(VOVWORLD) - ការវាយប្រហារតាមជើងអាកាសរបស់អាមេរិក អង់គ្លេសនិងបារាំងទៅលើ ស៊ីរី សំដៅដាក់ទណ្ឌកម្មរដ្ឋអំណាចប្រទេសនេះដែលជាប់សង្ស័យប្រើប្រាស់អាវុធគីមី នោះ បានបង្កឡើងប្រតិកម្មយ៉ាងខ្លាំងក្លាក្នុងសហគមន៍អន្តរជាតិ។
អាគារស្រាវជ្រាវមួយនៅជិតក្រុង Damascus ត្រូវបានបំផ្លាញចោលដោយការវាយប្រហាររបស់សម្ព័ន្ធភាពអាមេរិក (រូបថត៖ EPA) |
អំពើវាយប្រហារយោធាទៅលើប្រទេសមានអធិបតេយ្យភាពមួយនេះ ត្រូវបានចាត់ទុកថា ដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.ប ហើយអាចបង្កើតឡើងផលវិបាកដ៏គ្រោះថ្នាក់ និងជំរុញការងើបឡើងរបស់លទ្ធិជ្រុលនិយមក្នុងតំបន់។ ឥឡូវនេះ សហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយលើគ្រប់ជ្រុងជ្រោយមួយសំដៅបញ្ឈប់អំពើហឹង្សានិងស្ដារសន្តិភាពឡើងវិញនៅស៊ីរី។
យោងតាមព័ត៌មានដែលបានផ្សាយថា នាព្រឹកព្រលឹមថ្ងៃទី១៤ មេសា សម្ព័ន្ធភាពយោធារបស់អាមេរិក អង់គ្លេសនិងបារាំង បានធ្វើការវាយប្រហារតាមជើងអាកាសទៅលើស៊ីរី។ ការវាយប្រហារនេះមិនអូសបន្លាយឡើយ ព្រមទាំងមិនបង្កឡើងការខូចខាតខាងអាយុជីវិតនិងសម្ភារៈដ៏ធ្ងន់ធ្ងរទេ ប៉ុន្តែរឿងហេតុនេះបានបណ្ដាលឲ្យបរិយាកាសនយោបាយអន្តរជាតិក្ដៅឡើងៗក្នុងអំឡុង៣ថ្ងៃកន្លងមក។
វាយប្រហារយោធាមិនមែនជាដំណោះស្រាយឡើយ
ប្រទេសជាច្រើនបានបញ្ចេញទស្សនៈដែលថា ការវាយប្រហាររបស់សម្ព័ន្ធភាពអាមេរិក អង់គ្លេស និងបារាំងតម្រង់ទៅលើស៊ីរី សំដៅតបតវិញរដ្ឋអំណាច Damacus ដែលជាប់សង្ស័យប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិលនោះ គឺអំពើភ្នាល់គោលការណ៍ និងស្តង់ដាររបស់សហគមន៍អន្តរជាតិ។ ព្រោះថារហូតមកដល់ពេលនេះ ការវាយប្រហារដែលជាប់សង្ស័យប្រើប្រាស់អាវុធគីមីនៅទីរួមស្រុក Douma ដែលជាកំពែងរបស់ភាគីប្រឆាំងនៅ Ghouta ខាងកើតកាលពីសប្ដាហ៍មុននោះ គឺមិនទាន់បានបញ្ជាក់នៅឡើយ។
សូម្បីតែនៅប្រទេសអាមេរិក បាតុកម្មជាច្រើនបានប្រព្រឹត្តទៅនៅទីក្រុងធំៗដូចជាLos Angeles New York និងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រឆាំងជំទាស់ការវាយប្រហារតាមជើងអាកាសដឹកនាំដោយអាមេរិកតម្រង់ទៅលើស៊ីរី។ ក្រុមប្រឹក្សាអ.ស.បបានរៀបចំកិច្ចប្រជុំជាបន្ទាន់ ប៉ុន្តែមិនចេញបានសេចក្ដីសម្រេចចិត្តណាមួយឡើយ។
រហូតមកដល់ពេលនេះ សេចក្ដីប្រកាសរបស់ភាគីនានាស្ដីពីប្រសិទ្ធភាពនៃការវាយប្រហារខាងលើនៅតែមានការខុសប្លែកជាច្រើន។ ខណៈដែលអាមេរិកបញ្ជាក់ថា គេបានជៀសវាងប្រព័ន្ធកាំជ្រួចការពារដែនអាកាសរបស់ស៊ីរី ដើម្បីវាយប្រហារទៅលើមូលដ្ឋានសំខាន់ៗនៃកម្មវិធីអាវុធគីមីនៅប្រទេសនេះ គឺរុស្ស៊ីអះអាងដោយផ្ទុយទៅវិញថា កាំជ្រួចភាគច្រើនរបស់អាមេរិកនិងលោកខាងលិច ត្រូវបានប្រព័ន្ធការពារដែនអាកាសស៊ីរីបាញ់ទម្លាក់។
ប៉ុន្តែប្រការគួរឲ្យយកចិត្តទុកដាក់ក្នុងរឿងហេតុនេះ គឺមិនអាចដោះសាឲ្យអំពើទម្លាក់គ្រាប់បែកទៅលើប្រទេសមានអធិបតេយ្យភាពមួយដែលទើបនឹងបានឆ្លងកាត់រយៈពេលដ៏យូរអង្វែងពោរពេញទៅដោយជម្លោះ ហើយកំពុងឆ្ពោះទៅរកសន្តិភាពក្រោយពីវាយបរាជ័យកម្លាំងភេរវកម្មនិងឈានចូលដំណើរការចរចានយោបាយដើម្បីស្ដារស្ថិរភាពឡើងវិញដូចស៊ីរីបានឡើយ។ ព្រោះថា នាពេលនេះ ភាគីទាំងឡាយត្រូវប្រុងប្រយ័ត្នក្នុងសកម្មភាពរបស់ខ្លួន ទើបមានសេចក្ដីសង្ឃឹមដើម្បីដោះស្រាយជំលោះក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនៅស៊ីរី។
ប្រជាពលរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងជំទាស់ការវាយប្រហារទៅលើស៊ីរី |
ស្វែងរកទិសដៅចរចា
ក្រោយពីការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធភាពយោធាអាមេរិក- អង់គ្លស-បារាំង រួមជាមួយការអំពាវនាវឲ្យអង្គការហាមឃាត់អាវុធគីមី ដំណើរការស៊ើបអង្កេតឲ្យបានឆាប់រហ័ស ពេញលេញ និងឯករាជ្យចំពោះការមន្ទិលសង្ស័យប្រើប្រាស់អាវុធគីមីនៅស៊ីរី និងការផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌ជូនចំពោះប្រជាជនស៊ីរី គឺសហគមន៍អន្តរជាតិក៏កំពុងស្វែងរកទិសដៅចរចាថ្មី ដើម្បីដោះស្រាយយ៉ាងហ្មត់ចត់នូវបញ្ហាស៊ីរី។
បណ្ដាប្រទេសនៅមជ្ឈឹមអឺរ៉ុបនិងអឺរ៉ុបបូព៌ាសុទ្ធតែអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសំដៅបញ្ឈប់អំពើហឹង្សានិងស្ដារសន្តិភាពឡើងវិញនៅស៊ីរីតាមរយៈដំណោះស្រាយការទូត។
ក្រោយពីការវាយប្រហារ អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបទាំង២ក៏កំពុងវិលត្រឡប់ទៅរកដំណោះស្រាយការទូតវិញ។ ពង្រាងសេចក្ដីសម្រេចចិត្តរួមដែលបានចងក្រងដោយប្រទេសទាំងបីនេះ បានយកមកពិភាក្សានៅក្រុមប្រឹក្សាអ.ស.ប ក្នុងនោះស្នើឲ្យបង្កើតការស៊ើបអង្កេតឯករាជ្យមួយអំពីការវាយប្រហារដោយអាវុធគីមីនៅស៊ីរី។
ក្នុងកាលៈទេសៈនេះ ភាគីទាក់ទិនទាំងអស់ត្រូវមានសកម្មភាពទាន់ពេលវេលា រួមគ្នាធ្វើការចរចាដើម្បីស្វែងរកដំណោះស្រាយដោយឈរលើធម្មនុញ្ញអ.ស.ប និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀត។ ហើយរហូតមកដល់ពេលនេះ ភាគីទាំងអស់កំពុងខិតខំប្រឹងប្រែងបើកចេញទ្វារចរចា៕