ជំរុញការតភ្ជាប់គ្នានិងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់
(VOVWORLD) - នាថ្ងៃទី២៥ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅកាន់ទីក្រុងប៉េកាំងចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់និងផ្លូវ” តាមការអញ្ជើញរបស់ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ព្រលានយន្តហោះអន្តរជាតិប៉េកាំង (រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញនូវភាពម្ចាស់ការនិងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស រដ្ឋវៀតណាម ព្រមទាំងសរអោយឃើញថា វៀតណាមស្វាគមន៍គំនិតផ្ដួចផ្ដើមនានា សំដៅជំរុញការតភ្ជាប់គ្នានិងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់ ដែលក្នុងនោះមានគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” ដោយឈរលើគោលការណ៍សហប្រតិបតិ្តការប្រកបដោយសន្តិភាព សមភាព និងទទួលបានផលប្រយោជន៍ពីគ្នា គោរពគ្នាទៅវិញទៅមកហើយសមស្របនឹងច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ (អ.ស.ប) ផងដែរ។
គំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” (BRI) ត្រូវបានប្រធានរដ្ឋចិនលោក Xi Jinping លើកឡើងជាលើកដំបូងក្នុងឱកាសលោកទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ីកណ្ដាល កាលពីខែកញ្ញាឆ្នាំ២០១៣។ វិស័យសហប្រតិបតិ្តការស្នូលចំនួន៥ក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមនេះរួមមាន៖ ការតភ្ជាប់ គោលនយោបាយ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពាណិជ្ជកម្មនិងវិនិយោគ តភ្ជាប់ហិរញ្ញវត្ថុរូបិយវត្ថុនិងតភ្ជាប់មនុស្ស។ រហូតមកដល់ពេលនេះ មានប្រទេសនិងអង្គការអន្តរជាតិចំនួន១៥០បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនានាទាក់ទិនដល់គំនិតផ្ដួចផ្ដើមនេះ។
វេទិកាសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវ៉ាត់និងផ្លូវ” ជាវេទិកាកំពូលស្ដីពីគំនិតផ្ដួចផ្ដើមនេះ។ វេទិកាលើកទី១ត្រូវបានរៀបចំឡើងនៅទីក្រុងប៉េកាំង កាលពីខែឧសភាឆ្នាំ២០១៧។ វេទិកាលើក ទី២ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែមេសា ក្រោមប្រធានបទ “កិច្ចសហប្រតិបតិ្តការខ្សែក្រវ៉ាត់និងផ្លូវ៖ កំណត់ទម្រង់អនាគតរួមដ៏ភ្លឺស្វាង”។
ការចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការនានា
ដោយមានមាគ៌ាកិច្ចការបរទេសពហុភាគីនិយម ធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិនោះ នាបច្ចុប្បន្ន វៀតណាមកំពុងចូលរួមយន្តការសហប្រតិបតិ្តការជាច្រើនចាប់ពីថ្នាក់អនុតំបន់ តំបន់ រហូតដល់អន្តរតំបន់និងសកលលោកដូចជា៖ អង្គការសហប្រជាជាតិ APEC ASEM អាស៊ាននិងយន្តការផ្សេងៗទៀតនៅតំបន់មេគង្គ។ វៀតណាមក៏បានចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីទៀតផង ដូចជា កិច្ចព្រមព្រៀង CPTPP EVFTA និង RCEP ជាដើម។
នាខែវិច្ឆិកាឆ្នាំ២០១៧ ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នៅវៀតណាម ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្នាក់រដ្ឋាភិបាលស្ដីពីការជំរុញការតភ្ជាប់ក្របខ័ណ្ឌ “របៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់និងផ្លូវ” របស់ចិន។ នាបច្ចុប្បន្ន ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាដើម្បីកសាងផែនការមេស្ដីពីការអនុវត្តអនុស្សរណៈយោគយល់នេះ។
តាមការគ្រោងទុកថា វេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសម័យប្រជុំបើកវេទិកា ចូលរួមកិច្ចប្រជុំតុមូលកំពូលជាមួយថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសផ្សេងៗ ផងដែរ។
ពង្រឹងទំនាក់ទំនងវៀតណាម-ចិន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ” លើកទី២ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀតណាមនិងចិនបន្តរក្សាសន្ទុះអភិវឌ្ឍប្រកបដោយចីរភាព ហើយសម្រេចបាននូវការរីកចម្រើនថ្មីៗផងដែរ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមនឹងអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន អំពីវិធានការជំរុញទំនាក់ទំនង ភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ផងដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏នឹងទទួលជួបសហគ្រាសធំៗរបស់ចិន ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅចិន ផងដែរ។
ដំណើរចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវ៉ាត់និងផ្លូវ”លើកទី២របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនអោយកាន់តែរីកចម្រើនប្រកបដោយចីរភាពនិងស្ថិរភាព ព្រមទាំងជាឱកាសដើម្បីអោយវៀតណាមបើកទូលាយទីផ្សារ បម្រើបុព្វហេតុកសាងនិងការអភិវឌ្ឍប្រទេសជាតិ ផងដែរ៕