ចំណងសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវចែងចាំងពន្លឺរស្មីជារៀងរហូត

(VOVWORLD) - ឆ្នាំ ២០២២ត្រូវបានជ្រើសរើសជាឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ។ ក្នុងឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩៧៧ - ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២)។ នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ បង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ។ នាថ្ងៃទី ១៨ ខែកក្កដា នៅទីក្រុងហាណូយ ពិធីអបអរសាទរខួបឆ្នាំសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងឡាវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ទំនាក់ទំនងរវាងវៀតណាមនិងឡាវត្រូវបានបង្កើតឡើង និងពូនជ្រុំក្នុងប្រវត្តិសាស្ត្រនៃការស្ថាបនា ការពារ និងកសាងប្រទេសជាតិរបស់ប្រជាជាតិទាំងពីរ។

ទំនាក់ទំនងត្រូវបានពូនជ្រុំពីមនោសញ្ចេតនាដ៏បរិសុទ្ធ ការប្រកៀកស្មាជាមួយគ្នា

ចំណងសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវចែងចាំងពន្លឺរស្មីជារៀងរហូត - ảnh 1សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thoongsavanh Phomvihane។ (រូបថត៖ VOV)

ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៦២ បានបើកចេញជំពូកថ្មីក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរវៀតណាមនិងឡាវ។ ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអត្ថន័យដ៏ធំធេង និងសារៈសំខាន់ពិសេសនៃទំនាក់ទំនងនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ ដោយបញ្ជាក់នូវមនោសញ្ចេតនាដ៏ស្មោះត្រង់និងបរិសុទ្ធ សន្យាប្រកៀកស្មាជាមួយគ្នាក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។ សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thoongsavanh Phomvihane បានវាយតម្លៃថា៖

“សមិទ្ធិផលលេចធ្លោបំផុតរបស់ឡាវនិងវៀតណាមក្នុងរយៈពេល៦០ឆ្នាំក្រោយពីការបង្កើតទំនាក់ទំនងការទូតមក គឺប្រទេសទាំងពីរបានរួមគ្នាតស៊ូប្រឆាំងនឹងសត្រូវរួម ដណ្តើមបានឯករាជ្យជាតិ ហើយរំដោះប្រទេសទាំងស្រុងនៅឆ្នាំ១៩៧៥។ ពីរឆ្នាំក្រោយ ពោលគឺនៅឆ្នាំ ១៩៧៧ យើងបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើតបុព្វបទសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាច្រើននាពេលអនាគត។ ឈានចូលសម័យកាលផ្លាស់ប្ដូរថ្មីនៅទស្សវត្សរ៍ឆ្នាំ ១៩៨០ ទំនាក់ទំនងឡាវ-វៀតណាមត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង ពូនជ្រុំ ហើយអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី។ ភាគីទាំងពីរបានជួយគ្នាជំនះពុះពារលើការលំបាក កសាងប្រទេសជាតិ; ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីពង្រីកធនធានផ្ទៃក្នុង លើកកំពស់តួនាទីនិងឋានៈរបស់ប្រទេសនីមួយៗទាំងក្នុងតំបន់និងលើពិភពលោក”។

ចំណងសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវចែងចាំងពន្លឺរស្មីជារៀងរហូត - ảnh 2ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang។

ទំនាក់ទំនងសហប្រតិបត្តិការរវាងឡាវនិងវៀតណាមនាពេលកន្លងមក បាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ លើគ្រប់វិស័យតាំងពីនយោបាយ ការពារជាតិ សន្តិសុខ ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ រហូតដល់ការអប់រំ វប្បធម៌។ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang បានចាត់ទុកថា៖

“ទំនាក់ទំនងឡាវ-វៀតណាម មិនត្រឹមតែជាទំនាក់ទំនងនៃប្រទេសជិតខាងទាំងពីរដូចប្រទេសដ៏ទៃទៀតនោះទេ ប៉ុន្តែដូចទំនាក់ទំនងរវាងបងប្អូនក្នុងគ្រួសារមួយ ជាទំនាក់ទំនងគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិកម្រមានលើពិភពលោកដូចប្រសាសន៍របស់លោកប្រធាន Kaysone Phomvihan ដែលថា៖ “ក្នុងប្រវត្តិ

សាស្រ្តនៃបដិវត្តន៍ពិភពលោក មានគំរូជាច្រើនអំពីស្មារតីអន្តរជាតិអធន ប៉ុន្តែមិនធ្លាប់មានកន្លែងណាទេ ហើយមិនធ្លាប់មានចំណងសាមគ្គីភាព សម្ព័ន្ធភាពប្រយុទ្ធណាដ៏ពិសេស យូរលង់និងគ្រប់ជ្រុងជ្រោយដូចទំនាក់ទំនងឡាវ-វៀតណាមនោះទេ”។

អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung បានសម្តែងមតិថា៖

“ប្រការដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺមនោសញ្ចេតនាដ៏ពិសេសរបស់ប្រជាជនឡាវចំពោះវៀតណាម។ ដូច្នេះហើយ បច្ចុប្បន្ននេះ ទោះជាកិច្ចសហប្រតិបត្តិការរបស់ឡាវជាមួយប្រទេសដ៏ទៃគឺធំទូលាយណាស់ ការវិនិយោគរបស់វៀតណាមនៅឡាវមិនឈរលំដាប់កំពូលក៏ដោយ ប៉ុន្តែនៅក្នុងបេះដូងរបស់ប្រជាជនឡាវ វៀតណាមតែងតែនាំមុខគេជានិច្ច។ នេះគឺជាដើមទុនដ៏ថ្លៃថ្លាបំផុតដែលយើងត្រូវតែគោរពនិងពូនជ្រុំ”។

លើកកំពស់កិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍

វៀតណាមនិងឡាវតែងតែយកចិត្តទុកដាក់ហើយផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹងទំនាក់ទំនងពិសេស ដែលជាសមមិត្តផងនិងជាបងប្អូនផង។ ដោយមានបំណងចង់លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យសក្តិសមនឹងទំនាក់ទំនងពិសេសនោះ ក្នុងជំនួបនាពេលថ្មីៗនេះរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាជំរុញខ្លាំងការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ; រួមទាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ; ជួយឡាវអនុវត្តន៍ដោយជោគជ័យនូវគោលដៅក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ហើយមានការតភ្ជាប់ទៅកាន់សមុទ្រ និងមហាសាគរ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាលផងដែរ។ ប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។ ភាគីទាំងពីរបានបញ្ជាក់រួមជាមួយបណ្តាប្រទេសអាស៊ាន គាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយរក្សាបាននូវសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន។ សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thoongsavanh Phomvihane បានចាត់ទុកថា៖

“ចំពោះយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងសន្ធិសញ្ញាបានសង្កត់ធ្ងន់ថា យើងរួមគ្នាអភិវឌ្ឍន៍ សម្របសម្រួលនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ធានាផលប្រយោជន៍របស់ប្រជាជន ជាពិសេសរក្សាទំនាក់ទំនងពិសេសនៃប្រទេសទាំងពីរ។ នោះគឺជាភារកិច្ចដ៏សំខាន់បំផុតដែលមិនអាចកាត់ផ្ដាច់បានឡើយ។ តថភាពបានបង្ហាញឲ្យឃើញថា ក្នុងរយៈពេលជាច្រើនទស្សវត្សកន្លងមក យើងបានរួមគ្នាជំនះពុះពារលើការលំបាកក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។ ក្នុងបរិបទបច្ចុប្បន្ន យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើកកំពស់ការយល់ដឹង ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈម”។

ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ គឺជាសមិទ្ធិផលដែលប្រទេសទាំងពីរបានរួមគ្នាកសាងនិងពូនជ្រុំ។ ទំនាក់ទំនងពិសេសនេះ នាសព្វថ្ងៃបានក្លាយជាបេតិកភណ្ឌ ជាមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ