ចលនាអន្តរជាតិគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម

(VOVWORLD) -  កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីសន្តិភាពនៅ វៀតណាម ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ ដែលជាឯកសារគតិយុត្តអន្តរជាតិដំបូងបង្អស់ ក្នុងនោះបានបង្ខំឲ្យ អាមេរិកត្រូវសន្យាគោរពឯករាជ្យ អធិបតេយ្យភាព និងឯកភាពរបស់ប្រជាជាតិវៀតណាម មិនត្រឹមតែមានអត្ថន័យធំធេងក្នុងប្រវត្តិសាស្ត្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិទៀតផង។ ការតស៊ូនៃប្រាជ្ញានិងឫទ្ធានុភាពដ៏ស្វិតស្វាញ ពោរពេញទៅដោយការលំបាក ប៉ុន្តែអង់អាចក្លាហានរបស់ការទូតវៀតណាម ឈានដល់ភាពជោគជ័យ ក៏មានតួរនាទីនិងការជួយគាំទ្រយ៉ាងសកម្ម ពីមិត្តភក្តិអន្តរជាតិដែលស្រឡាញ់សន្តិភាព និងយុត្តិធម៌ផងដែរ។ មិនថាចូលរួមចំណែកជាសាធារណៈ ឬដោយស្ងៀមស្ងាត់នោះទេ ពួកគេបានរួមជាមួយវៀតណាមបង្កើតឡើងប្រវត្តិសាស្ត្រ។

ចលនាអន្តរជាតិគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម - ảnh 1បណ្ដាតំណាងចូលរួមកម្មវិធី “ជំនួបមិត្តភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ - រំលឹកអតីតកាល ឆ្ពោះទៅអនាគត” ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ។
(រូបថត៖ Ngoc Thu/qdnd.vn)

ការចរចាអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានប្រព្រឹត្តទៅនៅចំពេលដែលចលនាគាំទ្រការតស៊ូប្រឆាំងអាមេរិករបស់វៀតណាម កំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅប្រទេសបារាំង។ នៅពេលដែលការចរចារប្រព្រឹត្តទៅយ៉ាងលំបាក កងទ័ពអាមេរិកបានដំណើរការសង្គ្រាមបំផ្លិចបំផ្លាញតាមជើងអាកាសក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ នៅរដូវរងាឆ្នាំ ១៩៧២។ អ្នកស្រឡាញ់សន្តិភាពនៅប្រទេសបារាំងបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអំពើឃោរឃៅព្រៃផ្សៃរបស់កងទ័ពអាមេរិក។

ការគាំទ្រនិងសាមគ្គីភាពអន្តរជាតិ

បរិមាណអង្គការមិត្តភាពប្រឆាំងសង្គ្រាមចំនួន ៥២ ដែលតែងតែធ្វើបាតុកម្មប្រឆាំងជំទាស់នឹងសង្រ្គាមនៅវៀតណាមបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនបារាំងដែលស្រឡាញ់សន្តិភាពចំពោះវៀតណាម។

នៅ Choisy-le-Roi ដែលកាលពី ៥០ ឆ្នាំមុន គណៈប្រតិភូនៃប្រទេសវៀតណាមសាធារណៈរដ្ឋប្រជាធិបតេយ្យ បានស្នាក់នៅក្នុងរយៈពេលជិត ៥ ឆ្នាំនៃដំណើរការចរចាអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស បច្ចុប្បន្ននេះនៅតែរក្សាបាននូវស្លាកស្នាមនៃប្រវត្តិសាស្ត្រជាមួយនឹងផ្ទះដែលក្រុមចរចាវៀតណាមធ្លាប់បានស្នាក់នៅ។ ទីលានធំមួយដែលមានឈ្មោះថា "កិច្ចព្រមព្រៀងទីក្រុងប៉ារីស" ត្រូវបានសម្ពោធនៅឆ្នាំ ២០១៣ ហើយនិមិត្តសញ្ញាសន្តិភាពដ៏ខ្ពស់ត្រដែតលើផ្ទៃមេឃក្រុង Choisy-le-Roi ដូចជាការបញ្ជាក់លើចំណងមិត្តភាពជាមួយវៀតណាមជារៀងរហូតនៅទីនេះ។ លោកស្រី Jéanine Rubin ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលស្ម័គ្រចិត្តបម្រើអាហារជូនក្រុមចរចាវៀតណាមកាលពី ៥០ ឆ្នាំមុន បានរំឭកថា៖

“នៅពេលនោះ ខ្ញុំធ្វើជាអ្នកបម្រើនៅក្នុងសាលា បក្សកុម្មុយនិស្តបានសួរខ្ញុំថា តើខ្ញុំចង់ស្ម័គ្រចិត្តជួយក្រុមចរចាវៀតណាមដែរឬទេ ហើយខ្ញុំបានយល់ព្រម។ ទោះបីជាពេលវេលាទំនាក់ទំនងមិនសូវច្រើនទេ ប៉ុន្តែអារម្មណ៍នៅពេលនោះអំពីគណៈប្រតិភូវៀតណាម គឺជាកម្លាំងចលរធ្វើឲ្យខ្ញុំសម្រេចចិត្តចូលរួមគណៈបក្សកុម្មុយនិស្តបារាំង ហើយចូលរួមក្នុងសកម្មភាពមិត្តភាពបារាំង-វៀតណាមរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំមានអនុស្សាវរីយ៍ល្អប្រសើរដែលខ្ញុំនឹងចងចាំអស់មួយជីវិត”។

វៀតណាមទទួលបានការគាំទ្រ និងសាមគ្គីភាពអន្តរជាតិ រួមទាំងការគាំទ្ររបស់ប្រជាជនអាមេរិកដែលទាមទារឲ្យស្តារសន្តិភាពឡើងវិញសម្រាប់វៀតណាម។ ចលនាប្រឆាំងសង្រ្គាមនៅវៀតណាមបានរីករាលដាលពាសទូទាំងពិភពលោក ហើយនេះគឺជាកត្តាស្មារតីដ៏សែនសំខាន់ ដែលជួយវៀត ណាមមានភាពរឹងមាំថែមទៀតទាំងសមរភូមិផ្នែកយោធា និងការទូត ដែលជាការចរចានៅទីក្រុងប៉ារីស។ អតីតទាហានកងទ័ពជើងទឹកអាមេរិក លោក John Terzano ដែលធ្លាប់បានប្រយុទ្ធពីរដងនៅប្រទេសវៀតណាម ហើលក្រោយមករួមជាមួយ លោក John Kerry និង លោក Bobby Muller ក្លាយជាសមាជិកដ៏សកម្មនៃអង្គការ "អតីតទាហានអាមេរិកប្រឆាំងនឹងសង្រ្គាមវៀតណាម" បានឲ្យដឹងថា៖

“មួយខែមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខ្ញុំបានចាកចេញពីវៀតណាមតាមនាវាពិឃាតអាមេរិក។ ខ្ញុំមិនដែលសប្បាយចិត្តយ៉ាងដូច្នេះទេ ព្រោះខ្ញុំអាចចាកចេញពីកន្លែងដែលការចងចាំដំបូងរបស់ខ្ញុំនៅពេលទៅមកដល់ទីនេះនៅឆ្នាំ ១៩៧១-១៩៧២ មិនដែលល្អប្រសើរទេ។ យ៉ាងណា មិញ ប្រការដែលខ្ញុំនឹកស្មានមិនដល់នៅពេលនោះ គឺខ្ញុំនឹងវិលត្រឡប់មកវៀតណាមជាច្រើនដង
ទៀត។ យើងខ្ញុំនៅពេលនោះបានយល់ឃើញថា នៅមានការងារជាច្រើនដែលត្រូវធ្វើសម្រាប់អតីតទាហាន ក៏ដូចជាសម្រាប់វៀតណាម ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រក្រតីភាព”។

ចលនាអន្តរជាតិគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីវៀតណាម - ảnh 2លោកស្រី Nguyen Thi Binh រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣។ (រូបថតឯកសារ)

វៀតណាមដឹងគុណជានិច្ចចំពោះមិត្តភក្តិអន្តរជាតិ

ចាប់តាំងពីបញ្ចប់សង្គ្រាមមក លោក John Terzano និងមិត្តភក្តិអាមេរិកតែងតែធ្វើជួយគាំទ្រយ៉ាងសកម្មចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ដូចជា៖ ចលនាអាមេរិកឱ្យដកការហ៊ុំព័ទ្ធលើវៀតណាម ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងជនរងគ្រោះដោយគ្រាប់បែកមីន ដោយមានបំណងប្រាថ្នាព្យាបាលមួយផ្នែកនូវស្នាមរបួសនៃសង្រ្គាមនៅប្រទេសដែលលោកស្រឡាញ់។ លោកស្រី Nguyen Phuong Nga ប្រធានសហភាពអង្គការមិត្តភាពវៀត ណាមបានចែករំលែកថា៖

“៥០ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែអ្នកទាំងអស់នៅតែរក្សាដដែលនូវទឹកចិត្តក្លៀវក្លា សេចក្តីស្រឡាញ់ចំពោះទឹកដីនិងមនុស្សវៀតណាម ហើយនៅតែត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមកៀរគរចំណងសាមគ្គីភាពអន្តរជាតិ ដើម្បីគាំទ្រវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ”។

ក្នុងសារផ្ញើជូនមិត្តភក្តិអន្តរជាតិក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋវៀតណាម និងជាសមាជិកាសំខាន់នៅលើតុចរចាឆ្នាំ ១៩៧២ បានអះអាងថា៖

“យើងខ្ញុំចងចាំមិត្តភក្តិអាមេរិកដែលបានដុតខ្លួនឯងដើម្បីប្រឆាំងជំទាស់សង្រ្គាម ហើយយើងខ្ញុំក៏មិនបំភ្លេចមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកដែលមិនភ័យខ្លាចការបង្ក្រាប ការចាប់ដាក់គុក ដើម្បីធ្វើក្បួននិងបាតុកម្មទាមទារឱ្យសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមផងដែរ។ ចំណងសាមគ្គីភាពនិងការគាំទ្រទាំងអស់របស់អ្នក គឺជាកម្លាំងដែលជួយយើងខ្ញុំលើសមរភូមិ ក៏ដូចជាលើតុចរចាក្នុងប៉ុន្មានថ្ងៃនៃការតស៊ូដ៏លំបាកនិងសាហាវ”។

៥០ ឆ្នាំបានកន្លងផុតទៅ អ្នកដែលចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងក្រុមចរចាវៀតណាមកាលពីអតីតកាល ហើយមិត្តភក្តិបារាំង ឬអាមេរិកនៅពេលនោះ ប្រហែលជាមានអ្នកខ្លះនៅរស់ឬស្លាប់ ឬបានចាស់ជរាហើយ។ ប៉ុន្តែប្រវត្តិសាស្ត្របានទទួលស្គាល់ពួកគេ ដោយមានសកម្មភាពរៀងៗខ្លួន ដូចជាបំណែកដាច់ដោយឡែកពីគ្នា បានបង្កើតឡើងកំពែងដ៏រឹងមាំ រួមជាមួយនឹងឆន្ទៈរបស់ប្រជាជនវៀតណាមដើម្បីការពារសន្តិភាពប្រកបដោយជោគជ័យសម្រាប់ប្រជាជាតិវៀតណាម។ ពួកគេក៏ក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រ សាក្សីរស់រវើកនៃចំណងមិត្តភាពរវាងវៀតណាមនិងមិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ