ភាពតានតឹងកើនឡើងនៅក្នុងទំនាក់ទំនងការទូតរុស្ស៊ី - ប្រទេសលោកខាងលិច
(VOVWORLD) - នៅប៉ុន្មានថ្ងៃដើមខែមិនានេះ ទំនាក់ទំនងដែលមិនចុះសម្រុងគ្នាក្នុងអំឡុងពេលនេះ រវាងលោកខាងលិចនិងរុស្ស៊ីត្រូវបន្ត “ដុតកំដៅ” ដោយវិធានការណ៍ថ្មីៗដោយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បណ្តុកបណ្តាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ជាមួយនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងឥស្សរជននយោបាយប្រឆាំងនៅរុស្ស៊ីលោក Alexei Navalny នោះ នាថ្ងៃទី ២ ខែមីនា រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មតម្រង់ទៅនឹងមន្រ្តីជាន់ខ្ពស់រុស្ស៊ី ៧ រូប។ នេះជាវិធានការដាក់ទណ្ឌកម្មលើកដំបូងរបស់រដ្ឋអំណាចអាមេរិកប្រឆាំង រុស្ស៊ីក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Biden។
ប្រធានាធិបតីលោក Joe Biden (រូបថត៖ New York Times) |
ថ្វីត្បិតដូច្នេះក៏ដោយ ប្រការគួរអោយកត់សំគាល់ជាងនេះទៅទៀត គឺវិធានការដាក់ទណ្ឌកម្មនេះត្រូវបានអនុវត្តន៍តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសដាក់បំរាមលើការធ្វើដំណើរនិងហ៊ុំព័ទ្ធទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់ចំនួនបួនរូបនៅក្នុងរដ្ឋាភិបាលរុស្ស៊ី។ យោងតាមអ្នកវិភាគ ជាមួយនឹងការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីនេះ លោកខាងលិចចង់ផ្ញើសារទៅវិមានក្រឹមឡាំង។
ការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីទាំងពួង
ប្រការគួរឲ្យកត់សម្គាល់ត្រង់ថា ក្នុងបញ្ជីឈ្មោះមន្រ្តីរុស្ស៊ីដែលត្រូវបានរដ្ឋអំណាចអាមេរិកដាក់ទណ្ឌកម្ម មានប្រធានទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) គឺលោក Alexander Bortnikov ផងដែរ។ ក្រៅពីការដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី រដ្ឋអំណាចអាមេរិកក៏បានពង្រឹងការគ្រប់គ្រងការនាំចេញលើអង្គភាពអាជីវកម្មមួយចំនួនដែលពាក់ព័ន្ធនឹងការផលិតភ្នាក់ងារជីវសាស្ត្ររុស្ស៊ីផងដែរ។ ដូច្នោះ ក្រសួងពាណិជ្ជកម្មអាមេរិកនឹងដាក់បន្ថែមក្រុមចំនួន ១៤ ក្រុម ទៅក្នុងបញ្ជីអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្ម ដោយសារការផលិតភ្នាក់ងារជីវសាស្ត្រនិងសារធាតុគីមី រួមមានអង្គភាពពាណិជ្ជកម្មចំនួន ៩ នៅរុស្ស៊ី; ៣ នៅអាល្លឺម៉ង់និង ១ ទៀតនៅស្វ៊ីស។ ការសម្រេចដាក់ទណ្ឌកម្មនេះ ត្រូវបាននាំចេញ បន្ទាប់ពីមានការវាយតម្លៃរបស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកដែលសន្និដ្ឋានដោយមាន “ទំនុកចិត្តខ្ពស់” ថា មន្រ្តីនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធ រុស្ស៊ី (FSB) បានប្រើប្រាស់ជាតិគីមីពុលសរសៃប្រសាទ Novichok ដើម្បីបំពុលលោក Navalny។ ទាំងអស់នេះគឺជាទណ្ឌកម្មដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលនិងអង្គភាពរបស់រុស្ស៊ីដែលពាក់ព័ន្ធ នឹងករណី Navalny។
ទន្ទឹមនឹងនេះ ឥស្សរជននាំមុខក្នុងបញ្ជីដាក់ទណ្ឌកម្ម ដែល EU នាំចេញ នោះគឺប្រធានគណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី លោក Alexander Bastrykin និងអគ្គរដ្ឋអាជ្ញាលោក Igor Krasnov។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EC) លោក Charles Michel បានប្រកាសថា ពីការដាក់ទណ្ឌកម្មនេះបង្ហាញថា សហភាពអឺរ៉ុបសាមគ្គីគ្នាយ៉ាងពេញទំហឹងក្នុងការការពារតម្លៃនិងផលប្រយោជន៍របស់ខ្លួន។
ឥស្សរជននយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny (រូបថត៖ Reuters) |
ក្រុមអ្នកឃ្លាំមើលបានចាត់ទុកថា បើនិយាយពីពេលវេលា មុខសញ្ញានិងខ្លឹមសារនៃទណ្ឌកម្មនេះ ច្បាស់ណាស់គឺមានលក្ខណៈបណ្តុកបណ្តាក់ទៅលើក្រុមទាំងពួងរបស់លោកខាងលិច ជាមួយនឹងសារជាក់លាក់បញ្ជូនទៅរុស្ស៊ី។ ជាក់ស្តែង ក្នុងថ្ងៃទី ២ ខែមីនា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (ចក្រភពអង់គ្លេស) ក៏បានដកស្រង់សម្តីរបស់មន្ត្រីអាមេរិក ដែលអះអាងថា៖ វិធានការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលលោកប្រធានា ធិបតី Joe Biden គឺអនុវត្តន៍ដោយមានការសម្របសម្រួលពីសហភាពអឺរ៉ុប។
សារ
តាមពិតជាក់ស្តែង លទ្ធភាពដែលអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ត្រូវបានគេព្យាករណ៍ចាប់តាំងពីលោក Joe Biden បានចូលរួមប្រកួតប្រជែងចូលសេតវិមានមកម្លេះ។ ដូច្នេះ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ជាការផ្ញើសារបង្ហាញពីគោលនយោបាយឆ្លើយតបនឹងរុស្ស៊ីរបស់ប្រធានាធិបតីថ្មី Joe Biden ក៏ដូចជាគោលនយោបាយតឹងរឹងរបស់វ៉ាស៊ីនតោនជាមួយទីក្រុងមូស្គូក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សារនេះ មិនមែនសម្រាប់តែប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សត្រូវរបស់អាមេរិកដែលមានស្រាប់ ក៏ដូចជាសហរដ្ឋអាមេរិកផ្ទាល់ផងដែរ។
ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកចង់ធានាដល់សម្ព័ន្ធមិត្តពិភពលោក ជាពិសេសសហភាពអឺរ៉ុបថា ទីក្រុងវ៉ាស៊ីនតោននៅតែប្រកៀកស្មារជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនលើគ្រប់សមរភូមិទាំងអស់ ក្នុងនោះមានការទប់ ទល់ជាមួយទីក្រុងម៉ូស្គូផង។
ថ្វីត្បិតដូច្នេះក៏ដោយ បើនិយាយពីវិសាលភាពនិងមុខសញ្ញាត្រូវរងការដាក់ទណ្ឌកម្ម ក្នុងនោះមានការមិនដាក់គោលដៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឬឥស្សរជនសំខាន់ៗ នៅក្នុងរដ្ឋាភិបាលរុស្ស៊ី ច្បាស់ណាស់ថា រដ្ឋអំណាចអាមេរិកមិនទាន់ឬមិនចង់បង្កភាពតានតឹងជាមួយរុស្ស៊ីនោះទេ។ ប្រការនេះ បង្ហាញថា សហរដ្ឋអាមេរិកនៅតែចង់រក្សាការសន្ទនាជាមួយរុស្ស៊ី ដើម្បីដោះស្រាយរាល់ឯកសារអន្តរជាតិសំខាន់ៗជាច្រើន ដូចជាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ កូរ៉េខាងជើង ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ការប្រឆាំងភេរវកម្មនិងការប្រែប្រួលអាកាសធាតុ រួមទាំងការទប់ទល់ជាមួយចិនទៀតផង។ លើសពីនេះទៅទៀត ទិសដៅនេះក៏មានគោលបំណងធ្វើឱ្យមានតុល្យភាពឥរិយាបថរបស់សហភាពអឺរ៉ុបចំពោះរុស្ស៊ី នោះគឺចាត់ទុកថារុស្ស៊ីជាដៃគូផងនិងជាគូប្រជែងផង។
ទោះយ៉ាងណាក៏ដោយ មិនថាពីជ្រុងណាមួយនោះទេ ការដាក់ទណ្ឌកម្មថ្មីរបស់លោកខាងលិច ជាពិសេសរដ្ឋាភិបាលអាមេរិកតម្រង់ទៅលើរុស្ស៊ី ក៏ជាជំហានដើម្បីបង្កើនភាពតានតឹងរវាងភាគីទាំងពីរ ហើយមិនអំណោយផលដល់បរិយាកាសនៃកិច្ចសហប្រតិបត្តិការនិងការផ្សះផ្សារពិភពលោក ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់គូប្រជែងរបស់ភាគីនានាក្នុងភាពតានតឹងនេះ៕