បង្កើតកម្លាំងចលករនិងមូលដ្ឋានគ្រឹះថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលី

(VOVWORLD) - នាថ្ងៃទី២៣ ខែសីហា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានអញ្ជើញ ចាប់ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀត ណាម គិតចាប់តាំងពី ពេលដែលលោកចូលកាន់តំណែងនាខែឧសភាឆ្នាំ២០១៩។ 

ដោយសារតែបានប្រព្រឹត្ត ទៅក្រោយពីពេលដែលប្រទេសទាំងពីរលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រ បានជាដូច្នេះហើយដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី អូស្ត្រាលី លោក Scott Morrison នឹងបង្កើតកម្លាំងចលករក៏ដូចជាមូលដ្ឋានគ្រឹះថ្មីសម្រាប់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអូស្ត្រាលីត្រូវបាន បង្កើតឡើង ក្នុងដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីខែមីនាឆ្នាំ២០១៨។ នាពេលកន្លងទៅ ភាគី ទាំងពីរបានសហការគ្នាយ៉ាងសកម្មអនុវត្តខ្លឹមសារសហប្រតិបតិ្តការសំខាន់ៗ ដែលបានដាក់ចេញក្នុងសេចក្ដីថ្លែងការណ៍ពីការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រហើយសម្រេចបាននូវលទ្ធផលដ៏វិជ្ជមានទាំងខាងបរិមាណនិងគុណ ភាព។ ការដែលនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison សម្រេចមក បំពេញទស្សនកិច្ចនៅវៀតណាម មិនយូរប៉ុន្មានក្រោយពីលោកជាប់ឆ្នោតកាល ពីខែឧសភាកន្លងទៅ បានសរអោយឃើញថា អូស្ត្រាលីគោរពវៀត ណាមក៏ដូចជា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមផងដែរ។

        ផលប្រយោជន៍ស្រដៀងគ្នានិងការជឿទុកចិត្តទៅវិញទៅមក

        លក្ខណៈលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរគឺការកើនឡើងនៃ ផលប្រយោជន៍ដ៏ប្រហាក់ប្រហែលគ្នានិងការជឿទុកចិត្តទៅវិញទៅមក ដែលបានបង្ហាញ តាមរយៈដំណើរទស្សនកិច្ចនិងជំនួបទ្វេភាគីគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។

        ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មបន្តជាចំណុចភ្លឺក្នុងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨សម្រេចបាន ប្រមាណ៧ពាន់លានដុល្លាអាមេរិក។ ក្នុងឆមាសទីមួយឆ្នាំ២០១៩សម្រេចបាន ជាង៣,២ពាន់លានដុល្លាអាមេរិក កើន៨%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ មិញ។ អូស្ត្រាលីកំពុងជាវិនិយោគិនបរទេសធំទី១៩របស់វៀតណាម ដោយមាន ទុនសរុបជាង១,៩ពាន់លានដុល្លា។ ចំណុចថ្មីមួយទៀត គឺសហគ្រាសឯកជនធំៗ មួយចំនួនរបស់វៀតណាមដូចជា VinGroup TH Group និង Vietjet បានចាប់ផ្ដើម ដំណើរការគម្រោងសហប្រតិបតិ្តការវិនិ យោគនៅអូស្ត្រាលី។ ជំនួយ អភិវឌ្ឍ (ODA) របស់អូស្ត្រាលីផ្ដល់ជូនវៀតណាមបន្តត្រូវបានរក្សានៅកម្រិតខ្ពស់ ដែលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកែទម្រង់សេដ្ឋកិច្ចនិងអភិវឌ្ឍប្រភពធនធានមនុស្សនៅវៀតណាម។

        ទោះបីជាមានការរីកចម្រើនគួរអោយកត់សម្គាល់នាឆ្នាំកន្លងទៅក្ដី ប៉ុន្តែ សក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅតែមានធំធេងណាស់។ តាមលោក Richard Yetsenga សេដ្ឋ កិច្ចវិទូនិងជាប្រធានផ្នែកស្រាវជ្រាវនៃធនាគារ ANZ បានចាត់ទុកថា វៀតណាម កំពុងក្លាយទៅជាទីផ្សារគួរអោយទាក់ទាញចំពោះវិនិយោគិនអូស្ត្រាលី៖

        “ទីផ្សារវៀតណាមមានគុណសម្បត្តិគួរអោយទាក់ទាញជាច្រើនដូចជា ពលករមានជំនាញវិជ្ជាជីវៈ ឬក៏សេវាកម្មភ័ស្តភាសមស្របនឹងមនុស្សមានប្រាក់ ចំណូលកម្រិតមធ្យម។ សេដ្ឋកិច្ចវៀតណាមក៏មានឱកាសតភ្ជាប់ជាមួយទីផ្សារ ធំៗផ្សេងទៀតអាស្រ័យដោយការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាង១០០ជាមួយប្រទេសនានាលើពិភពលោក”។

        ប្រសិនបើសេដ្ឋកិច្ច ពាណិជ្ជកម្មជាផ្នែកលេចឡើងនោះ គឺទំនាក់ទំនង នយោបាយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរជាមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហ ប្រតិបតិ្តការទ្វេភាគីផង ថែមទាំងជួយអោយប្រទេសទាំងពីររួមចំណែកទៅក្នុង គោលដៅរួមនោះគឺកសាងតំបន់មួយប្រកបដោយសុខសន្តិភាពនិងស្ថិរភាពទៀតផង។ លោក Ben Bland នាយកគម្រោងស្រាវជ្រាវអាស៊ីអាគ្នេយ៍ចំណុះវិទ្យាស្ថាន ស្រាវជ្រាវ Lowy ប្រទេសអូស្ត្រាលីបានចាត់ទុកថា អូស្ត្រាលីនិងវៀតណាមគួរតែ សហប្រតិបតិ្តការគ្នាដើម្បីបង្កើនឥទ្ធិពលនិងសម្លេងរួមនៅក្នុងតំបន់៖

        “វៀតណាមជាដៃគូសំខាន់មួយព្រោះថា អ្នកមានសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់ រហ័ស ហើយប្រទេសទាំងពីរមានការយកចិត្តទុកដាក់ស្រដៀងគ្នា។ វៀតណាម ថែមទាំងជាប្រទេសដែលមានការពិចារណាយុទ្ធសាស្ត្រចំពោះបញ្ហានានាដែល កើតមានឡើងផងដែរ។ ដោយហេតុនេះ ខ្ញុំចាត់ទុកថា វៀតណាមនិងអូស្ត្រាលី មានសក្ដានុភាពជាច្រើនដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ ចំពោះអូស្ត្រាលី វៀត ណាមជាប្រទេសដៃគូសំខាន់មួយក្នុងតំបន់”។

       ដំណើរទស្សនកិច្ចបង្កើតកម្លាំចលករថ្មី

        អាស្រ័យហេតុនេះ ទន្ទឹមនឹងគោលដៅស្នូលគឺជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនោះ គឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីលោក Scott Morrison ក៏ជាឱកាសដើម្បីអោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពី វិធីសាស្ត្រជំរុញទំនាក់ទំនងទ្វេភាគីអោយកាន់តែស៊ីជំរៅ បង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមក ដើម្បីឆ្ពោះទៅរកតំបន់មួយប្រកបដោយសុខសន្តិភាព ស្ថិរភាពនិង វិបុលភាព។ ឆ្លើយសម្ភាសន៍អ្នកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមុនពេលចេញ ដំណើរ មកវៀតណាម នាយករដ្ឋមន្រ្តីអូស្ត្រាលីបានអះអាងថា ទំនាក់ទំនងជាមួយ វៀតណាមកំពុងរីក ចម្រើនប្រកបដោយភាពងាយស្រួលជាងពេលណាៗទាំងអស់។ លោកមានគោលបំណងចង់ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។ ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើនដោយសារផលប៉ះពាល់នៃសេដ្ឋកិច្ចសកលនោះ អូស្ត្រាលីសន្យាជំរុញទំនាក់ ទំនងជាមួយតំបន់អាស៊ាននិងវៀតណាមអោយបានខ្លាំងក្លាថែមទៀត ជាពិសេស គឺលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ការតភ្ជាប់ជាមួយប្រទេសដៃគូនានា ដែល ក្នុងនោះមានវៀតណាម គឺដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ក្នុងការរក្សា សន្តិសុខនិងវិបុលភាពចំពោះប្រជាជននៃប្រទេសទាំងពីរ។

        ក្នុងដំណើរទស្សនកិច្ចលើកនេះ បញ្ហាសន្តិសុខយុទ្ធសាស្ត្រនានានៅក្នុង តំបន់និងលើពិភពលោក រួមទាំងបញ្ហាសេរីភាពខាងនាវាចរណ៍នៅសមុទ្រខាង កើត ក៏ជាការយកចិត្តទុកដាក់រួមរបស់នាយករដ្ឋមន្រ្តីលោក Scott Morrison និង ថ្នាក់ដឹកនាំវៀតណាមជាពុំខាន។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី ត្រូវបានរំពឹងទុកថា នឹងបង្កើតកម្លាំងចលករនិងយថាទស្សន៍ថ្មី ព្រមទាំងបើក ទូលាយនិងធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ