ជំរុញកិច្ចសហប្រតិបតិ្តការជាមួយដៃគូនានា បង្កើនឋានៈរបស់រដ្ឋសភាវៀតណាម នៅវេទិកាពហុភាគី

(VOVWORLD) - ដំណើរទស្សនកិច្ចលើកនេះសម្រេចបាននូវលទ្ធផលវិជ្ជមាន ជាច្រើនដោយមិនត្រឹមតែបង្ហាញនូវតួនាទីសកម្មនិងម្ចាស់ការរបស់វៀតណាមក្នុងការដោះស្រាយការសាកល្បងនានាក្នុងតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ថែម ទាំងរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាហើយពង្រីកតួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមកាន់តែខ្លាំងក្លាថែមទៀតផងដែរ។
ជំរុញកិច្ចសហប្រតិបតិ្តការជាមួយដៃគូនានា បង្កើនឋានៈរបស់រដ្ឋសភាវៀតណាម នៅវេទិកាពហុភាគី - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំពេញអង្គនៃវេទិកា IPU 140 (រូបថត៖ VOV)

  នាថ្ងៃទី៩ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក សាធារណៈរដ្ឋបារាំង ដំណើរទស្សនកិច្ចការងារជាមួយសភាអឺរ៉ុប និងដំណើរចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី១៤០។ ដំណើរទស្សនកិច្ចលើកនេះសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនដោយមិនត្រឹមតែបង្ហាញនូវតួនាទីសកម្មនិងម្ចាស់ការរបស់វៀតណាមក្នុងការដោះស្រាយការសាកល្បងនានាក្នុងតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងជាមួយដៃគូនានាហើយពង្រីកតួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាមកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

        ដំណើរទស្សនកិច្ចក្នុងរយៈពេល១០ថ្ងៃរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមមានសកម្មភាពប្រមាណ៥០។ អាចនិយាយបានថា នេះជាដំណើរទស្សនកិច្ចប្រកបដោយជោគជ័យដែលនាំមកនូវការរីកចម្រើនសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស។    

        ជំនួបប្រាស្រ័យប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង

        ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានជំនួបប្រាស្រ័យទ្វេភាគីជាច្រើន។ នៅព្រះរាជាណាចក្រម៉ារ៉ុកនិងសាធារណៈរដ្ឋបារាំង លោកស្រីបានអញ្ជើញជួបចរចា ជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជំនួបទាំងនេះសុទ្ធតែប្រព្រឹត្តទៅយ៉ាងស្មោះត្រង់ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពដែលរួមចំណែកជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមជាមួយប្រទេសទាំងពីរខាងលើ។

        នៅប្រទេសបារាំង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាជាមួយសហគ្រាសជួរមុខបារាំងចំនួន១៥អង្គភាព រួមជាមួយព្រឹទ្ធសមាជិកនិងសមាជិកសភាមួយចំនួន អំពីគោលនយោបាយ ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាក៏បានជួបសំណេះសំណាលជាមួយអាណិកជនប្រមាណ៧០០នាក់ដែលកំពុងរស់នៅបារាំងក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាលោកប្រធានហូជីមិញបង្កើតសមាគមន៍ជនវៀតណាមនៅបារាំងផងដែរ។

        នៅព្រះរាជាណាចក្របែលហ្ស៊ិក លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញជួបធ្វើការជាមួយសភា អឺរ៉ុប គណៈកម្មាធិការអឺរ៉ុប សំដៅជំរុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម។ នៅទីនេះថ្នាក់ដឹកនាំសភាអឺរ៉ុបក៏ដូចជាថ្នាក់ដឹកនាំបែល ហ្ស៊ិកបានអះអាងលើការគាំទ្រចំពោះការអនុម័តលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។

ជំរុញកិច្ចសហប្រតិបតិ្តការជាមួយដៃគូនានា បង្កើនឋានៈរបស់រដ្ឋសភាវៀតណាម នៅវេទិកាពហុភាគី - ảnh 2 លោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន IPU លោកស្រី Gabriela Cuevas Barron (រូបថត៖ VOV)

        បង្កើនតួនាទីនិងឋានៈរបស់រដ្ឋសភាវៀតណាម

        បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៤០ (IPU 140)។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាងចំនួន១៦០០នាក់មកពី១៦២ប្រទេសនិងតំបន់ដែនដី ដែលក្នុងនោះមានថ្នាក់ដឹកនាំសភាចំនួន៧៦នាក់។

        សុន្ទរកថារបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកិច្ចប្រជុំពេញអង្គបានទាក់ទាញការយកចិត្តទុកដាក់និងការវាយតម្លៃខ្ពស់ពីបណ្ដាតំណាងចូលរួមវេទិកា។ លោកស្រីបានលើកឡើងបញ្ហាធំៗមួយចំនួនសំដៅពង្រឹងបរិយាកាសសុខសន្តិភាពនិងវឌ្ឍនភាព។ លោកស្រីបានសន្យាថា វៀតណាមជានិច្ចកាលជាសមាជិកមានការទទួលខុសត្រូវ ដោយត្រៀមខ្លួនជាស្រេចព្រួតដៃគ្នាជាមួយ IPU និងសភាដទៃទៀត អនុវត្តន៍សេចក្ដីសម្រេចចិត្តនិងគំនិតផ្ដួចផ្ដើមរបស់ IPU ដើម្បីរួមចំណែកទៅក្នុងការកសាងសន្តិភាពនិងវឌ្ឍនភាពប្រកបដោយចីរភាពសំដៅបម្រើផលប្រយោជន៍របស់ប្រជាជននៅទូទាំងពិភពលោក។

        នៅខាងក្រៅមហាសន្និបាត លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាកាតា រុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន និងស្រីលង្ការ ជាដើម។ លោកស្រីក៏បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong ផងដែរ។ នៅជំនួបនេះ លោក Martin Chungong បានវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀតចំពោះសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយក្រោមប្រធានបទ “គោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ប្រែក្លាយពាក្យសម្ដីទៅជាសកម្មភាព” ដែលត្រូវបានអនុម័តនៅ IPU 132 រៀបចំឡើងដោយវៀត ណាមកាលពីឆ្នាំ២០១៥។ លោកអគ្គលេខាធិការ IPU បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀត ណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីនាំការសន្យានានាក្នុងសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយចូលក្នុងការពិតជាក់ស្ដែង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានបក់ប្រែសេចក្ដីថ្លែងការណ៍នោះទៅភាសាវៀតណាម ហើយចេញផ្សាយក្រុមឧបករណ៍ស្វ័យវាយតម្លៃចំពោះការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពរបស់ IPU និង UNDP។ តាមលោក Martin Chungong ថា នេះជាសកម្មភាពជាក់ស្ដែងហើយជាគំរូល្អមួយដើម្បីអោយសភាផ្សេងៗយកតម្រាប់តាម។

        ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានបញ្ចប់ប្រកបដោយជោគជ័យ។ នេះមិនត្រឹមតែជាឱកាសល្អមួយដើម្បីជំរុញកិច្ចសហប្រតិបតិ្តការសភា ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងវៀតណាមជាមួយបណ្ដាប្រទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីអះអាងសារជាថ្មីនូវតួនាទីរបស់វៀតណាមលើវេទិកាសកលនានា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ