ជំនឿសែនខួបស្ដេច Hung តភ្ជាប់ប្រជាជាតិវៀតណាមជាមួយគ្នា
(VOVWORLD) - ជំនឿសែនខួបស្ដេច Hung ត្រូវបានប្រសូត្រឡើងចាប់តាំងពីសម័យបុរម បុរាណ ហើយបានក្លាយទៅជាអត្តសញ្ញាណវប្បធម៌របស់សហគមន៍បណ្ដាជន ជាតិវៀតណាម។ ក្នុងដួងព្រលឹងរបស់ប្រជាជន វៀតណាមម្នាក់ៗ បណ្ដាស្ដេច Hung ទ្រង់មានគុណបំណាច់ស្ថាបនារដ្ឋដើមដំបូងដែលមានឈ្មោះថា Van Lang ដែលជាប្រភពដើមរួមរបស់ប្រជាជាតិទាំងមូល។ ដោយហេតុនេះ ជំនឿសែនខួប ស្ដេច Hungមានឋានៈដ៏សំខាន់ណាស់ក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាជន វៀតណាមគ្រប់ជំនាន់។
ប្រជាជនវៀតណាមពីគ្រប់ទិសទីមកដល់កេរដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ក្នុងទិវាសែនខួបដូនតា (រូបថត៖ VOV) |
នៅសម័យប្រជុំលើកទី៧របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអំពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីយ៍កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២ អង្គការ UNESCO បានទទួលស្គាល់ “ជំនឿសែនខួបស្ដេច Hung នៅខេត្ត Phu Tho” ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក។ ពិធីសែនខួបស្ដេច Hung បានបង្ហាញនូវការគោរពបូជារបស់ប្រជាជនវៀតណាមចំពោះដូនតាបុព្វបុរស។
ជំនឿសែនខួបស្ដេច Hung បានតភ្ជាប់ប្រជាជាតិវៀតណាម
ជំនឿសែនខួបស្ដេច Hung មានឋានៈដ៏សំខាន់ណាស់ក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាជន វៀតណាមគ្រប់រូប ដោយមានលក្ខណៈពិសិដ្ឋផង ហើយក៏ជាទីបង្អែកខាងស្មារតីដែលបានបង្កើតឡើងកម្លាំងសាមគ្គីភាពជាតិទាំងមូលក្នុងការកសាងនិងការពារប្រទេសជាតិទៀតផង។ សាស្ត្រាចារ្យ បណ្ឌិត Ngo Duc Thinh សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ បានអះអាងថា ជំនឿសែន ខួបស្ដេច Hung ត្រូវបានប្រជាជនវៀតណាមខ្នះខ្នែងថែរក្សាពីជំនាន់មួយទៅជំនាន់មួយ តាមនោះរួមចំណែកពូនជ្រុំអោយមនោសញ្ចេតនានិងឆ័ន្ទៈរបស់ប្រជាជាតិទាំងមូល។ លោកបានថ្លែងថា៖
“ជំនឿសែនខួបស្ដេច Hung គឺជាការគួបផ្សំរវាងប្រពៃណីផឹកទឹកនឹកដល់ប្រភពដើម ប្រពៃណី សែនខួបដូនតារបស់ប្រជាជនវៀតណាម ជាមួយតម្រូវការនៃប្រទេសសក្ដិភូមិមួយដែលចង់អោយមានទីបង្អែកខាងស្មារតី។ អង្គការ UNESCO វាយតម្លៃខ្ពស់ចំពោះការគួបផ្សំនោះ។ ហើយទិវាសែន ខួបស្ដេច Hung ក៏ត្រូវបានយើងហៅដែរថា ទិវាសែនខួបដូនតា។ នេះដូចជាយើងសែនខួបឪពុកម្ដាយយើងដែរ។ វាពិតជាស្និទ្ធិស្នាលណាស់អញ្ចឹងវាមានកម្លាំងរស់យ៉ាងខ្លាំងក្លា”។
សាស្ត្រាចារ្យបណ្ឌិត Ngo Duc Thinh ចាត់ទុកថា ការលើកតម្កើងរបស់ UNESCO ពេលដែលទទួលស្គាល់ ជំនឿសែនខួបស្ដេច Hung ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក គឺជាការអះអាងមួយនូវមោទនភាពជាតិនិងការតភ្ជាប់គ្នាក្នុងសហគមន៍ប្រជាជាតិវៀតណាម។
“នេះគឺជាទីប្រសព្វខាងស្មារតីរបស់ប្រជាជនវៀតណាម ដែលនាំប្រជាជនវៀតណាមទាំងមូលឆ្ពោះមកប្រភពដើមរួម ដើម្បីបង្កើតឡើងចំណងសាមគ្គីភាពជាតិ។ ក្នុងអំឡុងពេលប្រវត្តិសាស្ត្រវៀតណាម ចំណងសាមគ្គីភាពនិងការតភ្ជាប់គ្នានោះ ជានិច្ចកាលជាកម្លាំងពលំនៃប្រទេសជាតិទាំងមូល។ ក្នុងសម័យបច្ចុប្បន្នក៏ដូចជាក្នុងពេលអនាគត គឺជោគវាទនារបស់ប្រជាជាតិវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាការការពារបូរណភាពដែនដី ក៏ត្រូវការមានកម្លាំងចម្រុះនោះ ផងដែរ”។
ពិធីការដង្ហែគ្រែស្នែងក្នុងទិវាសែនខួបស្ដេច Hung (រូបថត៖ VOV) |
រក្សានិងពង្រីក “ជំនឿសែនខួបស្ដេច Hung” សំដៅរក្សាអត្តសញ្ញាណវប្បធម៌វៀតណាម
ចាប់តាំងពីរាប់ពាន់ឆ្នាំកន្លងមក ប្រជាជនវៀតណាមបានបង្កើតវិហារសែនខួបស្ដេច Hung នៅលើភ្នំ Nghia Linh ឃុំ Hy Cuong ទីក្រុង Viet Tri ខេត្ត Phu Tho។ ក្រៅពីនោះ ក៏មានវិហារនិងសាលាភូមិផ្សេងៗជាច្រើននៅតាមខេត្តក្រុងនានាទូទាំងប្រទេសទៀតផង។ ទោះបីជារស់នៅឯណាលើពិភពលោកក៏ដោយ ប៉ុន្តែប្រជាជនវៀតណាម ជានិច្ចកាលនឹករលឹកដល់ប្រភពដើម ព្រមទាំងអះអាងជាមួយមិត្តភក្តិអន្តរជាតិអំពីប្រភពដើមរបស់ខ្លួននៅវៀតណាមផងដែរ។ មានអាណិក ជនវៀតណាមជាច្រើន បានវិលត្រឡប់មកវិហារស្ដេច Hung សុំដី ទឹក ឬធូបនៅក្នុងបរិវេណកេរដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ដើម្បីយកទៅបង្កើតវិហារសែនខួបស្ដេច Hung នៅប្រទេសដែលគេកំពុងរស់នៅ។
ឆ្លងកាត់រយៈពេលឡើងចុះនៃប្រវត្តិសាស្ត្រ ជំនឿសែនខួបស្ដេច Hung នៅតែត្រូវបានរក្សានិងពង្រីកពីជំនាន់មួយទៅជំនាន់មួយ ដោយឆ័ន្ទៈនិងស្មារតីរបស់ប្រជាជាតិទាំងមូល។ ទិវាសែនខួបស្ដេច Hung ដែលត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹតជារៀងរាល់ឆ្នាំ ជាឱកាសដើម្បីអោយប្រជាជនវៀតណាមបង្ហាញនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះដូនតា។ លោក Pham Ba Khiem ប្រធានសមាគមន៍អក្សរសាស្ត្រសិល្បៈប្រជាប្រិយខេត្ត Phu Tho បានអោយដឹងថា៖
“មិនមែនជាក្រោយពីអង្គការ UNESCO ទទួលស្គាល់ជំនឿសែនខួបស្ដេច Hung រួចមកទើបយើងយកចិត្តទុកដាក់ដល់ការអភិរក្សនិងពង្រីកជំនឿនេះទេ ប៉ុន្តែការងារនេះត្រូវបានអនុវត្តន៍ចាប់តាំងពីរាប់ពាន់ឆ្នាំកន្លងទៅហើយ។ ការលើកតម្កើងរបស់ UNESCO នោះ ត្រឹមតែអះអាងយ៉ាងរឹងមាំថា ប្រជាជាតិវៀតណាមពិតជាមានប្រភពដើមតែប៉ុណ្ណោះ។ យើងជាជំនាន់ក្រោយៗ អញ្ចឹងត្រូវមានការទទួលខុសត្រូវអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌនេះ”។
ជំនឿសែនខួបស្ដេច Hung ជាគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀត ណាម ដោយមានអត្ថន័យដ៏ពិសេសដោយឡែកនិងរស់រវើក ដែលគ្មានប្រជាជាតិផ្សេងណាមួយលើពិភពលោកក៏មានអញ្ចឹងឡើយ៕