ផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីបង្កើតលលក្ខណៈទម្លុះទម្លាយ
(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសម័យ បើកកិច្ចប្រជុំកំពូលស្តីពីអនាគត ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹមបានសង្កត់ធ្ងន់ថា សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវតែបម្រើដល់វឌ្ឍនភាពសង្គម តម្រង់ទិស ឆ្ពោះទៅមនុស្ស រំដោះមនុស្ស និងអភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង វៀតណាមកំពុងផ្តោតលើការផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយចាត់ទុកថា នេះជាជម្រើសយុទ្ធសាស្ត្រដើម្បីឈានទៅរកការវិវឌ្ឍ និងបម្រើដល់វឌ្ឍនភាពសង្គម។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញថ្លែងក្នុងសម័យប្រជុំពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ (រូបថត៖ TTXVN) |
វៀតណាមកំពុងនៅចំពោះមុខពេលវេលាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់ខឿនសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ហើយកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតលក្ខណៈទម្លុះទម្លាយលើផលិតភាព គុណភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
ជ្រើសរើសយុទ្ធសាស្ត្រ
អញ្ជើញថ្លែងមតិនៅក្នុងកិច្ចពិភាក្សាស្ដីពីការអភិវឌ្ឍឧស្សាហកម្ម semiconductor និង AI នាថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមប្ដេជ្ញាអភិវឌ្ឍន៍ប្រទេសយ៉ាងឆាប់រហ័សនិងនិរន្តរភាពដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍។ ការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត AI គឺជាតម្រូវ ការបរានុម័ត ជម្រើសយុទ្ធសាស្រ្ត និងជាអាទិភាពក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នេះជាជំហានលោតផ្លោះមានលក្ខណៈយុទ្ធសាស្ត្រមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
“ទាក់ទងនឹងលក្ខណៈទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបី នៅក្នុងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ធនធានមនុស្ស យើងផ្តោតសំខាន់លើការផ្លាស់ប្តូរឌីជីថលដោយផ្អែកលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់។ ជាឧទាហរណ៍អំពីការសុក្រិតរបៀបរបបក្នុងខឿនសេដ្ឋកិច្ចឌីជីថល និងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ដូចដែលអ្នកទើបតែបានស្នើ យើងនឹងធានាការផ្គត់ផ្គង់ប្រភពថាមពលស្អាត ដើម្បីធានាបាននូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល នេះក៏ធានាបាននូវប្រភពទឹកសមស្របសម្រាប់ការអភិវឌ្ឍ ទន្ទឹមនឹងនោះធានាបាននូវហេដ្ឋារចនាសម្ព័ន្ធងាយស្រួល មិនត្រឹមតែផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវថ្នល់ និងផ្លូវដែកក្នុងស្រុក ដែលមានការតភ្ជាប់អន្តរជាតិប៉ុណ្ណោះទេ”។
ជាក់ស្តែង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក ហ្វាម មិញ ជិញទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្សព្វផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម Semiconductor វៀតណាមដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ហើយមុននោះ វៀតណាមក៏មានការយកចិត្តទុកដាក់លើការកសាង ច្រករបៀងផ្លូវច្បាប់ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ផ្តល់អាទិភាពដល់ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍន៍ semiconductor។ ដូច្នោះហើយ ច្បាប់វិនិយោគ និងច្បាប់ពន្ធលើប្រាក់ចំណូលសាជីវកម្មបានបន្ថែមការលើកទឹកចិត្តពិសេសសម្រាប់គម្រោងបច្ចេកវិទ្យាខ្ពស់ ខ្នាតធំ ដែលមានតម្លៃបន្ថែមខ្ពស់ រួមទាំងគម្រោងផលិតគ្រឿងអេឡិចត្រូនិកផងដែរ។ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រហូតដល់ឆ្នាំ ២០៣០បានកំណត់ "បច្ចេកវិទ្យាសម្រាប់ផលិតបន្ទះឈីប microcontroller និងសមាសធាតុ semiconductor..." ជាបច្ចេកវិទ្យាស្នូលមួយដែលតម្រង់ ទិសសម្រាប់ការអភិវឌ្ឍក្នុងទសវត្សរ៍ក្រោយ។ នៅឆ្នាំ ២០២១ វៀតណាមក៏បានចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបញ្ញាសិប្បនិមិត្ត (AI) ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមអញ្ជើញចូលរួម និងថ្លែងមតិក្នុងកិច្ចពិភាក្សាដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត (រូបថត៖ VOV) |
បម្រើវឌ្ឍនភាពសង្គម
ចក្ខុវិស័យរបស់វៀតណាមសម្រាប់ឧស្សាហកម្ម semiconductor ត្រូវបានចាត់ទុកថាពោរពេញដោយមហិច្ឆតា។ វៀតណាមបាននិងកំពុងទាក់ទាញសាជីវកម្មធំៗ កាន់តែច្រើនឡើងនៅក្នុងឧស្សាហកម្មបន្ទះឈីប semiconductor ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ (ចិន) ហូឡង់ ជាដើម។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏បានចូលទីផ្សារផងដែរ ដូចជា៖ Viettel , FPT, VNChip, ...។ យោងតាមលោក Rizwan Khan នាយកប្រតិបត្តិនៃក្រុមហ៊ុនពិគ្រោះយោបល់ Acclime វៀតណាម បើអ្នកក្រឡេកមើលទៅក្រោយរយៈពេល ១០ ឆ្នាំមុន បទប្បញ្ញត្តិត្រូវបានកំណត់ទម្រង់គឺពិតជាមានប្រយោជន៍សម្រាប់អាជីវកម្ម។ មានការផ្លាស់ប្តូរសំខាន់ៗដែលអនុញ្ញាតឱ្យអាជីវកម្មផ្លាស់ទីក្នុងទិសដៅដ៏ល្អ ក៏ដូចជាការអនុគ្រោះដល់អាជីវកម្មក្នុងឧស្សាហកម្មមួយចំនួនដូចជា វិស័យ semiconductor និងឌីជីថល ដែលក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបច្ចេកវិទ្យាកំពុងចូលមកវិនិយោគនៅប្រទេសវៀតណាម។ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រសាសន៍ថា៖
“ឧស្សាហកម្ម semiconductor អាស្រ័យទៅលើកត្តាជាច្រើន។ ទីមួយ ត្រូវបង្កើតប្រព័ន្ធអេកូឡូស៊ី។ ត្រូវតែមានយន្តការ និងគោលនយោបាយគាំទ្រ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធល្អ។ អ្វីគ្រប់យ៉ាងត្រូវតែធ្វើសមកាលកម្មជាមួយគ្នា។ យើងក៏កំពុងធ្វើកំណែទម្រង់នីតិវិធីច្បាប់វិនិយោគយ៉ាងខ្លាំងក្លា ដើម្បីបង្កលក្ខណៈងាយស្រួល និងទាក់ទាញសម្រាប់វិនិយោគិន ហើយនឹងទាក់ទាញអ្នកវិនិយោគជាច្រើនដែលបានមកវៀតណាម។ ខ្ញុំរំពឹងថា នេះនឹងជាការរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចនាពេលខាងមុខ”។
វៀតណាមមានរយៈពេលអតិបរមាពី៣ទៅ៥ឆ្នាំដើម្បីដោះស្រាយបញ្ហាទាក់ ទងនឹងហេដ្ឋារចនាសម្ព័ន្ធនិងកម្លាំងពលកម្មដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។ ក្នុងបរិបទដែលប្រទេសផ្សេងទៀតក៏ស្ថិតក្នុងការក្រកួតប្រជែងដើម្បីក្លាយជាផ្នែកមួយនៃខ្សែសង្វាក់តម្លៃ semiconductor សកល ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយរួមជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តនឹងជួយវៀតណាមសម្រេចបង្កើតលក្ខណៈទម្លុះទម្លាយជាពុំខាន៕