ផែនការសន្តិភាពមជ្ឈឹមបូព៌ាថ្មីរបស់អាមេរិកពិបាកអនុវត្តបាន
(VOVWORLD) - កាលពីថ្ងៃទី២៨មករាកន្លងទៅ ចំពោះមុខសក្ខីភាពរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក Benjamin Netanyahu នៅសេតវិមាន ប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា ដោយលើកឡើងដំណោះស្រាយ “រដ្ឋ២ពិតប្រាកដនិយម” សម្រាប់ អ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ The Nation) |
លោកប្រធានាធិបតីអាមេរិកបានអះអាងថា ផែនការនេះជា “កិច្ចព្រមព្រៀងនៃសតវត្ស” ជា “ឱកាសប្រវត្តិសាស្ត្រ” ដើម្បី អោយប៉ាឡេស្ទីនអាចបង្កើតរដ្ឋឯករាជ្យ។ ប៉ុន្តែ តាមពិតទៅ ប្រតិកម្មរបស់ ប៉ាឡេស្ទីន ពិភពអារ៉ាប់និងសហគមន៍អន្តរជាតិគឺផ្ទុយគ្នាទាំងស្រុង។
ក្នុងឯកសារដោយមានកម្រាស់៨០ទំព័រពោលខាងលើ លោកប្រធានា ធិបតី Donald Trump បានស្នើអោយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យដោយមាន រដ្ឋធានីជាតំបន់មួយចំនួននៅ Jerusalem ខាងកើត ដែលមានសិទ្ធិកាន់កាប់ ទំហំដែនដីធំទ្វេដងជាងពេលបច្ចុប្បន្ន ហើយមានសិទ្ធិកសាងផ្លូវរូងក្រោមដី តភ្ជាប់តំបន់ត្រើយខាងលិចជាមួយតំបន់ Gaza ទៀតផង។ ប៉ុន្តែ លក្ខខ័ណ្ឌនោះ គឺប៉ាឡេស្ទីនត្រូវទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលសិន។ ចំពោះអ៊ីស្រាអែលវិញ អាមេរិកនឹងទទួលស្គាល់ទីប្រជុំជនដែលអ៊ីស្រាអែល កសាងឡើងនៅតំបន់ដែនដីដែលបានទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីននៅ ត្រើយខាងលិច ដែលកំពុងត្រូវបានចាត់ទុកថា មិនស្របតាមច្បាប់អន្តរជាតិ។
ផែនការ “ក្រឡថ្មីស្រាចាស់”
តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា វិធីអភិក្រមរបស់លោកប្រធានា ធិបតីអាមេរិកចំពោះបញ្ហាស្នូលៗនៃជម្លោះនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហា Jerusalem ទីប្រជុំជនជ្វីហ្វ ឬតំបន់ដែនដីដែលត្រូវបានទន្ទ្រានកាន់កាប់នោះ គឺគ្មានអ្វីដ៏ថ្មីថ្មោងនោះឡើយ។
តាមពិតទៅ ផែនការសន្តិភាពមជ្ឈឹមបូព៌ានេះ ជាការបោះជំហានជាបន្ត សម្រាប់អ្វីៗដែលលោក Donald Trump បានអនុវត្តតាំងពីមុនមកដូចជា ការ ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូឆ្នាំ២០១៧ ការបន្លាស់ស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ Jerusalem កាលពីខែ ឧសភាឆ្នាំ២០១៨ ការទទួលស្គាល់ខ្ពង់រាប Golan ចំណុះអធិបតេយ្យភាព របស់អ៊ីស្រាអែលកាលពីខែមីនាឆ្នាំ២០១៩ ហើយថ្មីបំផុតនោះគឺការគាំទ្រអ៊ីស្រា អែលក្នុងការកសាងទីប្រជុំជនជ្វីហ្វនៅតំបន់ដែនដីរបស់ប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់នៅត្រើយខាងលិចកាលពីខែវិច្ឆិកាឆ្នាំ២០១៩។ រាល់ កាយវិកាពោលខាងលើត្រូវបានវាយតម្លៃថា ជាការលំអៀងរបស់អាមេរិក ចំពោះអ៊ីស្រាអែល ដូច្នេះហើយសុទ្ធតែប្រឈមនឹងការប្រឆាំងជំទាស់ពេញ ទំហឹងរបស់ប៉ាឡេស្ទីននិងប្រទេសជាច្រើនលើពិភពលោក ព្រមទាំងត្រូវ បានចាត់ទុកជារបាំងឧបសគ្គរារាំងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាផងដែរ។
នៅកិច្ចប្រជុំវិសាមញ្ញនៅទីក្រុង Jeddah របស់អារ៉ាប់ប៊ីសាអូឌីតកាលពី ថ្ងៃទី៣ខែកុម្ភៈ អង្គការសហប្រតិបតិ្តការសាសនាអ៊ីស្លាម (OIC) រួមមាន ប្រទេសសមាជិកទាំង៥៧តំណាងអោយជនអ៊ីស្លាមជាង១,៥ពាន់លាននាក់ទូទាំងពិភពលោកបានចេញសេចក្ដីថ្លែងការណ៍ដែលប្រឆាំងជំទាស់នឹងផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់អាមេរិក ព្រមទាំងស្នើអោយប្រទេសសមាជិក ទាំងអស់មិនជួយឧបត្ថម្ភដល់ការអនុវត្តឯកសារនេះផងដែរ។
មុននោះ ក្នុងសេចក្ដីថ្លែងការណ៍ចេញនាថ្ងៃទី១កុម្ភៈ សហព័ន្ធអារ៉ាប់ (AL) បានបដិសេធផែនការសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ដោយចាត់ទុកថា ផែនការនេះមិនសមភាពជាមួយប្រជាជន ប៉ាឡេស្ទីន ហើយមិនឆ្លើយតបនឹងសិទ្ធិជាសារវ័ន្តនានាក៏ដូចជាបំណង ប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីននោះឡើយ។ ចំណែកឯប្រទេសប៉ាឡេស្ទីន វិញ ថែមទាំងមានប្រតិកម្មដ៏សាហាវជាងទៀត ដោយចោទប្រកាន់អាមេរិកបាន បង្ខូចដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា នៅពេលប្រកាសផែនការ “គ្មាន ការទទួលខុសត្រូវ” និង “ខ្វះភាពបរានុម័តទាំងស្រុង”។
ខ្វះលក្ខណៈអាចធ្វើបានហើយមានហានិភ័យជាច្រើន
សាធារណៈមតិអន្តរជាតិបានចាត់ទុកថា ប្រតិកម្មរបស់ជនប៉ាឡេស្ទីន និងពិភពអារ៉ាប់គឺងាយយល់ ហើយបានសរអោយឃើញភាពខ្វះលក្ខណៈ អាចធ្វើបាននៃផែនការសន្តិភាពពោលខាងលើ។ ថ្លែងកាលពីថ្ងៃទី២កុម្ភៈ អនុប្រធានគណៈកម្មាធិការអឺរ៉ុបនិងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោក Josep Borrel បានអះអាងថា ផែនការសន្តិភាពមជ្ឈឹមបូព៌ាថ្មីរបស់លោកប្រធានាធិបតី អាមេរិកនឹងមិនអាចទទួលបានភាពជោគជ័យនោះឡើយ ប្រសិនបើគ្មាន ការគាំទ្ររបស់ភាគីទាក់ទិនទាំងអស់។
លើសពីនេះទៅទៀត អ្នកវិភាគជាច្រើនបានចាត់ទុកថា វិធីអភិក្រម របស់អាមេរិកក្នុងបញ្ហាទីប្រជុំជនជ្វីហ្វ បានដើរផ្ទុយទៅនឹងគោលការណ៍ ស្ដីពីដំណោះស្រាយរដ្ឋ២ដែលត្រូវបានសហគមន៍អន្តរជាតិគាំទ្រតាំងពីមុនមក ហើយត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងសេចក្ដីសម្រេចចិត្តលេខ ២៣៣៤របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មានន័យថា “កិច្ចព្រមព្រៀងនៃសតវត្ស” របស់អាមេរិកសម្រាប់ជម្លោះនៅមជ្ឈឹមបូព៌ា បានដើរខុសនឹងដំណើរការសន្តិភាពដែលកំពុងត្រូវបានសហគមន៍អន្តរជាតិប្រដេញតាម សំដៅនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនវិលត្រឡប់ទៅតុកចរចា វិញ។ ហេតុដូច្នេះ ជាមួយនឹងផែនការមួយដែលមានការលំអៀង មិនឈរ លើសមភាពខាងផលប្រយោជន៍សម្រាប់ភាគីនានា ពិតណាស់ថាមិនអាច បង្កើតឡើងជំហានលោតផ្លោះបានឡើយ ហើយថែមទាំងបន្តរុញអោយមជ្ឈឹមបូព៌ា លិចកាន់តែជ្រាលថែមទៀតចូលក្នុងវិបត្តិ៕