ការស្ថាបនាអ៊ុយក្រែនឡើងវិញ៖ បេសកកម្មពោរពេញទៅដោយបញ្ហាប្រឈម

(VOVWORLD) - កាលពីដើមខែកក្កដានេះ ប្រទេសនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើន បានជំរុញកិច្ចខិតខំប្រឹងប្រែងជាផ្លូវការដំបូង ក្នុងការស្ថាបនាអ៊ុយក្រែនឡើងវិញ បន្ទាប់ពីប្រទេសនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ២៤ ខែកុម្ភៈ មក។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការវិភាគជាច្រើន ការស្ថាបនាអ៊ុយក្រែនឡើងវិញ គឺជាបេសកកម្មមួយដែលពោរពេញទៅដោយបញ្ហាប្រឈម ព្រោះវាត្រូវការធនធានហិរញ្ញវត្ថុដ៏ធំសម្បើម រួមជាមួយផែនការនិងយុទ្ធសាស្ត្រអនុវត្តដ៏ស្មុគស្មាញនិងយូរអង្វែងទៀតផង។

ការស្ថាបនាអ៊ុយក្រែនឡើងវិញ៖ បេសកកម្មពោរពេញទៅដោយបញ្ហាប្រឈម - ảnh 1សន្និសីទស្តីពីការស្ថាបនាអ៊ុយក្រែនឡើងវិញដែលបានប្រារព្ធធ្វើនៅទីក្រុង Lugano ប្រទេសស្វីសកាលពីថ្ងៃទី៤ដល់ទី៥ ខែកក្កដា។ (រូបថត៖ AFP)

របាយការណ៍របស់រដ្ឋាភិបាលអ៊ុយក្រែននៅសន្និសីទស្តីពីការស្ថាបនាអ៊ុយក្រែនឡើងវិញដែលបានប្រារព្ធធ្វើនៅទីក្រុង Lugano ប្រទេសស្វីសចាប់ពីថ្ងៃទី៤ដល់ទី៥ ខែកក្កដា កន្លងទៅ បានបង្ហាញថា ដំណើរការស្ថាបនាអ៊ុយក្រែនឡើងវិញក្រោយជម្លោះប្រដាប់អាវុធ រហូតដល់ពេលនេះត្រូវការទឹកប្រាក់ពី៧៥០ដល់ ៧៧០ពាន់លានដុល្លាអាមេរិក។ នេះគឺជាតួរលេខដ៏ធំសម្បើម លើសលុបច្រើនដងជាងទំហំសេដ្ឋកិច្ចរបស់ប្រទេសភាគច្រើនលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នោះមិនមែនជាបញ្ហាប្រឈមតែមួយគត់ដែលការស្ថាបនាអ៊ុយក្រែនឡើងវិញត្រូវជួបប្រទះនោះទេ។

បញ្ហាប្រឈមធំៗ

នៅក្នុងសុន្ទរកថាបើកសន្និសីទ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានសង្កត់ធ្ងន់ថា ប្រទេសនេះរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយតម្រូវការហិរញ្ញវត្ថុដើម្បីស្ថាបនាប្រទេសឡើងវិញគឺធំធេងណាស់។ តាមនោះ អ៊ុយក្រែនត្រូវការធនធានហិរញ្ញវត្ថុរហូតដល់ ៧៥០ ពាន់លានដុល្លាអាមេរិកសម្រាប់កិច្ចការនេះ។ ចំណែកឯក្នុងសុន្ទរកថាតាមវីដេអូដែលបានផ្ញើរទៅកាន់សន្និសីទ ប្រធានា ធិបតីអ៊ុយក្រែន លោក Zelensky បានលើកច្បាស់ថា ការស្ថាបនាអ៊ុយក្រែនឡើងវិញ គឺជាភារកិច្ចដ៏ធ្ងន់ធ្ងរនិងជាការទទួលខុសត្រូវរួមនៃ "ពិភពលោកប្រជាធិបតេយ្យ"។

យោងតាមអ្នកជំនាញនិងអ្នកនយោបាយអន្តរជាតិ ចំនួនទឹកប្រាក់ ៧៥០ពាន់លានដុល្លាដើម្បីស្ថាបនាអ៊ុយក្រែនឡើងវិញ ទោះបីជាមិនមែនជាចំនួនចុងក្រោយក៏ដោយ ក៏ច្បាស់ណាស់ថា នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ។ ចំនួនទឹកប្រាក់ដែលត្រូវការនេះ លើសច្រើនដងជាងទំហំសេដ្ឋកិច្ចនៃប្រទេសភាគច្រើនលើពិភពលោក ដែលទាមទារឲ្យមានការរួមវិភាគទានគួរឲ្យកត់សម្គាល់របស់ប្រទេសជាច្រើន ជាពិសេសប្រទេសអ្នកមាន និងខឿនសេដ្ឋកិច្ចធំៗ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទដែលប្រទេសអ្នកមានផ្ទាល់ខ្លួនជាច្រើន ក៏កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែការកើនឡើងនៃអតិផរណានិងតម្លៃវត្ថុធាតុដើមនោះ គឺគ្មានអ្វីដែលអាចធានាបាននូវការរួមវិភាគទានដ៏សប្បុរសពីប្រទេសអ្នកមាននោះឡើយ។

ជាងនេះទៅទៀត ការស្ថាបនាអ៊ុយក្រែនឡើងវិញក៏ទាមទារឲ្យមានផែនការ យុទ្ធសាស្ត្រ និងកាលវិភាគអនុវត្តដ៏ស្មុគស្មាញទៀតផង។ ក្នុងនោះ មិនអាចមិនគិតដល់ការធ្វើមាតុភូមិនិវត្តន៍ និងធានាស្ថិរភាពជីវភាពសម្រាប់ប្រជាជនអ៊ុយក្រែនជាង ១០ លាននាក់ដែលត្រូវចាកចេញពីប្រទេសដើម្បីស្វែងរកកន្លែងជ្រកកោន។ ទាំងនោះនៅមិនទាន់គិតដល់ការពិតដែលថា ជម្លោះប្រដាប់អាវុធនៅតែមានលទ្ធភាពអូសបន្លាយ បណ្ដាលឲ្យប្រជាជនអ៊ុយក្រែនកាន់តែច្រើនរត់ភៀសខ្លួន ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតរងការបំផ្លិចបំផ្លាញ។

ដោយចែករំលែកទស្សនៈដូចគ្នានឹងអ្នកវិភាគអន្តរជាតិជាច្រើន ឯកអគ្គរដ្ឋទូតស្វីសទទួលបន្ទុកសន្និសីទ លោក Simon Pidoux បានចាត់ទុកថា វានៅតែឆាប់ពេកដើម្បីអាចប៉ាន់ប្រមាណតម្រូវការទាំងអស់ ហើយសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងស្ថាបនាអ៊ុយក្រែនឡើងវិញនឹងអូសបន្លាយជាច្រើនឆ្នាំ ហើយអាចរហូតដល់ទសវត្សរ៍”។

ដំណោះស្រាយនិងយថាទស្សន៍

លទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយនៅក្នុងសន្និសីទស្តីពីការស្ថាបនាអ៊ុយក្រែនឡើងវិញ គឺការដែលថ្នាក់ដឹកនាំនៃប្រទេសចំនួន៤០ និងអង្គការអន្តរជាតិនានាដូចជាធនាគារវិនិយោគអឺរ៉ុប អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុង Lugano ដោយសន្យាផ្ដល់ជំនួយផ្នែកនយោបាយ ហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់អ៊ុយក្រែន ដើម្បីអនុវត្តន៍ការងារស្ថាបនាប្រទេសឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានតួលេខជាក់លាក់ណាមួយត្រូវបានកំណត់ នៅក្នុងសេចក្តីថ្លែងការណ៍ Lugano នៅឡើយទេ។

ក្នុងបរិបទនោះ មតិកាន់តែច្រើននៅក្នុងមជ្ឈដ្ឋាននយោបាយលោកខាងលិច កំពុងអំពាវនាវឲ្យរឹបអូសទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលនិងមហាសេដ្ឋីរុស្ស៊ី នៅបរទេស ធ្វើជាប្រភពហិរញ្ញវត្ថុសម្រាប់ការស្ថាបនាអ៊ុយក្រែនឡើងវិញ។ តាមការប៉ាន់ប្រមាណថា ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធាពិសេសនៅ អ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ប្រទេសលោកខាងលិចនានា បានបង្កកទ្រព្យសម្បត្តិនៅឯបរទេសប្រមាណ ៣០០ ពាន់លានដុល្លាអាមេរិក របស់ធនាគារកណ្តាលរុស្ស៊ី ព្រមទាំងរឹបអូសយកនាវាកំសាន្ត និងអចលនទ្រព្យរបស់មហាសេដ្ឋីរុស្ស៊ីជាច្រើន។ ក្នុងនោះ សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តីសម្រេចលក់ទ្រព្យសម្បត្តិដែលបានរឹបអូសមួយចំនួន ខណៈដែលរដ្ឋបាលគ្រោងនឹងប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបង្កករបស់ធនាគារកណ្តាលរុស្ស៊ីដើម្បីផ្ដល់ជំនួយដល់អ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ទិសដៅនេះកំពុងជួបប្រទះនឹងការប្រឆាំងជំទាស់នៅក្នុងប្រទេសលោកខាងលិច។ ថ្លែងនៅសន្និសិទស្ដីពីការស្ថាបនាអ៊ុយក្រែនឡើងវិញ នៅថ្ងៃទី៥ ខែកក្កដា ប្រធានាធិបតីស្វីស លោក Ignazio Cassis បានព្រមានអំពីផលវិបាកអវិជ្ជមាន ប្រសិនបើទ្រព្យសម្បត្តិដែលបានបង្កករបស់រុស្ស៊ីត្រូវបានផ្ទេរទៅឲ្យអ៊ុយក្រែន។ មេដឹកនាំស្វីសបានលើកច្បាស់ថា "សិទ្ធិកម្មសិទ្ធិ សិទ្ធិទ្រព្យសម្បត្តិគឺជាសិទ្ធិមូលដ្ឋាននិងសិទ្ធិមនុស្ស" ហើយគំនិតផ្ទេរប្រគល់ទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កកទៅឲ្យអ៊ុយក្រែននឹងបង្កើតឡើង "ទម្លាប់គ្រោះថ្នាក់ បំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ"។

អ្នកវិភាគជាច្រើនក៏ចែករំលែកទស្សនៈនេះ ដោយសង្កត់ធ្ងន់ថា រាល់ដំណោះស្រាយនិងសកម្មភាពពាក់ព័ន្ធ ត្រូវតែផ្អែកលើច្បាប់អន្តរជាតិ។ ហើយដើម្បីឲ្យផែនការស្ថាបនាឡើងវិញនាពេលខាងមុខអាចទៅរួចបាន ភារកិច្ចសំខាន់បំផុតនាពេលនេះសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ គឺត្រូវជំរុញការចរចា បង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះក្នុងពេលឆាប់ៗ ហើយបង្កើតសន្តិភាពនិងស្ថិរភាពឡើងវិញនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ