ជំរុញការកែទម្រង់បែបបទរដ្ឋបាលដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតកម្ម

(VOVWORLD) - បង្កើនប្រតិបត្តិការតាមរយៈបណ្តាញអ៊ិនធឺរណែត កាត់បន្ថយជាអតិប្បរមានូវបែបបទចាំបាច់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជននិងអាជីវកម្មធ្វើផលិតកម្មនិងសកម្មភាពអាជីវកម្ម។ នេះគឺជាតម្រូវការបន្ទាន់មួយ នៅក្នុងបរិបទដែលផលិតកម្មនិងអាជីវកម្មជួបប្រទះនឹងការលំបាកជាច្រើន ដោយសារតែរងផលប៉ះពាល់នៃការរីករាល ដាលនៃជំងឺ COVID-19 នាបច្ចុប្បន្ន។
ជំរុញការកែទម្រង់បែបបទរដ្ឋបាលដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតកម្ម - ảnh 1ការកែទម្រង់បែបបទរដ្ឋបាល លុបបំបាត់របាំងអាជីវកម្មជាដើម នឹងជាកម្លាំងចលករ សម្រាប់ផលិតកម្ម - អាជីវកម្មងើបឡើងវិញឆាប់ៗជាពុំខាន (រូបថត៖ baodautu.vn)

  ខណៈពេលដែល ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មជំនះពុះពារលើការលំបាកផ្នែកហិរញ្ញវត្ថុដើម្បីទប់ទល់នឹងការរីករាលដាលនៃ COVID-19 ត្រូវបានអនុវត្តនោះ ខ្លឹមសារសំខាន់មួយទៀតក៏ត្រូវបានលោកនាយករដ្ឋមន្រ្តីផ្តោតការយកចិត្តទុកដាក់ពិសេស នោះគឺ ពិនិត្យនិងកាត់បន្ថយបែបបទរដ្ឋបាលរួមទាំងចំណាយសម្រាប់អង្គភាពអាជីវកម្ម សំដៅជួយផ្ដល់កម្លាំងដល់អង្គភាពអាជីវកម្មទាំងអស់នេះ ជំនះពុះពារលើរាល់ការលំបាកនិងជំរុញផលិតកម្មអាជីវកម្ម។

លើកទឹកចិត្តឱ្យប្រើគេហទំព័រច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់សេវាកម្មសាធារណៈ

តម្រូវការក្នុងការពិនិត្យឡើងវិញ កាត់បន្ថយបែបបទរដ្ឋបាល និងផ្តល់សេវាកម្មសាធារណៈតាមអ៊ិនធឺរណែត កាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់ នៅក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 កំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញ។ នៅក្នុងកិច្ចប្រជុំដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19  សឹងតែទាំងអស់ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc តែងតែលើកឡើងនូវតម្រូវការនេះ។ អញ្ជើញដឹកនាំកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល នាថ្ងៃទី ៣ ខែមេសាលោកនាយករដ្ឋមន្រ្តីបានថ្លែងថា៖

“ត្រូវមានការផ្លាស់ប្តូរការត្រិះរិះក្នុងវិធីសាស្ត្រធ្វើការងារឲ្យកាន់តែច្រើនថែមទៀត។ អំឡុងពេលនេះ ជាហានិភ័យផង ប៉ុន្តែក៏ជាឱកាសសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ៤.០ និងបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សនុសិស្ស និស្សិតទៅដល់គ្រប់កម្រិតនិងគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។ នេះគឺជាកាលានុវត្តភាព ដើម្បីអនុវត្តន៍ការកែទម្រង់នៃការ ផ្តល់សេវាកម្មដែរ”។

ក្នុងថ្ងៃ ទី ៣ មេសាដដែលនេះ រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung បានផ្ញើលិខិតចំហរ ជូនដល់អង្គការនិងសហគមន៍អាជីវកម្ម ដែលមានបំណងចង់ដោះស្រាយបែបបទរដ្ឋបាល និងប្រើប្រាស់សេវាកម្មសាធារណៈតាមអ៊ិនធឺរណែត ចុះចូលទៅកាន់គេហទំព័រច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់សេវាកម្មសាធារណៈ៖

“គេហទំព័រច្រកទ្វារអេឡិចត្រូនិកជាតិផ្តល់សេវាសាធារណៈនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ទាំងស្ថាប័នរដ្ឋ ប្រជាជននិងអង្គភាពអាជីវកម្មផង។ ប្រតិបត្តិការតាមបែបនេះ ជួយឲ្យប្រជាជននិងអង្គភាពអាជីវកម្មសន្សំសំចៃការចំណាយលើពេលវេលានិងប្រាក់យ៉ាងច្រើនដែរ”។

គិតត្រឹមថ្ងៃទី ១ ខែមេសា រហូតមកដល់ថ្ងៃនេះ នៅលើគេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្តល់សេវាសាធារណៈ ក្រសួងសាខានិងមូលដ្ឋាននានាបានធ្វើស្តង់ដារនិងផ្សព្វផ្សាយជាសាធារណៈនូវឯកសារបែបបទរដ្ឋបាលជិត ៧០០០ និងបានផ្តល់សេវាសាធារណៈតាមអ៊ិនធឺរណែតជិត ២៣០ នៅកម្រិតទី ៣ និងទី ៤ (ដែលជាប្រតិបត្តិការនៅក្នុងដំណើរពិនិត្យឯកសារ និងផ្តល់សេវាកម្ម ដែលត្រូវ បានអនុវត្តនៅលើបណ្តាញប៉ុណ្ណោះ ហើយការផ្តល់លទ្ធផលអាចត្រូវបានធ្វើឡើងតាមអ៊ិនធឺរណែត ផ្ញើដោយផ្ទាល់ ឬតាមប្រៃសណីយ៍ទៅជូនអ្នកប្រើប្រាស់)។

យ៉ាងណាមិញ ក្នុងថ្ងៃទី ៣ ខែមេសា ការិយាល័យរដ្ឋាភិបាលបានចាប់ផ្តើមប្រមូលផ្តុំ និងផ្តល់សេវាសាធារណៈលើគេហទំព័រអេឡិចត្រូនិកផ្តល់សេវាសាធារណៈផងដែរ។

បង្កលក្ខណៈងាយស្រួលជាអតិប្បរមាចំពោះបែបបទរដ្ឋបាលពាក់ព័ន្ធដល់សេដ្ឋកិច្ចនិងវិនិយោគ

នៅក្នុងបរិបទនៃការបង្ការនិងប្រយុទ្ធប្រឆាំងរោគរាតត្បាតសកលនាបច្ចុប្បន្ននេះ ចំណុចសំខាន់នៃការងារការកែទម្រង់បែបបទរដ្ឋបាលគឺការកាត់បន្ថយនូវបែបបទដែលមិនចាំបាច់។ ជាពិសេស បែបបទពាក់ព័ន្ធដល់ សេដ្ឋកិច្ច ការវិនិយោគនិងពាណិជ្ជកម្មត្រូវបានបង្កលក្ខណៈងាយស្រួល ដើម្បីឱ្យប្រជាជននិងអាជីវកម្មអាចប្រមូលផ្តុំកម្លាំងផលិតកម្មនិងអាជីវកម្មរបស់ខ្លួន ឬបង្វែរទិសផលិតកម្មនិងអាជីវកម្មឱ្យបានទាន់ពេលវេលា។ ប្រតិបត្តិនេះត្រូវបានចាត់ទុកថាជាតម្រូវការបន្ទាន់ នៅពេលផលិតកម្មនិងអាជីវកម្មជួបប្រទះការលំបាកជាច្រើន ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាត។

ឈរលើស្មារតីដូចដែលបានលើកឡើងខាងលើ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានកាត់បន្ថយនិងជួយសម្រួលដល់លក្ខខណ្ឌងាយស្រួលនូវបែបពទអាជីវកម្មជាង ២០០ ដែលផ្តោតលើវិស័យអគ្គិសនី រថយន្ត ប្រេងឥន្ធនៈ គីមីស្រាបៀរ បារីនិងសុវត្ថិភាពម្ហូបអាហារជាដើម។ ក្នុងពេលជាមួយគ្នានោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏បានពិនិត្យនិងលុបចោលនូវបែបបទរដ្ឋបាលមួយចំនួន ដើម្បីបង្កើតលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសដើម្បីធ្វើអាជីវកម្មក្នុងវិស័យកសិកម្ម។ លោក Ha Cong Tuan អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖

“ដល់ថ្ងៃទី ៣០ ខែមិថុនា ក្រសួងបានប្រមូលនិងចងក្រងរួចជាស្រេចនូវប្រព័ន្ធបែបបទរដ្ឋបាល។ ម្យ៉ាងវិញទៀត ប្រធានអង្គភាពនានា ត្រូវតែជំរុញការប្រមូលផ្តុំនិងចងក្រងឯកសារបែបបទរដ្ឋបាលឲ្យមានលក្ខណៈជាប្រព័ន្ធ ក្នុងវិស័យដែលខ្លួនទទួលបន្ទុក។ តាមរយៈការពិនិត្យឡើងវិញនោះ នឹងរកឃើញបែបបទរដ្ឋបាល ដំណើរការអាជីវកម្មដែលមិនចាំបាច់ ដើម្បីស្នើសុំការលុបបំបាត់ចោល”។

ស្ថាប័ននេះបាននិងកំពុងសម្របខ្លួនទៅនឹងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃ COVID-19។ ក្នុងគ្រាលំបាកទាំងនេះ រួមជាមួយកញ្ចប់ជំនួយហិរញ្ញវត្ថុសម្រាប់អង្គភាពអាជីវកម្ម ការលើកទឹកចិត្តដល់ការប្រើប្រាស់សេវាកម្មសាធារណៈតាមអ៊ិនធឺរណែត ក៏ដូចជាកែទម្រង់បែបបទរដ្ឋបាល លុបបំបាត់របាំងអាជីវកម្មជាដើម នឹងជាកម្លាំងចលករ សម្រាប់ផលិតកម្ម - អាជីវកម្មងើបឡើងវិញឆាប់ៗជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ