ច្បាប់កញ្ចប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩៖ ការបណ្ដាក់ទុនដ៏សំខាន់ក្នុង ប្រវត្តិសាស្ត្រកងទ័ពអាមេរិក
(VOVWORLD) - នាថ្ងៃទី១៣ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ចុះហត្ថលេខាលើច្បាប់កញ្ចប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩ (NDAA)។ លោក Trump វាយតំលៃថា នេះជាការបណ្ដាក់ទុនដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ សម័យទំនើបរបស់កងទ័ពអាមេរិក។ គួរឲ្យកត់សម្គាល់ថា ច្បាប់នេះបានបង្ហាញ នូវទស្សនៈទៅនឹងប្រទេសចិនដ៏រឹងមាំជាងបើប្រៀបនឹងប្រធានាធិបតីជំនាន់មុនៗ យ៉ាងហោចណាស់នៅលើវិស័យយុទ្ធសាស្ត្រ។
មុននឹងការចុះហត្ថលេខាចេញផ្សាយរបស់ប្រធានាធិបតីអាមេរិកនោះ ច្បាប់ស្ដីពីថវិកាយោធាឆ្នាំ២០១៩ ត្រូវបានព្រឹទ្ធសភានិងរដ្ឋសភាអាមេរិកអនុម័តកាលពីចុងខែកក្កដានិងដើមខែសីហាកន្លងទៅ ដោយទទួលបានសម្លេងគាំទ្រជាច្រើនលើសលុប។ ប្រការនេះត្រូវបានចាត់ទុកថា ជាការគាំទ្រចំពោះសេចក្ដីអំពាវនាវរបស់ប្រធានាធិបតីលោក Donald Trump ស្ដីពីការបង្កើនកម្លាំងកងទ័ព។
ការបណ្ដាក់ទុនដ៏ធំធេងសំរាប់កងទ័ពអាមេរិក
ច្បាប់ NDAA បានអនុញ្ញាតលើកញ្ចប់ថវិកាប្រមាណ ៧១៦ ពាន់លានដុល្លាអាមេរិកសម្រាប់វិស័យការពារជាតិក្នុងឆ្នាំ២០១៩។ ក្នុងនោះ កញ្ចប់ថវិកាប្រមាណ៦៩ពាន់លានដុល្លាអាមេរិកនឹងត្រូវបានចាយវាយសម្រាប់សកម្មភាពយោធានៅឯបរទេសនិងកញ្ចប់ជិត២២ពាន់លានដុល្លាអាមេរិកសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ។ NDAA ក៏អនុញ្ញាតថវិកាដ៏ធំបង្គួរសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង F-៣៥ ប្រមាណ៧៧គ្រឿង។ កញ្ចប់ប្រមាណ២៤ពាន់លានដុល្លាអាមេរិកទៀតនឹងត្រូវបានចាយវាយទៅលើការដំឡើងនាវាចម្បាំងថ្មីនិងអភិវឌ្ឍន៍នាវាចម្បាំងជាច្រើននាអនាគត។ ក្រៅពីនោះ NDAA ក៏បានចុះបញ្ជីការចំណាយដែលរំពឹងទុកសម្រាប់ការបញ្ជាទិញយុទ្ធភ័ណ្ឌជាច្រើនទៀតក៏ដូចជាកម្មវិធីអភិវឌ្ឍអាវុធថ្មីៗដូចជាយន្តហោះទម្លាក់គ្រាប់បែក B-២១ និងការរួមបញ្ចូលប្រព័ន្ធការពារកាំជ្រួចទាំងពីរគឺ Patriot និង THAAD។ ការចុះហត្ថលេខាលើច្បាប់ NDAA ឆ្នាំ២០១៩នោះបានសរឲ្យឃើញថា ក្រោយរយៈពេលច្រើនឆ្នាំដែលត្រូវបានកាត់បន្ថយថវិកា អាមេរិកកំពុងកសាងកងទ័ពឡើងវិញដោយទ្រង់ទ្រាយមិនធ្លាប់មានតាំងពីមុនមក។ ប្រការនេះត្រូវបានប្រធានាធិបតីលោក Donald Trump ទទួលស្គាល់ថា ជាការបណ្ដាក់ទុនសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបនៃកងទ័ពអាមេរិក។
គោលដៅនិងប្រតិកម្មពីខាងក្រៅ
ទន្ទឹមនឹងការបង្កើនថវិកាសម្រាប់កងទ័ពអាមេរិក ច្បាប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩ ក៏បានគួសបញ្ជាក់ថា ការសាកល្បងស្នូលចំពោះវិបុលភាពនិងសន្តិសុខរបស់អាមេរិកគឺជាការកើតមានឡើងជាថ្មីម្ដងទៀតនៃការប្រកួតប្រជែងយុទ្ធសាស្ត្រក្នុងរយៈពេលយូរអង្វែង ដែលក្នុងនោះ អាមេរិកត្រូវធ្វើសកម្មភាពជាច្រើនថែមទៀតដើម្បីប្រកួតប្រជែងជាមួយប្រទេសចិននិងសហព័ន្ធរុស្ស៊ី។ ដោយហេតុនេះ រួមជាមួយវិធានការដំឡើងពន្ធទៅលើទំនិញនាំចូលពីប្រទេសចិននាពេលថ្មីៗនេះ NDAA ឆ្នាំ២០១៩ ក៏អនុញ្ញាតលើការផ្គត់ផ្គង់ថវិកាដល់សកម្មភាពទាំង១៤ដើម្បីរារាំងចិនផងដែរ។ក្រៅពីនោះ ច្បាប់ NDAA ឆ្នាំ២០១៩ ក៏បង្កើនអំណាចរបស់គណៈកម្មាធិការទទួលបន្ទុកការវិនិយោគទុនពីបរទេសចូលអាមេរិកផងដែរ។ គណៈកម្មាធិការនេះបានឃ្លាំមើលការបណ្ដាក់ទុនរបស់ចិន ហើយឥឡូវនេះ ត្រូវបានប្រគល់បន្ថែមភារកិច្ចគឺវាយតំលៃចំពោះការជះឥទ្ធិពលនៃការបណ្ដាក់ទុននេះទៅលើផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក។ ដោយភ្លាមៗបន្ទាប់ពីគម្រោងច្បាប់នេះត្រូវបានអនុម័តនៅរដ្ឋសភាអាមេរិក ប៉េកាំងបានរិះគន់ទៅលើសកម្មភាពនេះ ហើយអំពាវនាវឲ្យអាមេរិកលុបបំបាត់ “សតិអារម្មណ៍ពីសង្គ្រាមត្រជាក់ស្ដីពីអ្នកឈ្នះអ្នកចាញ់ដែលបានហួសសម័យ”។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang ធ្លាប់បានសង្កត់ធ្ងន់ថា អាមេរិកកំពុងព្រហើនបំផ្លាញទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការទ្វេភាគី។ ច្បាប់ថវិកាយោធាអាមេរិកឆ្នាំ២០១៩ បានបង្ហាញនូវការសន្យារបស់រដ្ឋអំណាចប្រធានាធិបតីលោក Donald Trump ស្ដីពីការរក្សាគ្រឹះស្ថានឧស្សាហកម្មយោធាដ៏ខ្លាំងក្លានិងរឹងមាំ។ ប៉ុន្តែ វាក៏កំពុងហើយនឹងបង្កឡើងការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិផងដែរ៕