ប្រទេសរុស្ស៊ីជាមួយកំណាត់ផ្លូវថ្មី
(VOVWORLD) - ចាប់តាំងពីលោក Putin ជាប់ឆ្នោតជាលើកដំបូងជាប្រធានាធិបតីរុស្ស៊ីកាល ពីឆ្នាំ២០០០មក ប្រទេសនេះបានពង្រឹងឋានៈរបស់ខ្លួនជាបណ្ដើៗដូចមហា អំណាចមួយលើពិភពលោកដែរ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ Variety) |
ដោយទទួលបានអត្រាសម្លេងគាំទ្រជាង៧៦% លោក Vladimir Putin ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៊ីនាថ្ងៃទី១៨ មីនា កន្លងទៅ។ លទ្ធផលនេះបានសរឲ្យឃើញនូវការគាំទ្រក៏ដូចជាជំនឿទុកចិត្តរបស់ប្រជាជនរុស្ស៊ីជាច្រើនលើលលុបចំពោះថ្នាក់ដឹកនាំរូបនេះ។ ប៉ុន្តែ ភារកិច្ចដឹកនាំប្រទេសរុស្ស៊ីរបស់លោក Putin ក្នុងអាណត្តិខាងមុខគឺមិនងាយស្រួលឡើយ ក្នុងកាលៈទេសៈដែលថ្នាក់ដឹកនាំរូបនេះទទួលស្គាល់ថា មានកម្លាំងជាច្រើនប្រឆាំងនឹងរុស្ស៊ី។
ប្រទេសរុស្ស៊ីក្រោយពីអាណត្តិប្រធានាធិបតីចំនួន៣របស់លោក Putin
ចាប់តាំងពីលោក Putin ជាប់ឆ្នោតជាលើកដំបូងជាប្រធានាធិបតីរុស្ស៊ីកាលពីឆ្នាំ២០០០មក ប្រទេសនេះបានពង្រឹងឋានៈរបស់ខ្លួនជាបណ្ដើៗដូចមហាអំណាចមួយលើពិភពលោកដែរ។ លោក Putin បាននាំមោទនភាពវិលត្រឡប់មកជាមួយប្រជាជនរុស្ស៊ីវិញ ហើយចិញ្ចឹមជំនឿទុកចិត្តរបស់គេផងដែរ។ លោកបានរួមបញ្ចូលគ្រីមេចូលមករុស្ស៊ីវិញកាលពីឆ្នាំ២០១៤ ដឹកនាំរុស្ស៊ីឆ្លងកាត់លើការលំបាកលំបិនខាងការទូតជាច្រើនដោយបទដាក់ទណ្ឌកម្មពីលោកខាងលិចបង្កឡើង អនុវត្តន៍យុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីរី តាមនោះលើកកំពស់ឋានៈខាងយោធារបស់រុស្ស៊ី ស្ដារកិត្យានុភាពយ៉ាងខ្លាំងក្លានៅតំបន់នានាដែលមានទីតាំងយុទ្ធសាស្ត្រដូចជាមជ្ឈឹមបូព៌ានិងអាស៊ីកណ្ដាល។
ក្រោមសម័យ Putin GDP របស់រុស្ស៊ីបានកើនទ្វេដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ប្រាក់បៀវត្តន៍និងប្រាក់សោធនក៏កើនឡើង និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។
នៅមានការសាកល្បងជាច្រើន
ទោះបីទទួលបានសមិទ្ធិជាច្រើនគួរឲ្យកត់សម្គាល់ក្ដី ប៉ុន្តែ រុស្ស៊ីនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចសង្គមដែលកើតមានឡើងតាំងពីយូរយាណាស់មកហើយ។ ប្រទេសនេះនៅតែពឹងផ្អែកទៅលើការលក់ប្រេងឧស្ម័ន។ លើសពីនេះទៅទៀត ប្រជាជនរុស្ស៊ីចំនួន២០លាននាក់ ស្មើរនឹង១៤%នៃចំនួនប្រជាជនសរុបកំពុងរស់នៅក្រោមកម្រិតក្រីក្រ។
អំពើពុករលួយក៏ជាជំងឺដែលទាមទារឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Putin ត្រូវមានប្រភេទ ឱសថពិសេសដើម្បីព្យាបាល ក្រោយពីអង្គការតម្លាភាពអន្តរជាតិវាយតំលៃរុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤៥ដែលមានសន្ទស្សន៍អំពើពុករលួយខ្ពស់បំផុត។
លោក Putin និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនរូបទៅទស្សនាវិទ្យាស្ថានកាំជ្រួចយុទ្ធសាស្ត្រ នាថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧ (រូបថត៖ RIA Novosti) |
ក្នុងពេលនោះ រុស្ស៊ីមិនទាន់មានបរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅឡើយ។ រូបសណ្ឋានសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើតំលៃថាមពលខ្ពស់ ធ្លាប់ជាកម្លាំងចលករសំដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងអាណត្តិចំនួន២ដំបូងរបស់ប្រធានាធិបតីលោក Putin។ ប៉ុន្តែ នាពេលតំលៃថាមពលធ្លាក់ចុះ គឺខឿនសេដ្ឋកិច្ចរុស្ស៊ីក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ដោយហេតុនេះ ការធ្វើពិពិធកម្មខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចមួយដោយឈរលើវិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺ បច្ចេកវិទ្យាឆ្លាតនិងបញ្ញាសិប្បនិម្មិត នោះគឺទិសដៅដែលត្រូវបានប្រធានាធិបតីលោក Putin ដាក់ចេញក្នុងសារសហរដ្ឋឆ្នាំ២០១៨កាលពីថ្ងៃទី១ មីនា កន្លងទៅ។
ក្រៅពីនោះ រាល់សម្ពាធពីសហគមន៍អន្តរជាតិ ក៏ជាបញ្ហាសំខាន់មួយដែលលោក Putin ត្រូវដោះស្រាយយ៉ាងហ្មត់ចត់ដែរ។ ទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិងក្រុមប្រទេសអឺរ៉ុប ត្រូវជួបប្រទះនឹងភាពតានតឹងជាបន្តបន្ទាប់។ ភាពតានតឹងបានឡើងជណ្ដើរមុននឹងការបោះឆ្នោតដោយទាក់ទិនដល់ករណីដែលអតីតចារបុរសរុស្ស៊ីត្រូវបំពុលនៅអង់គ្លេស។ ទន្ទឹមនឹងនោះ មន្ទិលសង្ស័យដែលរុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៦ ក៏បណ្ដាលឲ្យទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងម៉ូស្គូធ្លាក់ចុះកម្រិតអាក្រក់បំផុតចាប់ពីដំណាក់កាលសង្គ្រាមត្រជាក់មក។
ក្នុងអាណត្តិបេសកកម្មទី៤របស់ខ្លួន (២០១៨-២០២៤) លោក Putin នឹងបន្តជានាយកក្រុមនាវិករមួយរូប ដែលខំប្រឹងប្រែងអនុវត្តន៍អ្វីៗដែលលោកបានដាក់ចេញក្នុងសារសហរដ្ឋជាមួយភារកិច្ចគន្លឹះទាំង១២ ដើម្បីនាំប្រទេសរុស្ស៊ីអភិវឌ្ឍន៍យ៉ាងរឹងមាំ។ ហើយលទ្ធផលក្នុងកំណាត់ផ្លូវខាងមុខ នឹងជាចម្លើយដ៏ត្រឹមត្រូវបំផុតសំរាប់ការជ្រើសរើសរបស់អ្នកបោះឆ្នោតរុស្ស៊ីថ្ងៃនេះចំពោះថ្នាក់ដឹកនាំរុស្ស៊ី៕