជាសកល កាលពីថ្ងៃទី ១៣ ខែមីនាកន្លងមក។
ហាមឃាត់ការហោះហើរ រឹតបន្តឹងលក្ខខណ្ឌឆ្លងដែននិងដាក់កំហិតលើការនាំចេញឧបករណ៍វេជ្ជសាស្ត្រ
ការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តហោះហើរដ៏ចម្រូងចម្រាសបំផុតនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 របស់ប្រទេសនានាគឺការហាមឃាត់ការហោះហើរពីអឺរ៉ុបទៅកាន់អាមេ រិករបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ ហេតុដូច្នេះ នាថ្ងៃទី ១១ ខែមីនា ប្រធានាធិបតីលោក Donald Trump បានប្រកាស ផ្អាកទាំងស្រុង រាល់ការធ្វើដំណើរពីអឺរ៉ុបមកកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ ថ្ងៃ ដើម្បីរាំងស្កាត់ការរីករាលដាលនៃ Covid-19។ សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន បានជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសអឺរ៉ុប ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តនិងជាដៃគូសំខាន់របស់សហរដ្ឋអាមេរិក។
អ្នកដំណើរដែលវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ ត្រូវបានត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ដើម្បីរាំងស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅព្រលានយន្តហោះអន្តរជាតិ Incheon នៃប្រទេសកូរ៉េខាងត្បូង (រូបថតៈ YONHAP/TTXVN) |
ក្រៅពីសហរដ្ឋអាមេរិក ការហាមឃាត់ការហោះហើរទៅវិញទៅមកពីផ្នែកដំបន់ដែនដីខ្លះឬពីប្រទេសទាំង មូល ក៏ត្រូវបានប្រទេសរាប់សិបអនុវត្តន៍ផងដែរ ពោលគឺ ក្នុងអំឡុងពេលជំងឺរាតត្បាតត្រូវផ្ទុះឡើងយ៉ាងខ្លាំង នៅទីក្រុងវូហាន (ខេត្តហ៊ូប៉ីប្រទេសចិន) ឬ ទីក្រុង Daegu (ប្រទេសកូរ៉េខាងត្បូង) ជាដើម។
ទន្ទឹមជាមួយគ្នានោះ ប្រទេសជាច្រើនបានអនុវត្តវិធានការណ៍មិនសូវខ្លាំង ប៉ុន្តែក៏បានបង្ហាញពីការកែ សម្រួលគួរឲ្យកត់សម្គាល់នៅក្នុងគោលនយោបាយការបរទេសបណ្តោះអាសន្ន នោះគឺ រឹតបន្តឹងលក្ខខណ្ឌឆ្លងដែន។ ក្នុងនោះ សេចក្តីសម្រេចចិត្តរបស់ជប៉ុនក្នុងការរឹតបន្តឹងលក្ខខណ្ឌឆ្លងដែន សម្រាប់ជនជាតិកូរ៉េខាងត្បូង កំពុងទាក់ទាញការយកចិត្តទុកដាក់ពិសេសពីសាធារណជន ពីព្រោះទង្វើនេះ បង្កើនភាពតាន តឹងកាន់តែធ្ងន់ធ្ងរជាង ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមស្ថិតិមិនទាន់ពេញលេញថា ចំនួនប្រទេសដែលកែសម្រួលលក្ខខណ្ឌឆ្លងដែន ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid-19 បានឡើងរហូតដល់រាប់រយប្រទេស។ ប្រការនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏គ្រោះថ្នាក់របស់មនុស្សជាតិ។
ក្រៅពីនោះ ប្រទេសជាច្រើនបានជ្រើសរើសវិធានការ ដាក់កំហិតនៃការនាំចេញឧបករណ៍វេជ្ជសាស្រ្ត ដើម្បីបម្រុងទុកទប់ទល់នឹងជំងឺឆ្លង ដោយលះបង់ប្រយោជន៍សេដ្ឋកិច្ចនិងសូម្បីតែកិត្យានុភាពការទូតអន្តរជាតិទៀតផង។
យោងតាមអ្នកវិភាគថា ការកែសម្រួលគោលនយោបាយការបរទេសរបស់ប្រជាជាតិនានាដើម្បីដោះស្រាយជាមួយនឹងមហាជំងឺរាតត្បាតរបស់មនុស្សជាតិគឺចាំបាច់ណាស់។ ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែ វិធានការទាំងអស់ដូចដែលបានពោលខាងលើ កំពុងបង្កកំហិតលើកិច្ចសហប្រតិបត្តិការពិភពលោក ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាគន្លឹះមួយក្នុងការរាំងស្កាត់ជំងឺរាតត្បាត៕