ទំនាក់ទំនងវៀតណាម - រុស្ស៊ីបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើន
(VOVWORLD) -នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
(រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចផ្លូវការមកកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានប្រព្រឹត្តិទៅ ក្រោយពីដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឋានៈជាអគ្គលេខាបក្ស។ ដំណើរទស្សនកិច្ចលើកនេះ នឹងបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីពន្លឿនការអនុវត្តរាល់កិច្ចព្រមព្រៀង ដែលទទួលបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ទំនាក់ទំនងវៀតណាម - រុស្ស៊ីទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើនលើគ្រប់វិស័យ
ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម និងសហព័ន្ធរុស្ស៊ីកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយ ដោយទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល និងមនុស្សធម៌។ ទំនាក់ទំនងនយោបាយដែលមានទំនុកទុកចិត្តខ្ពស់ត្រូវបានពង្រឹងតាមរយៈយន្តការផ្លាស់ប្តូរគណៈប្រតិភូ ក៏ដូចជាការជួបប្រាស្រ័យទ្វេភាគីលើគ្រប់វិស័យជាប្រចាំ ជាពិសេសគឺថ្នាក់ដឹកនាំជាន់ខ្ពស់ យន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាយុទ្ធសាសាស្ត្រ។
ដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឋានៈជាអគ្គលេខាបក្សកាលពីខែកញ្ញាកន្លងទៅ បានបង្កើតកម្លាំងចលករថ្មី សំដៅពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីបានចុះហត្ថលេខាលើឯកសារចំនួន ១៥ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ធនាគារ និងសន្តិសុខព័ត៌មាន។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងដើម្បីពង្រីកប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប។ ក្រោយរយៈពេល ២ ឆ្នាំ កិច្ចព្រមព្រៀងនេះមានសុពលភាពមក នាខែកញ្ញាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរុស្ស៊ីទទួលបាន ៣,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៣៧ % ប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៧។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh បានចាត់ទុកថា៖
“រុស្ស៊ីគឺជាទីផ្សារដ៏ធំ ដែលមានចំនួនប្រជាជន ១៤០ លាននាក់ ហើយមានប្រជាជនវៀតណាមបានរស់នៅជាច្រើនកុះករ។ វៀតណាមក៏ជាប្រទេសដំបូងគេដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ។ ហេតុដូច្នេះហើយនេះគឺជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាម។ ប្រការគួរឲ្យសប្បាយរីករាយគឺ ទំនិញរបស់វៀតណាម ដែលមានគុណភាពខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរុស្ស៊ី។ លើសពីនេះទៀត ជនជាតិវៀតណាមបានរស់នៅរុស្ស៊ីយ៉ាងច្រើនកុះករ ដែលបានយល់ដឹងអំពីវប្បធម៌រុស្ស៊ី ហើយពួករគេជាស្ពានតភ្ជាប់រវាងទំនិញវៀតណាម និងរុស្ស៊ី”។
ស្ដីពីវិស័យអប់រំនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតវៀតណាមចំនួន ជិត ១០០០ នាក់ មកបន្តការសិក្សានៅសាកលវិទ្យាល័យនានានៅរុស្ស៊ី។ ចំណែកឯវិស័យទេសចរណ៍ វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជនត្រូវបានបន្តជំរុញខ្លាំង។
ទន្ទឹមនឹងលក្ខណៈអំណោយផងទាំងនេះ ភាគីទាំងពីរនៅតែមិនទាន់ឆ្លៀតយកឲ្យអស់នូវសក្ដានូពល ដូចជាលើវិស័យជលផលផងដែរ។ លោក Truong Dinh Hoe អគ្គលេខាធិការនៃសមព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) បានឲ្យដឹងថា៖
“ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងស្ថិតក្នុងដំណាក់កាលស្ដារឡើងវិញ ។ ហេតុដូច្នេះហើយតម្រូវការរបស់គេមិនសូវខ្លាំងឡើយ ជាពិសេសគឺរុស្ស៊ីក៏មានធនធានជលផលជាច្រើនផងដែរ។ ម៉្យាងវិញទៀត ការពង្រីកបញ្ជីរាយនាមសហគ្រាសដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីនាំចេញទៅកាន់ទីផ្សាររុស្ស៊ីគឺមិនទាន់ដោះស្រាយបានផងដែរ”។
ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី
វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូឈានមុខគេក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ហើយផ្ទុយទៅវិញវៀតណាមត្រូវបានចាត់ទុកជាប្រទេសដែលមានសារៈសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ ។ហេតុដូច្នេះភាគីទាំងពីរមានតម្រូវការបើកទូលាយ និងបង្កើតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Dmitry Medvedev លើកនេះបានបង្ហាញនូវសុឆន្ទៈរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ីផងដែរ៕