បង្កើនមុខងារឃ្លាំមើលរបស់រដ្ឋសភាតាមរយៈសកម្មភាពសួរដេញដោល
(VOVWORLD) - ក្រោយរយៈពេល៣ថ្ងៃប្រជុំយ៉ាងសកម្មដោយមានការទទួលខុសត្រូវ នារសៀលថ្ងៃទី៦ មិថុនា រដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤។ បញ្ហានានាដែលត្រូវបានលើកយកមកសួរសុទ្ធតែជាបញ្ហាសេដ្ឋកិច្ចសង្គម សំខាន់ៗ ហើយទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់សមាជិកសភា អ្នកបោះឆ្នោតក៏ដូចជាសាធារណៈមតិ តាមនោះ លើកស្ទួយការទទួលខុសត្រូវរបស់សមាជិកសភាក៏ដូចជាមុខងារឃ្លាំមើលរបស់រដ្ឋសភាផងដែរ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិបិទបញ្ចប់សម័យប្រជុំសួរដេញដោល (រូបថត៖ quochoi.vn) |
នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានសួរដេញដោលនូវខ្លឹមសារពាក់ព័ន្ធដល់វិស័យចំនួន៤៖ គមនាគមន៍ ដឹកជញ្ជូន ធនធាននិងបរិស្ថាន ការងារ យុទ្ធជនពិការនិងសង្គមកិច្ច អប់រំនិងបណ្ដុះបណ្ដាល។ បណ្ដារដ្ឋមន្ត្រីទទួលបន្ទុកវិស័យទាំង៤ខាងបានបានឆ្លើយការសួរដេញដោល។ ក្រៅពីនោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue លោក Vu Duc Dam លោក Trinh Dinh Dung និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នគរបាល មហាផ្ទៃ ប្រធានតុលាការប្រជាជនកំពូល ប្រធានអ័យ្យការប្រជាជនកំពូល ក៏បានចូលរួមបំភ្លឺឲ្យបានច្បាស់ថែមទៀតនូវបញ្ហាពាក់ព័ន្ធដល់ការសួរដេញដោលរបស់សមាជិកសភាដែរ។
ផ្លាស់ប្ដូរថ្មីដើម្បីលើកកំពស់គុណភាពការសួរដេញដោល
នៅសម័យប្រជុំលើកទី៥នេះ រដ្ឋសភាបន្តមានការផ្លាស់ប្ដូរថ្មីអំពីសកម្មភាពសួរដេញដោល។ តាមនោះ សមាជិកសភាមានរយៈពេល១នាទីដើម្បីសួរ ហើយក្រោយពីសមាជិកសភា៣នាក់បានដាក់សំណួរ គឺអ្នកបានសួរត្រូវឆ្លើយភ្លាមៗ។ រយៈពេលសំរាប់ការឆ្លើយគឺ៣នាទី។ គោលដៅនៃការផ្លាស់ប្ដូរថ្មីនេះ គឺសំដៅបង្កើនលក្ខណៈសន្ទនា ជជែកវែកញែកក្នុងសកម្មភាពសួរដេញដោល។ លោកស្រី Nguyen Thanh Hai សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឲ្យដឹងថា៖
“ដោយច្បាមជាប់នូវគោលបំណងរបស់អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសនោះ រដ្ឋសភាបានផ្លាស់ប្ដូរថ្មីដើម្បីខិតមកជិតបំណងប្រាថ្នារបស់ប្រជាជនថែមទៀត។ ដំបូងបង្អស់គឺចាប់ផ្ដើមពីការជ្រើសរើសមុខសញ្ញាដើម្បីសួរដេញដោល និងប្រធានបទនៃសម័យប្រជុំសួរដេញដោល”។
សមាជិកសភារួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ
ឆ្លងកាត់រយៈពេល៣ថ្ងៃ មានសមាជិកសភាជាង២៥០នាក់បានចូលរួមសួរដេញដោល។ សមាជិករដ្ឋាភិបាលក៏បានឆ្លើយសំណួរសឹងតែទាំងអស់ដែលបានដាក់ចេញដែរ។ អញ្ជើញថ្លែងមតិបិទបញ្ចប់សម័យប្រជុំសួរដេញដោល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
“សមាជិកសភាបានបង្ហាញនូវស្មារតី ការទទួលខុសត្រូវយ៉ាងហ្មឺងម៉ាត់ នាពេលចូលរួមដាក់សំណួរ ហើយក៏ជជែកវែកញែកយ៉ាងសកម្មសំដៅបំភ្លឺបន្ថែមនូវខ្លឹមសារសួរដេញដោលផងដែរ។ បណ្ដាសមាជិករដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល ប្រធានអ័យ្យការប្រជាជនកំពូល បានឆ្លើយយ៉ាងស្មោះត្រង់និងបំភ្លឺយ៉ាងច្បាស់លាស់ចំពោះសំណួររបស់សមាជិកសភា ហើយសន្យាជំនះពុះពារលើកំហិត។ រដ្ឋសភាវាយតំលៃខ្ពស់ចំពោះភាពហ្មឺងម៉ាត់ ការទទួលខុសត្រូវ របស់សមាជិករដ្ឋាភិបាល ក្នុងការឆ្លើយសំណួរ ក្នុងការបញ្ជាណែនាំ សំដៅកំចាត់ការលំបាកសាកល្បងឲ្យបានទាន់ពេលវេលា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន”។
ចំពោះបញ្ហាដែលមិនទាន់មានដំណោះស្រាយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យមានការប្ដេជ្ញាចិត្តថែមទៀត បង្កើតឡើងដំណោះស្រាយដ៏លោតផ្លោះនិងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ តាមនោះឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន។ លោកស្រីមានប្រសាសន៍ថា៖
“តាមរយៈសកម្មភាពសួរដេញដោលបានសរឲ្យឃើញថា រដ្ឋសភានិងសមាជិកសភាមិនត្រឹមតែលើកឡើងនូវកំហិតនិងការជំពាក់ជំពិនប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការទទួលខុសត្រូវ រួមដៃរួមដំណើរជាមួយរដ្ឋាភិបាល ក្រសួងស្ថាប័ននានាក្នុងការអនុវត្តគោលជំហរ គោលនយោបាយ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិនិងសុភមង្គលរបស់ប្រជាជន”។
ក្រោយពីសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានតាក់តែងពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីការសួរដេញដោលនៅសម័យប្រជុំលើកទី៥ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យមើលនិងអនុម័ត ដើម្បីធ្វើជាមូលដ្ឋានសំរាប់ការឃ្លាំមើលលើការលាត្រដាងអនុវត្ត៕