បង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់
(VOVWORLD) - វៀតណាមនិងនូវែលហ្សេឡង់បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៧៥។ នាឆ្នាំ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើ គ្រប់ជ្រុងជ្រោយ ហើយនាឆ្នាំ២០១៥ ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែង ការណ៍រួម ដោយបានឯកភាពលើការបង្កើននិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនង ជាដៃគូលើគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ជួបសន្ទនាទ្វេភាគីជាមួយសមភាគីនូវែលហ្សេឡង់ |
ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នាថ្ងៃទី១២ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាប់ផ្ដើមសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ចាប់ពីថ្ងៃទី១១ដល់ទី១៤ មីនា។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅនូវែលហ្សេឡង់ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដែលរួមចំណែកបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាមនិងនូវែលហ្សេឡង់។
ឆ្ពោះទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់
វៀតណាមនិងនូវែលហ្សេឡង់បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៧៥។ នាឆ្នាំ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ហើយនាឆ្នាំ២០១៥ ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានឯកភាពលើការបង្កើននិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងជាដៃគូលើគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ។ នៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការអាស៊ី-ប៉ាស៊ីហ្វិក - APEC 2017 ដែលត្រូវបានរៀបចំឡើងនៅវៀតណាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ វៀតណាមនិងនូវែលហ្សេឡង់ ក៏បានសម្រេចរួចរាល់ការចងក្រងនិងចុះហត្ថលេខាលើកម្មវិធីសកម្មភាពដំណាក់កាល២០១៧-២០២០។
លើវិស័យកិច្ចការបរទេស នូវែលហ្សេឡង់ចាត់ទុកវៀតណាមជាកត្តាសំខាន់ក្នុងគោលនយោបាយចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយចំណែកវិស័យសេដ្ឋកិច្ចវិញ គឺនូវែលហ្សេឡង់ក៏វាយតំលៃវៀតណាមជាដៃគូមានសក្ដានុពលដែរ។ ទំហំនាំចេញរបស់វៀតណាមទៅនូវែលហ្សេឡង់ឈរលំដាប់ថ្នាក់ទី១៩។ នាឆ្នាំទៅមិញ ទំហំពាណិជ្ជកម្មទ្វេភាគីគឺ៩០០លានដុល្លាអាមេរិក ហើយនាបច្ចុប្បន្ន នូវែលហ្សេឡង់ជាដៃគូពាណិជ្ជកម្មធំទី៣១ របស់វៀតណាម។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដាក់ចេញគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១,៧ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ នាបច្ចុប្បន្ននូវែលហ្សេឡង់មានគម្រោងការណ៍វិនិយោគចំនួន២៨នៅវៀតណាម ដោយទុនចុះបញ្ជីជាង១០០លានដុល្លាអាមេរិក។ នូវែលហ្សេឡង់បានសន្យា នឹងផ្ដល់ទុន ODA ចំនួន១៩លានដុល្លាអាមេរិកសំរាប់វៀតណាមក្នុងដំណាក់កាលចាប់ពីខែកក្កដាឆ្នាំ២០១៥ដល់ខែមិថុនាឆ្នាំ២០១៨ ដើម្បីជួយឧបត្ថម្ភវៀតណាមជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្ម សុខាភិបាលនិងអប់រំ។ នាបច្ចុប្បន្ន មាននិស្សិតវៀតណាមប្រមាណ៣០០០នាក់ដែលកំពុងសិក្សារៀនសូត្រនៅនូវែលហ្សេឡង់ ដោយឈរលំដាប់ថ្នាក់ទី៩ក្នុងចំណោមប្រទេសដែលមាននិស្សិតវៀតណាមតាមសិក្សាជាច្រើនបំផុត។
លើវេទិកាតំបន់និងអន្តរជាតិ វៀតណាមនិងនូវែលហ្សេឡង់តែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងនោះមានការចរចា ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
រួមវិភាគទានយ៉ាងសកម្មសំរាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនូវែលហ្សេឡង់-អាស៊ាន
នូវែលហ្សេឡង់ជានិច្ចកាលគោរពតួនាទីរបស់អាស៊ាន ពិសេសគឺក្នុងកាលៈទេសៈដែលអាស៊ាននិងនូវែលហ្សេឡង់រំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូ ហើយតម្លើងជាផ្លូវការទៅភាពជាដៃគូយុទ្ធសាស្ត្រ (ខែវិច្ឆិកា ឆ្នាំ២០១៥)។ នូវែលហ្សេឡង់បានសន្យា នឹងផ្ដល់ទឹកប្រាក់ចំនួន ១៣៦លានដុល្លាអាមេរិកក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រចំនួនពីរស្ដីពីមនុស្សនិងវិបុលភាព ដោយចាត់ទុកនេះជាចំណុចស្នូលនៃផែនការសកម្មភាពអាស៊ាន-នូវែលហ្សេឡង់។ អាស៊ាននាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី៥បំផុតរបស់នូវែលហ្សេឡង់។
ដោយតួនាទីជាសមាជិកសកម្មក្នុងអាស៊ានវៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់នូវែលហ្សេឡង់លើវិស័យជាច្រើន ពិសេសគឺក្នុងកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ។ វៀតណាមនិងនូវែលហ្សេឡង់បានបង្កើនកិច្ចសហការ សំដៅពង្រីកនូវតួនាទីនិងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបតិ្តការសន្តិសុខតំបន់នានា ដឹកនាំដោយអាស៊ានផងដែរ។
ដោយឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចនៅនូវែលហ្សេឡង់របស់នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc នឹងបង្កើនបន្ថែមកម្លាំងចលករដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នាំមកជូនឱកាសបើកទូលាយកិច្ចសហប្រតិបតិ្តការនាអនាគត ពិសេសគឺវិស័យដែលភាគីទាំងពីរមានតម្រូវការនិងឧត្តមភាព៕