ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់នៅតំបន់ឈូងសមុទ្រពែក្ស

(VOVWORLD) - នាថ្ងៃទី២០ ខែមិថុនា អាមេរិកនិងអ៊ីរ៉ង់បានខិតជិតមកដល់ ចំណោតច្រាំងនៃសង្គ្រាមមួយ នាពេលដែលអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មាន អ្នកបើកបរមួយរបស់អាមេរិកនៅជិតច្រកទ្វារសមុទ្រ Hormuz។

ភាពតានតឹង បានកើនឡើងដល់កំពូល បើទោះបីជាមិនកើតមានឡើងការវាយប្រហារ ដោយអំពើហឹង្សាណាមួយដែលតម្រង់ទៅលើអ៊ីរ៉ង់ឡើយក្ដី ប៉ុន្តែអាមេរិកបាន ដំណើរការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិតដែលធ្វើអោយស្ទះដំណើរនៃ ប្រព័ន្ធគ្រប់គ្រងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ ថែមទាំងបានប្រកាសបទដាក់ទណ្ឌកម្មបំពេញ បន្ថែមនានាទៀតផង។ នាគ្រានោះ ភាពតានតឹងនៅមិនទាន់បន្ធូរស្រាលទេ ហើយជំនួប ចរចាទៅវិញទៅមក ក៏មិនអាចនាំមកនូវប្រសិទ្ធភាពដូចការរំពឹងទុក ផងដែរ។

        ចាប់តាំងពីខែមេសាមក ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែអាក្រក់ទៅៗ នាពេលដែលវ៉ាស៊ីនតោនបានបញ្ចប់ស្ថានភាពលើកលែងទណ្ឌកម្ម ហើយ ដាក់បទហ៊ុំព័ទ្ធទៅលើសកម្មភាពនាំចេញប្រេងទាំងអស់របស់អ៊ីរ៉ង់។ ក្នុងពេល ជាមួយគ្នានោះ តេអេរ៉ង់បានគំរាមកំហែងថា ប្រសិនបើការនាំចេញប្រេងរបស់គេ ត្រូវជាប់គាំង គេនឹងមិនអនុញ្ញាតអោយដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកទ្វារសមុទ្រ Hormuz ទៀតឡើយ។

        ការវាយប្រហារទៅលើនាវាដឹកប្រេងនៅឈូងសមុទ្រ Oman បានបន្តជំរុញ អោយជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរថែមទៀត។ វ៉ាស៊ីនតោនបាន ចោទប្រកាន់តេអេរ៉ង់គឺជាជនដៃដល់ ខណៈដែលប្រទេសមជ្ឈឹមបូព៌ានេះបាន អះអាងថា នោះគឺការចោទប្រកាន់ដោយគ្មានមូលដ្ឋានទេ។ ភាពតានតឹងរវាង ប្រទេសទាំងពីរត្រូវបានរុញឡើងដល់កំពូល ក្រោយពីរឿងហេតុដែលកង កម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះចារកម្មគ្មានអ្នកបើកបររបស់អាមេរិកនៅលើដែនអាកាសតំបន់ច្រកទ្វារសមុទ្រ Hormuz កាលពីថ្ងៃទី២០ ខែ មិថុនា។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានត្រៀមរៀបចំបំផុស ការវាយប្រហារតបតវិញតម្រង់ទៅលើប្រទេសអ៊ីស្លាមនេះ ប៉ុន្តែលោកបានផ្លាស់ ប្ដូរគំនិតនាគ្រាចុងក្រោយវិញ ដោយបន្តដាក់ទណ្ឌកម្មថែមទៀតទៅលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃ ទី២៤ ខែមិថុនាជំនួសវិញ។

       គ្រោះអាសន្នអំពីការប្រឈមមុខដាក់គ្នាខាងយោធាដ៏ធំមួយ?

        រហូតមកដល់ពេលនេះ ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោកមិនមានចេតនាទៅឈានរកសង្គ្រាមមួយប្រឆាំងនឹងអ៊ីរ៉ង់ ឡើយ ខណៈដែលអ៊ីរ៉ង់ក៏បានបង្ហាញនូវទស្សនៈមិនចង់ផ្ទុះឡើងសង្គ្រាមក៏ដោយ ប៉ុន្តែរាល់ការថ្លែងដ៏តឹងរឹងពីភាគីទាំងពីរក៏ដូចជាបទដាក់ទណ្ឌកម្មថ្មី បានសរ អោយឃើញថា គ្រោះអាសន្នផ្ទុះឡើងការប្រឈមមុខដាក់គ្នារវាងអាមេរិកនិង អ៊ីរ៉ង់គឺនៅធំណាស់។ ស្ថាប័នអាកាសចរណ៍សហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន អាកាសចរណ៍អាមេរិកទាំងអស់ដំណើរការជើងហោះហើរឆ្លងកាត់ដែនអាកាស ក្រោមការគ្រប់គ្រងរបស់តេអេរ៉ង់នៅច្រកទ្វារសមុទ្រ Hormuz និងឈូងសមុទ្រ Oman។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់បានព្រមានអាមេរិកថា អំពើបង្ករឿងហេតុ ណាក៏ដោយដែលតម្រង់ទៅលើប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ សុទ្ធតែបន្សល់ទុក នូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះផលប្រយោជន៍នានារបស់អាមេរិកនៅមជ្ឈឹមបូព៌ា។ អ្នកនាំពាក្យបញ្ជាការដ្ឋានសេនាធិការបណ្ដាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Abolfazl Shekarchi បានប្រកាសថា អ៊ីរ៉ង់នឹងដុតឆេះតំបន់ទាំងមូល ប្រសិនបើ អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តធ្វើកំហុសយោធា។

        ចំពោះមុខការវិវត្តន៍ដ៏តានតឹងពោលខាងលើ សហគមន៍អន្តរជាតិកំពុងស្វែង រកដំណោះស្រាយយ៉ាងប្រញាប់ប្រញាល់។ នាថ្ងៃទី២៤ ក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិបានអះអាងថា ភាគីទាក់ទិននានាចាំបាច់ត្រូវជៀសវាងការ ប្រឈមមុខដាក់គ្នាខាងយោធា។ មុននោះ នាថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្រ្តីទទួល បន្ទុកបញ្ហាមជ្ឈឹមបូព៌ានៃក្រសួងការបរទេសអង់គ្លេសលោក Andrew Murrison បានទៅកាន់អ៊ីរ៉ង់ដើម្បីជួបចរចាជាមួយសមត្ថកិច្ចអ៊ីរ៉ង់ផងដែរ។ ប៉ុន្តែ រាល់ការ ខិតខំប្រឹងប្រែងខាងការទូតនេះហាក់ដូចជាមិននាំមកនូវប្រសិទ្ធភាពទេ នាពេល ដែលអ៊ីរ៉ង់បានប្រកាសដោយត្រង់ៗថា នេះមិនមែនជាពេលវេលាដើម្បីសន្ទនា ជាមួយអាមេរិកទេ ដោយសារតែអ៊ីរ៉ង់មិនអាចសន្ទនាជាមួយប្រទេសមួយដែល កំពុងគំរាមកំហែងដល់ពួកគេឡើយ។

       ហានិភ័យនៃគោលនយោបាយ “នៅលើមាត់រណ្ដៅសង្គ្រាម”

        មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ទោះបីជាមានភាពតានតឹងក៏ដោយ ប៉ុន្តែ រាល់កាយវិកានាពេលថ្មីៗនេះរាប់ទាំងអាមេរិកនិងអ៊ីរ៉ង់ ត្រឹមតែសំដៅ បង្កើនសម្ពាធទៅលើគូប្រជែងប៉ុណ្ណោះ។ ពិតណាស់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនចង់មានសង្គ្រាមជាមួយអ៊ីរ៉ង់នាពេលដែលយុទ្ធនាការ ទាក់ទាញសម្លេងឆ្នោតអាណត្តិទី២បានចាប់ផ្ដើមនោះទេ។ ការវាយប្រហារដោយ យោធាមួយទៅលើអ៊ីរ៉ង់អាចនាំទៅដល់គ្រោះអាសន្នជាច្រើន។ នោះគឺការច្បាំងតបត វិញពីតេអេរ៉ង់ នឹងបណ្ដាលអោយផលប្រយោជន៍របស់អាមេរិកនិងសម្ព័ន្ធមិត្តនៅ តំបន់ត្រូវរងផលប៉ះពាល់ ហើយអាមេរិកអាចជាប់គាំងក្នុងដំណើរផ្សងព្រេង យោធាថ្មីមួយ។ ក្រៅពីនោះ ប្រសិនបើតំបន់មជ្ឈឹមបូព៌ាធ្លាក់ចូលក្នុងវិបត្តិ វានឹង ធ្វើអោយតម្លៃប្រេងឆៅកើនឡើងទូទាំងពិភពលោក តាមនោះធ្វើអោយកំណើន សេដ្ឋកិច្ចរបស់អាមេរិកធ្លាក់ចុះ ដែលជាកត្តាគន្លឹះចំពោះសម្លេងឆ្នោតរបស់ប្រជា ពលរដ្ឋអាមេរិកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

        ចំពោះភាគីអ៊ីរ៉ង់វិញ ប្រទេសនេះកំពុងសរអោយឃើញថា គេមិនទទួលយក ការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី តាមលក្ខខ័ណ្ឌដែលអាមេរិកបានដាក់ ចេញនោះទេ។ សកម្មភាពបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបររបស់អាមេរិក អាច ត្រូវបានចាត់ទុកជា “ការតថ្លៃ” របស់អ៊ីរ៉ង់មុនពេលអង្គុយក្នុងតុចរចារ។

        ដោយការដែលប្រទេសទាំងពីរសុទ្ធតែមានកាយវិកាដ៏តឹងរឹង មិនទាន់យល់ ព្រមធ្វើសម្បទាននោះ គឺការតបតគ្នាទៅវិញទៅមកនឹងកាន់តែកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។ នាគ្រានោះ ការគណនាច្រឡំមួយអាចជំរុញអោយប្រទេសទាំងពីរ ធ្លាក់ចូលក្នុងស្ថានភាពប្រឈមមុខដាក់គ្នា ដោយសារតែគោលនយោបាយ “នៅ លើមាត់រណ្ដៅសង្គ្រាម” នេះមានហានិភ័យជាច្រើនណាស់។ លើសពីនេះទៅ ទៀត ផលវិបាកនៃគោលនយោបាយនេះនឹងធ្វើអោយមជ្ឈឹមបូព៌ាអស្ថិរភាព ដែល បង្កើតឱកាសសម្រាប់កម្លាំងភេរវកម្មរស់រានឡើងវិញនិងអភិវឌ្ឍន៍ ព្រមទាំង បង្កលក្ខណៈសម្រាប់ការរត់ប្រណាំងប្រដាប់អាវុធនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ