តើបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នាំមកនូវប្រសិទ្ធភាពដែរឬទេ?
(VOVWORLD) - នាថ្ងៃទី៧ ខែសីហា បទដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតរបស់អាមេរិកតម្រង់ទៅ លើអ៊ីរ៉ង់នោះ បានចូលជាធរមានជាផ្លូវការ។ ការដាក់ទណ្ឌកម្មនេះជាសសរទ្រូង មួយក្នុងគោលនយោបាយរបស់វ៉ាស៊ីនតោនចំពោះតេអេរ៉ង់។ ប៉ុន្តែតាមការវាយ តំលៃរបស់មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា បទដាក់ទណ្ឌកម្មរបស់អាមេរិកលើកនេះ នឹង ពិបាកធ្វើឲ្យអ៊ីរ៉ង់ផ្លាស់ប្ដូរគោលនយោបាយរបស់ប្រទេសនេះនៅតំបន់ មជ្ឈឹមបូព៌ា។
អាមេរិកបានប្រកាសដាក់ទណ្ឌកម្មឡើងវិញទៅលើអ៊ីរ៉ង់ ក្រោយពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ បទដាក់ទណ្ឌកម្មដំបូងរបស់អាមេរិកមានសុពលភាពក្នុងរយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែសីហា។ តាមនោះ រដ្ឋាភិបាលអ៊ីរ៉ង់នឹងត្រូវហាមឃាត់ការទិញប្រាក់ដុល្លាអាមេរិក ការជួញដូរមាស លោហៈធាតុ ធ្យូងនិងផ្នែកទន់ដែលពាក់ព័ន្ធនឹងឧស្សាហកម្ម។ ក្រៅពីនោះ អាមេរិកក៏បញ្ឈប់ការនាំចូលកំរាលព្រំនិងចំណីអាហាររបស់អ៊ីរ៉ង់ ហើយរាំងស្កាត់ការជួញដូរហិរញ្ញវត្ថុមួយចំនួននៃប្រទេសអ៊ីស្លាមនេះផងដែរ។
ក្រោយមកទៀត នាដើមខែវិច្ឆិកាខាងមុខនេះ អាមេរិកគ្រោងនឹងចេញបទដាក់ទណ្ឌកម្មទី២តម្រង់ទៅលើផ្នែកប្រេងឧស្ម័ននិងធនាគារកណ្ដាលអ៊ីរ៉ង់។
ភាពតឹងរឹងរបស់អាមេរិក
អាមេរិកដាក់ទណ្ឌកម្មឡើងវិញទៅលើអ៊ីរ៉ង់ ក្នុងបរិបទដែលខឿនសេដ្ឋកិច្ចអ៊ីរ៉ង់កំពុងមានសញ្ញាអវិជ្ជមាន ដោយអតិផរណាកើនឡើង និងរូបិយប័ណ្ណក្នុងស្រុកធ្លាក់តំលៃ។ សភាពការណ៍សេដ្ឋកិច្ចលំបាកបណ្ដាលឲ្យការសាកល្បងខាងសង្គមកិច្ចនៅអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរថែមទៀតដូចជា៖ គម្លាតរវាងអ្នកមាននិងអ្នកក្រីក្រកាន់តែធំជាង ហើយការធ្វើបាតុកម្មក៏កើតមានឡើងកាន់តែច្រើនជាងមុនផងដែរ។
នាថ្ងៃដែលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ចូលជាធរមាននោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់យ៉ាងច្បាស់ថា៖ អាមេរិកនឹងអនុវត្តឲ្យបានពេញលេញនូវបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់។ ប៉ុន្តែ បទដាក់ទណ្ឌកម្មរបស់អាមេរិក ពិបាកនឹងបណ្ដាលឲ្យអ៊ីរ៉ង់ផ្លាស់ប្ដូរគោលនយោបាយរបស់ប្រទេសនេះនៅតំបន់មជ្ឈឹមបូព៌ាណាស់។ បទដាក់ទណ្ឌកម្មទាំងនេះបានត្រឹមតែពង្រឹងអាកប្បកិរិយា “មិនធ្វើសម្បទាន” របស់អ៊ីរ៉ង់នៅមជ្ឈឹមបូព៌ាប៉ុណ្ណោះ។ ហើយបទដាក់ទណ្ឌកម្មនេះនឹងមិនមានប្រសិទ្ធភាពជាពិតប្រាកដឡើយប្រសិនបើវាមិនទទួលបានការគាំទ្រពីពិភពលោក។
ការទប់ទល់របស់អ៊ីរ៉ង់
ដូចការរំពឹងទុក អ៊ីរ៉ង់បានប្រកាសថា ខ្លួនមិនថយក្រោយចំពោះ ផែនការរបស់អាមេរិកទេ។ បន្ទាប់ពីបទដាក់ទណ្ឌកម្មរបស់អាមេរិកចូលជាធរមាននោះ ប្រទេសអ៊ីស្លាមនេះ បានចេញវិធានការជាច្រើនដើម្បីកែសម្រួលបទបញ្ញាត្តិស្ដីពីការប្ដូរប្រាក់បរទេស។
មិនត្រឹមតែអ៊ីរ៉ង់ប៉ុណ្ណោះទេ ប្រទេសអឺរ៉ុបនានាក៏ចូលរួមទប់ទល់នឹងបទដាក់ទណ្ឌកម្មរបស់អាមេរិកទៀតផង។ សហភាពអឺរ៉ុប (EU) បានប្រកាសថា ប្លុកនេះត្រៀមខ្លួនជាស្រេចចេញវិធានការថ្មីដើម្បីការពារសហគ្រាសអឺរ៉ុបចំពោះផលប៉ះពាល់ក្រោយការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់កើតមានឡើង។
ច្បាស់លាស់ណាស់ថា ក្នុងសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ រហូតដល់ពេលនេះអាមេរិកមិនបញ្ចុះបញ្ចូលបានសម្ព័ន្ធមិត្តអឺរ៉ុបនានាបានឡើយ ខណៈដែលក្រុមប្រទេសនេះនៅតែគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយអ៊ីរ៉ង់។ ហើយបទដាក់ទណ្ឌកម្មរបស់អាមេរិកនឹងមិនមានប្រសិទ្ធ ភាពជាពិតប្រាកដឡើយ ព្រោះថាមិនទទួលបានការគាំទ្រពីទូទាំងពិភពលោក។
ប្រហែលជាអាមេរិកក៏យល់អំពីបញ្ហាខាងលើ ដូច្នេះហើយបើទោះបីដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ក្ដី ប៉ុន្តែសេតវិមានក៏ដាក់ចេញលក្ខខ័ណ្ឌអនុញាតឲ្យអ៊ីរ៉ង់ស្ដារសកម្មភាពពាណិជ្ជកម្មឡើងវិញ។ នោះគឺ អ៊ីរ៉ង់ នឹងផ្លាស់ប្ដូរសកម្មភាពតាមទិសកណ្ដាលនិយម ហើយនឹងពិភាក្សាអំពីការព្រួយបារម្ភរបស់អាមេរិកទាក់ទិនដល់ការដែលប្រទេសនេះសាកល្បងកាំជ្រួចមីស៊ីល ឬការជួយឧបត្ថម្ភក្រុមឧទ្ទាមនានាក្នុងតំបន់។ ប៉ុន្តែ ការដែលអាមេរិកដាក់ទណ្ឌកម្មឡើងវិញ ដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ហើយនៅតែចង់មានកិច្ចចរចាជាថ្មីម្ដងទៀតនោះ បានបណ្ដាលឲ្យអ៊ីរ៉ង់បំបាត់ការជឿទុកចិត្តទៅលើអាមេរិក។ នាបច្ចុប្បន្ន មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានអះអាងថា វ៉ាស៊ីនតោនមិនអាចបញ្ជាក់លើទំនុកចិត្តរបស់ខ្លួនក្នុងកិច្ចចរចាណាមួយបានឡើយ៕