បើកចេញលំហរសហប្រតិបតិ្តការថ្មីរវាងវៀតណាមជាមួយរូម៉ានីនិងសាធារណៈរដ្ឋឆែក

(VOVWORLD) - នាថ្ងៃទី១៨ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់យ៉ាងល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរូម៉ានីនិងសាធារណៈរដ្ឋឆែក។ នេះជាសកម្មភាពកិច្ចការបរទេសសំខាន់ចំនួន២របស់វៀត ណាមក្នុងឆ្នាំ២០១៩។ រាល់លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងបង្កើត កម្លាំងចលករថ្មីដើម្បីជំរុញអោយទំនាក់ទំនងរវាងវៀតណាមជាមួយរូម៉ានីនិង សាធារណៈរដ្ឋឆែកបោះជំហានទៅមុខ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិនិយោគ។
បើកចេញលំហរសហប្រតិបតិ្តការថ្មីរវាងវៀតណាមជាមួយរូម៉ានីនិងសាធារណៈរដ្ឋឆែក - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីរូម៉ានីលោក Klaus Iohannis (រូបថត៖ chinhphu.vn)

  ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មិនត្រឹមតែសំដៅតម្រង់ទិសនិងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរពោលខាងលើប៉ុណ្ណោះទេ ថែមទាំងបានទាញយកការគាំទ្ររបស់ប្រទេសទាំងពីរនេះក្នុងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU) ទៀតផង ជាពិសេសគឺក្នុងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) អោយបានឆាប់ៗទៀតផង។ សេចក្ដីថ្លែងការណ៍រួមវៀតណាម-រូម៉ានីនិងសេចក្ដីថ្លែងការណ៍រួមវៀតណាម-ឆែក បានបើកចេញ លំហរសហប្រតិបតិ្តការថ្មីរវាងវៀតណាមជាមួយប្រទេសទាំងពីរនេះនាពេលខាងមុខ។

        លទ្ធផលជាក់ស្ដែងលើគ្រប់វិស័យ

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញជួបចរចា ជួបសវនាការជាមួយថ្នាក់ដឹកនាំសឹងតែទាំងអស់នៃរូម៉ានីនិងឆែក ក៏ដូចជាជួបប្រាស្រ័យជាមួយ សហគមន៍ធុរជននិងសហគមន៍អាណិកជនវៀតណាមផងដែរ។ ថ្នាក់ដឹកនាំរូម៉ានីនិងឆែក សុទ្ធតែបង្ហាញនូវការគាំទ្រចំពោះការចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀង EVFTA សំដៅនាំមកនូវកាលានុវត្តភាពថ្មីៗខាងសេដ្ឋកិច្ចនិងវិនិយោគរវាងវៀតណាមជាមួយ EU។

        រូម៉ានីនាបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានដោយប្ដូរវែន របស់ EU ក្នុងឆមាសទី១ ឆ្នាំ ២០១៩។ ក្នុងជំនួបចរចាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរូម៉ានីលោកស្រី Viorica Dancila បានអះអាងថា ក្នុងរយៈពេលដឹកនាំ EU រូម៉ានីនឹងមានសកម្មភាពចាំបាច់នានាដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (IPA)។ លោកស្រីបានអញ្ជើញមានប្រសាសន៍ថា៖

        “នេះជាពេលវេលាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ពេលដែលមានដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅរូម៉ានីក្រោយរយពេល៤២ឆ្នាំ។ ប្រទេសយើងទាំងពីរមានទំនាក់ទំនងសហប្រតិបតិ្តការដ៏ល្អប្រសើរលើវិស័យជាច្រើន ជាពិសេសគឺអប់រំនិងវប្បធម៌។ មានប្រជាពលរដ្ឋវៀតណាចំនួន៤ពាន់នាក់ដែលបានទៅសិក្សារៀនសូត្រនៅរូម៉ានី ដែលដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ ក្នុងឋានៈជាប្រធាន EU នាបច្ចុប្បន្ន រូម៉ានីគាំទ្រចំពោះការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀង IPA ក្នុងរយៈពេលឆាប់បំផុត។ នាប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចរូម៉ានីនិងវៀតណាមសុទ្ធតែមានកំណើនល្អប្រពៃ អញ្ចឹងយើងមានកាលានុវត្តភាពសហប្រតិបតិ្តការលើវិស័យជាច្រើន”។

បើកចេញលំហរសហប្រតិបតិ្តការថ្មីរវាងវៀតណាមជាមួយរូម៉ានីនិងសាធារណៈរដ្ឋឆែក - ảnh 2 នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis អញ្ជើញទទួលជួបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)

        ចំពោះឆែក ចំណុចលេចធ្លោក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នោះគឺភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបើកជើង ហោះហើរត្រង់ តាមនោះជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពលករ ទេសចរណ៍និងវិនិយោគរវាងប្រទេសទាំងពីរបន្តរីកចម្រើនប្រកបដោយភាពងាយស្រួលថែមទៀត។ អញ្ជើញថ្លែងនៅវេទិកាធុរកិច្ចវៀតណាម-ឆែកក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់ខ្លួន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖

        “យើងខ្ញុំបានឯកភាពថា រដ្ឋាភិបាលទាំងពីរសន្យាបង្កគ្រប់លក្ខណៈដើម្បីអោយសហគ្រាសនៃភាគីទាំងពីរតភ្ជាប់គំនិតផ្ដួចផ្ដើម ក៏ដូចជាគម្រោងអាជីវកម្មដើម្បីឆ្ពោះទៅរកជោគជ័យ។ ខឿនសេដ្ឋកិច្ចឆែកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ខណៈដែលវៀតណាមក៏មានសក្ដានុភាពជាច្រើនដែរ។ ប្រទេសយើងទាំងពីរមានខឿនសេដ្ឋកិច្ចផលិតទំនិញ ជាពិសេសគឺវិស័យកសិកម្ម ដែលមានលក្ខណៈបំពេញបន្ថែមគ្នាជាងការប្រកួតប្រជែងគ្នាដោយផ្ទាល់។ នេះជាសក្ដានុភាពធំធេងដើម្បីអោយយើងបើកទូលាយកិច្ចសហប្រតិបតិ្តការអោយកាន់តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពថែមទៀត”។

       ជំរុញការយោគយល់រួមស្ដីពីសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល

        ក្រៅពីលទ្ធផលជាក់ស្ដែងដែលសម្រេចបាន ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅរូម៉ានីនិងឆែក ក៏បានជំរុញការយោគយល់រួមដ៏សំខាន់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចំពោះភាពចាំបាច់នៃកិច្ចសហការគ្នាយ៉ាងស្អិតរមួតសំដៅរក្សាសន្តិភាព សន្តិសុខក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញនិងឆាប់រហ័ស។ លោកនាយករដ្ឋមន្រ្តីវៀតណាមនិងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រូម៉ានីនិងឆែកសុទ្ធតែគាំទ្រចំពោះការជំរុញសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយឈរលើលទ្ធិពហុភាគីនិយម គោរពតួនាទីរបស់អង្គការសហប្រជាជាតិ សន្យាគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សិទ្ធិស្វ័យសម្រេច និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំវៀតណាមនិងប្រទេសទាំងពីរពោលខាងលើបានសង្កត់ធ្ងន់ថា ជម្លោះអន្តរជាតិនានាចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

        អាចអះអាងបានថា ជាមួយរាល់លទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរខាងលើ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នោះ គឺអនាគតនៃទំនាក់ទំនងរវាង វៀតណាមជាមួយរូម៉ានីនិងឆែក នឹងឈានចូលដំណាក់កាលអភិវឌ្ឍថ្មីជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ