បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន

(VOVWORLD) -ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី ៨ ដល់ដំណាច់ថ្ងៃទី ១២ ខែកក្កដា តាមសេចក្ដីអញ្ជើញរបស់ សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្សចិន និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន)លោក Li Zhanshu។ 
បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន - ảnh 1 ទង់ជាតិវៀតណាម និងទង់ជាតិចិន (រូបថត៖ vnanet.vn)

ដោយប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីបន្តមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យនោះ ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជានាំទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាចិនឡើងកម្ពស់ថ្មីផងដែរ។

ចំណុចលេចធ្លោនានាក្នុងទំនាក់ទំនងវៀតណាម - ចិន

នាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិនមានជំហានអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកាន់តែស្និទស្នាល នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Dang Minh Khoi ថា នាពេលកន្លងទៅ ទំនាក់ទំនងវៀតណាម - ចិនមានចំណុចលេចធ្លោជាច្រើន។ ទីមួយគឺ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុយជ្រោយរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ដែលកាន់តែស៊ីជម្រៅឥតឈប់ឈរ ហើយជំនឿទុកចិត្តនយោបាយត្រូវបានពង្រឹង។ រាល់ដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរបានប្រព្រឹត្តិទៅជាប្រចាំ ហើយកាន់តែដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ទីពីរគឺ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគមានការអភិវឌ្ឍឥតឈប់ឈរ។ នាបច្ចុប្បន្ននេះ ប្រទេសទាំងពីរបានក្លាយទៅជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក។ ក្នុងរយៈពេល ១៥ ឆ្នាំជាបន្តបន្ទាប់ ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម (ចាប់ពីរឆ្នាំ ២០០៤)។

វៀតណាមជាដៃគូពាណិជ្ជកម្មធំ ទី ៨ របស់ចិនលើពិភពលោក និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅក្នុងប្លុកអាស៊ាន។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីសរុប បទទួលបាន ៤៣,៥ ពាន់លានដុល្លារអាមេរិក កើន ១២,៦%។ ក្នុងឆមាសទី ១ ដើមឆ្នាំ ២០១៩ ទុនវិនិយោគផ្ទាល់ពីចិនបានកើន ២,៨ ដងបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Dang Minh Khoi បានសង្កត់ធ្ងន់ថា៖

“ខ្ញុំសប្បាយចិត្តណាស់ ដោយឃើញថា ទំហំកំណើន ពាណិជ្ជកម្ម ទ្វេភាគី គឺខ្ពស់ណាស់។ ម៉្យាងវិញទៀត សហគ្រាសវៀតណាមបានពង្រីកសកម្មភាព នៅទីផ្សារចិនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេល ៣ ឆ្នាំថ្មីៗនេះ អត្រាកំណើននាំចេញរបស់វៀតណាមចូលមកចិនទទួលបានល្បឿនលឿនជាង បើធៀបនឹង ការនាំចូលទំនិញពីចិនមកវៀតណាម ដែលជួយកាត់បន្ថយទំហំនាំចូលលើសកម្រតិ ជាពិសេសគឺកសិ - រុក្ខ - ជលផល និងគ្រឿងសមុទ្រ“។

ទន្ទឹមនឹងនេះ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនបានក្លាយទៅជាសរសរទ្រូងដ៏សំខាន់១ នៃទំនាក់ទំនងទ្វេភាគី។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ទាំងវៀតណាម និងចិនបានក្លាយទៅជាគោលដៅគួរឲ្យជក់ចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឆមាសទី ១ ឆ្នាំ២០១៩ វៀតណាមទទួលបានភ្ញៀវទេសចរចិនប្រមាណ ២,៥ លាននាក់។ រាល់ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរបន្តត្រូវបានរក្សា និងពង្រីកបានប្រសិទ្ធភាពជាវិជ្ជមាន។

ជាពិសេស ទោះបីជាស្ថានភាពនៅលើសមុទ្រខាងកើតនៅមានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែភាគីទាំងពីរសុទ្ធតែបានឯកភាពគ្នារក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់នេះ ។ ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi បានបន្តអះអាងថា៖

“នៅក្នុងបណ្ដាកិច្ចចរចានិងការផ្លាស់ប្តូរមតិ នាពេលថ្មីៗនេះថ្នាក់ដឹកនាំជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរបានអះអាងជាច្រើនដងអំពីការប្តេជ្ញាចិត្ត រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅលើសមុទ្រខាងកើត; តាមរយៈការចរចាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីជំរុញការដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។ ម៉្យាងវិញទៀត វៀតណាម និងចិនត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន គោរព និងអនុវត្តន៍យ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចបាន ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ”។

បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរឲ្យអភិវឌ្ឍន៍ជាវិជ្ជមាននាពេលខាមមុខ ; ជំរុញការជួបប្រាស្រ័យ ការផ្លាស់ប្ដូរបទពិសោធន៍អំពីការងារនីតិបញ្ញត្តិ; ពង្រីកថែមទៀតនូវតួនាទី ឃ្លាំមើលរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការអនុវត្តន៍រាល់ការព្រមព្រៀងរវាង

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទសទាំងពីរ; បង្កើនការរួមសហការគ្នា គាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តសភាក្នុងតំបន់ និងលើពិភពលោក។ ម៉្យាងវិញទៀត ដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញនូវតួនាទី ដែលកាន់តែសំខាន់នៃសកម្មភាពកិច្ចការបរទេសរដ្ឋសភាក្នុងសម័យសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ