ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិននៅតែមានឧបសគ្គជាច្រើន

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករា គណៈប្រតិភូមន្ត្រីនៃអាមេរិកនិងចិនបានដំណើរ ការវង់ចរចាជាន់ខ្ពស់ថ្មីនៅរដ្ឋធានីវ៉ាស៊ីនតោន សំដៅដោះស្រាយការខ្វែងគំនិត ពាក់ព័ន្ធដល់គោលនយោបាយពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុត ពិភពលោកទាំងពីរនេះ។ ក្នុងរយៈពេល២ថ្ងៃ គណៈប្រតិភូនៃប្រទេសទាំងពីរនឹង ពិភាក្សាអំពីបញ្ហាជាច្រើន ប៉ុន្តែរាល់ការវិវឌ្ឍនៅខាងក្រៅជំនួបចរចានេះ បានសរ អោយឃើញនូវការលំបាកជាច្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិង ចិន។

នេះជាជំនួបចរចាជាន់ខ្ពស់បំផុតរវាងភាគីទាំងពីរនៅសេតវិមាន ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping កាលពីខែធ្នូឆ្នាំ២០១៨ បានតាំងចិត្តផ្អាកសង្គ្រាមពាណិជ្ជកម្មក្នុងរយៈពេលេ៩០ថ្ងៃ ដើម្បីដំណើរការចរចា សំដៅបញ្ឈប់ស្ថានភាពតានតឹង។ ក្នុងវង់ចរចាថ្មីនេះ គណៈប្រតិភូអាមេរិកដឹកនាំដោយតំណាងពាណិជ្ជកម្មលោក Robert Lighthizer ខណៈដែលគណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្រ្តីលោក Liu He។

        កាលកំណត់កំពុងជិតអស់

        ការសន្យាផ្អាកសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិននឹងអស់សុពលភាពនាដើមខែមីនាខាងមុខ។ ប្រសិនបើមិនអាចស្វែងរកបាននូវវិធានការដ៏សមស្របសម្រាប់ភាគីទាំងពីរនោះទេ គឺអាមេរិកនឹងដម្លើងពន្ធចំនួន២៥%លើកញ្ចប់ទំនិញក្នុងតម្លៃ២០០ពាន់លានដុល្លាអាមេរិករបស់ចិន។

        រាល់ការចោទប្រកាន់របស់អាមេរិកស្ដីពីចារកម្មរបណ្ដាញអ៊ីនធឺណិតរបស់ចិនដែលបានលួច អាឋ៍កំបាំងពាណិជ្ជកម្មនៃប្រទេសនេះ ក៏ដូចជាយុទ្ធនាការដោយមានការរៀបចំមួយសំដៅទិញយកក្រុមហ៊ុនបច្ចេកវិទ្យានានារបស់អាមេរិកនោះ ត្រូវបានរដ្ឋអំណាចប្រធានាធិបតីលោក Donald Trump ប្រើប្រាស់ដើម្បីបកស្រាយសម្រាប់ការដម្លើងពន្ធលើកញ្ចប់ទំនិញក្នុងតម្លៃ២៥០ពាន់លានដុល្លាអាមេរិកដែលបាននាំចូលពីប្រទេសចិន។ ប្រធានាធិបតីរូបនេះបានប្រកាសថា នឹងដម្លើងពន្ធពីកម្រិត១០%នាបច្ចុប្បន្នឡើងដល់ទៅ២៥%លើកញ្ចប់ទំនិញក្នុងតម្លៃ២០០ពាន់លានដុល្លាអាមេរិករបស់ចិន ចាប់ពីថ្ងៃទី២ ខែមីនា ខាងមុខ ប្រសិនបើភាគីទាំងពីរមិនទទួលបាននូវកិច្ចព្រមព្រៀងណាមួយឡើយ ហើយក៏នឹងដម្លើងពន្ធជាថ្មីម្ដងទៀតលើកញ្ចប់ទំនិញនៅសេសសល់ដែលបាននាំចូល ពីចិន តែម្ដង។

        ក្នុងពេលជាមួយគ្នានោះ ចិនបានច្រានចោលការចោទប្រកាន់ដែលចាត់ទុកថា គោលនយោបាយរបស់ប្រទេសនេះគឺសំដៅបង្ខំអោយក្រុមហ៊ុនបរទេសត្រូវផ្ទេរប្រគល់បច្ចេកវិទ្យា។ ចិនក៏បានសង្កត់ធ្ងន់លើវិធានការមួយចំនួនដែលប្រទេសនេះបានអនុវត្តន៍ ដូចជាការកាត់បន្ថយពន្ធរថយន្ត និងសេចក្ដីព្រាងនៃច្បាប់វិនិយោគបរទេស សំដៅលើកកំពស់សមត្ថភាពទាក់ទងសម្រាប់ សហគ្រាសបរទេស ក៏ដូចជាការសន្យាហាមឃាត់ប្រើប្រាស់វិធានការរដ្ឋបាលសំដៅចាប់បង្ខំអោយផ្ទេរប្រគល់បច្ចេកវិទ្យា ផងដែរ។ សេចក្ដីព្រាងនៃច្បាប់វិនិយោគបរទេសថ្មី ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចិនអនុម័ត ដែលក្នុងនោះមានមាត្រាដែលហាមឃាត់ការចាប់បង្ខំអោយក្រុមហ៊ុនបរទេសត្រូវផ្ទេរប្រគល់បច្ចេកវិទ្យាប្រសិនបើគេមានបំណងជ្រៀតចូលទីផ្សារចិន។ មានលទ្ធភាព ៩០%ដែលសេចក្ដីព្រាងនៃច្បាប់នៃនឹងត្រូវបានអនុម័តក្នុងកិច្ចប្រជុំនាថ្ងៃទី៥ខែមីនាខាងមុខ។

        នៅតែមានការជំពាក់ជំពិនជាច្រើនទៀត

        ខណៈដែលកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានការរីកចម្រើននោះ គឺកាយវិការមួយចំនួនរបស់អាមេរិក បានធ្វើអោយសាធារណៈមតិព្រួយបារម្ភអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។ ចំនឹងថ្ងៃប្រព្រឹត្តទៅជំនួបចរចាពោលខាងលើ អាមេរិកបានដាក់ជូនអង្គការពាណិជ្ជកម្មពិភពលោក (WTO) នូវសំណួរចំនួន៧០ពាក់ព័ន្ធដល់កម្មវិធីផ្ដល់ជំនួយនានារបស់ ប៉េកាំង ព្រមទាំងសង្កត់ធ្ងន់លើការព្រួយបារម្ភអំពីតួនាទីរបស់រដ្ឋក្នុងទីផ្សារកំពុងអភិវឌ្ឍន៍នៃចិន ផងដែរ។

        មុននោះ នាថ្ងៃទី២៨ ខែមករា អាជ្ញាធរអាមេរិកបានចោទប្រកាន់សម្ព័ន្ធក្រុមហ៊ុន Huawei និងលោកស្រី Meng Wanzhou រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២ទៀតរបស់ Huawei ពីបទរំលោភបំពានលើការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់។ ក្នុងដីកាចោទប្រកាន់ ក្រសួងយុត្តិធម៌អាមេរិកបានចាត់ទុកថា Huawei បានឆរបោកធនាគារអន្តរជាតិមួយនិងអាជ្ញាធរអាមេរិកអំពីទំនាក់ទំនងរវាងពួកគេជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង២គឺ Skycom Tech និង Huawei Device USA ដើម្បីដំណើរការជួញដូរប្រាក់នៅអ៊ីរ៉ង់។ ចំពោះកាយវិកានេះរបស់អាមេរិក ក្រសួងការបរទេស ចិនបានអំពាវនាវអោយអាមេរិកបញ្ឈប់ភ្លាមមួយរំពិចសកម្មភាពបង្ក្រាបដោយគ្មានមូលដ្ឋានតម្រង់ទៅលើក្រុមហ៊ុនចិននានាដែលក្នុងនោះមាន Huawei ព្រមទាំងលុបចោលដីកាចាប់ខ្លួនលោកស្រី Meng Wanzhou តែម្ដង។

        ក្នុងពេលជាមួយគ្នានោះ នៅក្នុងសវនាការស្ដីពីការគំរាមកំហែងអន្តរជាតិនៅគណៈកម្មាធិការចារកម្មព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Christopher Wray បានបង្ហាញថា ការិយាល័យ FBI ទាំង៥៦កន្លែងក្នុងទូទាំងប្រទេសអាមេរិកកំពុងស៊ើបអង្កេតរឿងក្ដីចារកម្មសេដ្ឋកិច្ច ហើយ សឹងតែទាំងអស់ គឺតម្រង់ទៅលើ ចិន ដូចគ្នាដែរ។

        ច្បាស់លាស់ថា រាល់ព័ត៌មានពោលខាងលើគឺមិនមានផលប្រយោជន៍អ្វីសោះចំពោះទំនាក់ទំនងរវាងអាមេរិកនិងចិនឡើយ ហើយនឹងប៉ះពាល់ដល់ដំណើរការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរ ផងដែរ។ ក្នុងកាលៈទេសៈនេះ វង់ចរចាក្នុងរយៈពេល២ថ្ងៃលើកនេះ ពិបាកនឹងដោះស្រាយអោយបានជ្រះស្រឡះការខ្វែងគំនិតរវាងភាគីទាំងពីរ។ ប្រហែលថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងជៀសវាងការជាប់គាំងទាំងស្រុង ហើយឯកភាពគ្នាលើចំណុចមួយចំនួនដើម្បីបង្កើតបុព្វបទសម្រាប់ដំណាក់កាលជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ