(VOVWORLD) - ពាក្យពីរម៉ាត់ “វៀតណាម” ជាថ្មីម្ដងទៀតបានគ្របដណ្ដប់សារព័ត៌មាន ក្នុងតំបន់និងលើពិភពលោកក្នុងប៉ុន្មានថ្ងៃកន្លងទៅ ក្រោយពីរៀបចំកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៦ប្រកបដោយជោគជ័យ ក្នុងបរិបទដែលជំងឺរាត ត្បាត Covid-19 នៅតែកំពុងរីករាលដាលយ៉ាងខ្លាំងលើទូទាំងពិភពលោក។
សម្រេចបាននូវលទ្ធផលនេះគឺអាស្រ័យដោយមានការសម្របសម្រួលយ៉ាងបត់បែន ម្ចាស់ការតាមកាលៈទេសៈរបស់ប្រទេសម្ចាស់ផ្ទះ វៀតណាម ក្នុងការពិភាក្សា អំពីគោលនយោបាយដ៏សំខាន់ជាច្រើនពាក់ព័ន្ធដល់ទិសដៅអភិវឌ្ឍនិង សហប្រតិបត្តិការរបស់អាស៊ាននាពេលខាងមុខ។ លទ្ធផលនេះមិនត្រឹមតែ ជាសក្ខីភាពនៃចំណងសាមគ្គីភាពរវាងប្រទេសអាស៊ានទាំងអស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការលើកកំពស់កិត្យានុភាពរបស់ វៀតណាមក្នុងតំបន់និងលើពិភពលោកទៀតផង។
ក្រោមប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ាន” កិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៦ បានពិភាក្សាអំពីបញ្ហាជាច្រើនដែលតំបន់ កំពុងតែផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេស គឺការស្វែងរកដំណោះស្រាយ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាត Covid-19 ក៏ដូចជាការបង្កើនកិច្ច សហប្រតិបត្តិការជាមួយដៃគូនានាផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិប្រារព្ធកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ VGP) |
ចំណុចស្នូលសារព័ត៌មាននៅក្នុងនិងក្រៅតំបន់
សារព័ត៌មាននៅក្នុងនិងក្រៅតំបន់បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ តាមនោះ ថ្វីត្បិតតែ ថ្នាក់ដឹកនាំអាស៊ានមិនអាចជួបពិភាក្សាគ្នាដោយផ្ទាល់នៅវៀត ណាមក៏ដោយ ប៉ុន្តែកិច្ចប្រជុំនេះនៅតែប្រព្រឹត្តទៅធម្មតាប្រកបដោយ ប្រសិទ្ធភាព។ លទ្ធផលគឺ អង្គប្រជុំបានអនុម័តលើសេចក្ដីប្រកាស “ចក្ខុ វិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីភាពស្អិតរមួតនិងការឆ្លើយតបអាស៊ាន៖ ជំនះពុះពារលើបញ្ហាប្រឈមនិងជំរុញកំណើន” និង“សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ភាពប្រែប្រួលនៃរបៀបរបបការងារ របស់ សកលលោក” ក៏ដូចជាកំណត់ត្រាឯកសារចំនួន៩ផ្សេងទៀត។
អត្ថបទសារព័ត៌មានជាច្រើនបានដកស្រង់សុន្ទរកថារបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដោយចាត់ទុកថា ក្នុងដំណាក់កាលចាប់តាំងពីពេលនេះរហូតដល់ ដំណាច់ឆ្នាំ២០២០បញ្ហាប្រឈមចំពោះរដ្ឋាភិបាលនៃប្រទេសអាស៊ាននានានោះគឺធ្វើយ៉ាងណាដើម្បីដឹកនាំអាស៊ានឲ្យចាកចេញផុតពីសភាពការណ៍មិនអំណោយ ផលនាបច្ចុប្បន្ន។ ប្រសិនបើសម្រេចបានជោគជ័យ នេះនឹងជាសក្ខីភាពដ៏ ច្បាស់លាស់នៃរាល់តម្លៃដ៏យូរអង្វែងនិងកម្លាំងរស់ដ៏ខ្លាំងក្លារបស់សហគមន៍អាស៊ានដោយម្ចាស់ការនិងស្វាហាប់។
ដោយចំណងជើងថា”វៀតណាមកំពុងបង្ហាញនូវតម្លៃថ្មីៗក្នុងការដឹកនាំ អាស៊ាន” កាសែត Nikkei Review របស់ជប៉ុនបានវាយតម្លៃថា វៀតណាម ជាប្រទេសដែលចូលជាសមាជិកក្រោយក្នុងអាស៊ាន ប៉ុន្តែប្រទេសនេះបាន បង្ហាញយ៉ាងច្បាស់នូវតួនាទីដ៏សកម្មនិងឈានមុខគេក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានារបស់ប្លុកនេះ។
វៀតណាមក៏កំពុងក្លាយទៅជា “អ្នកណែនាំផ្លូវ” ដែលលើកយកបញ្ហា ក្ដៅគគុកនានាក្នុងតំបន់មកពិភាក្សា ដូចជាជម្លោះនៅសមុទ្រខាងកើត ឬ ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកផងដែរ។
Chanel News Asia បានចុះផ្សាយអត្ថបទដោយវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦។ អត្ថបទនេះបានអះអាងថា វៀតណាមជាចំណុចដ៏ភ្លឺមួយក្នុង ការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមានគំនិតផ្ដួចផ្ដើមដើម្បីដឹកនាំតំបន់ឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។
ប្រការដែលបង្កើតឡើងកិត្យានុភាពរបស់វៀតណាម
ជោគជ័យដែលវៀតណាមសម្រេចបាននាសព្វថ្ងៃផ្ដើមចេញពីស្មារតីរបស់សមាជិកមួយដែលមានការទទួលខុសត្រូវមិនត្រឹមតែក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះការ អភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេលឆ្ងាយជាងទៀត ក្រោយពីជម្ងឺ Covid-19។
ក្រឡែកមើលឡើងវិញ យើងអាចឃើញថា បន្ទាប់ពីជម្ងឺរាតត្បាតបាន រីករាលដាលដល់តំបន់អាស៊ានក្នុងខែមករានោះ គឺក្នុងខែកុម្ភៈភ្លាមមួយរំពិច លោក នាយករដ្ឋមន្រ្តីវៀតណាមបានចេញសេចក្ដីប្រកាសរបស់ប្រធានអាស៊ាន ហើយបន្ទាប់មកគឺកិច្ចប្រជុំនិងជំនួបពិគ្រោះយោបល់ជាច្រើនត្រូវបានរៀបចំឡើងតាមអនឡាញ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងនិងក្រៅតំបន់ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ វៀតណាមបានរៀបចំជំនួបពិគ្រោះ យោបល់ថ្នាក់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីជាច្រើនរវាងប្រទេសនានាក្នុងតំបន់ក៏ដូច ជា ជាមួយប្រទេសដៃគូផ្សេងៗទៀតដូចជា អាមេរិក ចិន រុស្ស៊ី និង សហ ភាពអឺរ៉ុបផងដែរ។
ហើយសំខាន់បំផុត កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ត្រូវបានរៀបចំ ឡើងប្រកបដោយជោគជ័យ បានអះអាងសារជាថ្មីម្ដងទៀតនូវស្មារតីសាមគ្គី ភាព ឆន្ទៈនយោបាយដ៏ខ្លាំងក្លានិងការប្ដេជ្ញាជំនះពុះពារលើការលំបាក លំបិនដើម្បីបោះជំហានទៅមុខរបស់ប្រទេសអាស៊ានទាំងអស់។ ប្រការនេះ ជាសក្ខីភាពដ៏រស់រវើកបំផុតសម្រាប់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុង ឋានៈជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍តំបន់ និងអន្តរជាតិ ក៏ដូចជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ផងដែរ៕