ភាពស្ងប់ស្ងាត់ជាបណ្ដោះអាសន្នក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - ក្រោយរយៈពេលមួយដ៏ពោរពេញទៅដោយភាពតានតឹងទាក់ទិនដល់ការដំឡើងពន្ធទៅវិញទៅមក ក្នុងប៉ុន្មានថ្ងៃដំបូងនៃខែកក្កដា អាមេរិកនិងចិនបាន ចាប់ផ្ដើមជំនួបចរចាពាណិជ្ជកម្មឡើងវិញ។ កាយវិការនេះកើតមានឡើងក្រោយ ពីប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping បានឯកភាពបញ្ឈប់ការដំឡើងពន្ធលើទំនិញរបស់គ្នាទៅវិញទៅមកដើម្បី ឆ្ពោះទៅរកកិច្ចចរចា។ ប៉ុន្តែ ការបញ្ឈប់ដំឡើងពន្ធនេះត្រឹមតែជាភាពស្ងប់ស្ងាត់ បណ្ដោះ អាសន្នប៉ុណ្ណោះ ប្រសិនបើអាមេរិកនិងចិនមិនអាចដោះស្រាយបាននូវការខ្វែង គំនិតសំខាន់ៗនោះទេ។

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានផ្ទុះឡើងមួយឆ្នាំមុននេះ។ រហូតដល់បច្ចុប្បន្ន រដ្ឋអំណាចប្រធានាធិបតី Trump បានដំឡើងពន្ធលើកញ្ចប់ ទំនិញចិនក្នុងតម្លៃចំនួន២៥០ពាន់លាន ដុល្លាអាមេរិក ខណៈដែលប៉េកាំងបាន ដំឡើងពន្ធលើទំនិញអាមេរិកចំនួន៦០ពាន់លានដុល្លាអាមេរិកវិញ។ មុនពេល ប្រព្រឹត្តទៅជំនួបចរចារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំ កំពូល G20 នៅជប៉ុននាពេលកន្លងទៅ អាមេរិកបានព្រមានថា នឹងដំឡើងពន្ធ ២៥%បន្ថែមទៀតទៅលើទំនិញនៅសេសសល់ នាំចូលពីចិនក្នុងតម្លៃចំនួន៣០០ពាន់លានដុល្លាអាមេរិក រួមទាំងទូរស័ព្ទ កុំព្យូទ័រ និងសំលៀកបំពាក់។

        ឈប់ជាបណ្ដោះអាសន្ន មិនមែនជាការបញ្ចប់ទេ

        នៅជំនួបចរចាកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ នៅខាងក្រៅកិច្ចប្រជុំ G20 ប្រធានាធិបតីលោក Trump បានយល់ព្រមបន្ធូរស្រាលការដាក់កំហិតមួយ ចំនួនទៅលើសម្ព័ន្ធក្រុមហ៊ុនទូរគម នាគមន៍ Huawei របស់ចិន ដោយអនុញ្ញាត អោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនាំចេញគ្រឿងបន្លាស់ទៅអោយសម្ព័ន្ធក្រុមហ៊ុននេះ ព្រមទាំងនឹងលើកពេលមិនកំណត់ចំពោះការដំឡើងពន្ធទៅលើទំនិញក្នុង តម្លៃ៣០០ពាន់លានដុល្លាអាមេរិកដែលបាននាំចូលពីចិនផងដែរ។

        ប៉ុន្តែ ទីប្រឹក្សាពាណិជ្ជកម្មនៃសេតវិមានបានអោយដឹងថា នេះមិនមែនជាការ ធ្វើសម្បទានឡើយ ព្រមទាំងសង្កត់ធ្ងន់ថា គោលនយោបាយរបស់វ៉ាស៊ីនតោន ទាក់ទិនដល់ប្រព័ន្ធ 5G របស់ Huawei មិនមានការផ្លាស់ប្ដូរណាមួយទេ។ អាមេរិក នឹងត្រឹមតែអនុញ្ញាតិអោយលក់បន្ទះឈីបសម្រាប់ Huawei ព្រោះថាផលិតផល ដោយបច្ចេកវិទ្យាទាបនេះមិនគំរាមកំហែងដល់សន្តិសុខជាតិឡើយ។

        ចំពោះបញ្ហាពន្ធគយវិញ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការដែលប្រធានា ធិបតីលោក Trump លើកពេលដំឡើងពន្ធ២៥%បន្ថែមទៀតទៅលើទំនិញនាំចូល ពីចិន ត្រឹមតែជាការបោះជំហានជាបណ្ដោះអាសន្នប៉ុណ្ណោះ សំដៅជួយសម្រួល ដល់កិច្ចចរចាពាណិជ្ជកម្មទ្វេភាគី។ ប្រការនេះមិនមែនជាជំហានលោតផ្លោះទេ ហើយគ្មានអ្វីដែលអាចធានាថា អាមេរិកបានបោះបង់ចោលគំនិតដំឡើងពន្ធលើ ទំនិញនាំចូលពីចិន ផងដែរ។

        ទិសដៅត្រឹមត្រូវប៉ុន្តែនៅមានអស្ថិរភាព

        នាបច្ចុប្បន្ន អាមេរិកនិងចិនបានចាប់ផ្ដើមត្រៀមរៀបចំសម្រាប់ជំនួបចរចា ពាណិជ្ជកម្ម ក្រោយពីដំណើរការនេះជាប់គាំងកាលពីខែឧសភាឆ្នាំ២០១៩ ដោយ ការដែលអាមេរិកចោទប្រកាន់ ចិនបានរំលោភទៅលើការសន្យាគតិយុត្តសំខាន់ៗស្ដីពីបញ្ហាអភិក្រមនឹងទីផ្សារ ការពារកម្មសិទ្ធិបញ្ញានិងការផ្ទេរប្រគល់បច្ចេកវិទ្យា ដោយចាប់បង្ខំ។ ទីប្រឹក្សាពាណិជ្ជកម្មនៃសេតវិមានលោក Peter Navarro បាន អោយដឹងថា ភាគីទាំងពីរកំពុងដើតាមទិសដៅត្រឹមត្រូវ ប៉ុន្តែនៅមានគំលាតឆ្ងាយ ទើបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតពិភពលោកទាំងពីរនេះ។ នាថ្ងៃទី១ ខែកក្កដា កន្លងទៅ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ចិនទទួលបានផលប្រយោជន៍ដ៏ធំធេងក្នុង ទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ។ ហេតុ នេះហើយអាមេរិកនឹងមិនយល់ព្រមជាមួយកិច្ចព្រមព្រៀងថ្មីប្រកបដោយតុល្យ ភាពទេ ប៉ុន្តែអាមេរិកត្រូវមានប្រៀបជាង។

        រាល់ការថ្លែងរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិក ក៏ដូចជាដំណើរការចរចាកាលពី មុននេះ បានសរអោយឃើញថា អាមេរិកនិងចិនមិនទាន់មានការព្រមព្រៀងគ្នា លើបញ្ហាសំខាន់ៗនៅឡើយទេ។ ទោះបីជារដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានប្រកាសកាលពីមុនកិច្ចប្រជុំ G20 ថា កិច្ចចរចាពាណិជ្ជកម្ម រវាងអាមេរិកនិងចិនបានសម្រេច៩០%ហើយក្ដី ប៉ុន្តែការដោះស្រាយ១០%នៅ សេសសល់នោះ ទើបជាបញ្ហាស្មុគស្មាញយ៉ាងពិតប្រាកដ។ បរាជ័យនៃរាល់ជំនួប ចរចាលើកមុនៗ គឺដោយសារភាគីទាំងពីរមិនអាចដោះស្រាយបាននូវ១០%នេះ ក្នុងនោះរួមមានការសំណូមពរអោយចិនបញ្ឈប់សកម្មភាពដែលអាមេរិកចោទ ប្រកាន់ថា ជាអំពើរំលោភលើកម្មសិទ្ធិបញ្ញា។

        ការដែលអាមេរិកនិងចិនបញ្ឈប់ការដំឡើងពន្ធទៅវិញទៅមក ហើយវិល ត្រឡប់ទៅតុចរចារវិញ ត្រឹមតែជាភាពស្ងប់ស្ងាត់ជាបណ្ដោះអាសន្នមួយរយៈប៉ុណ្ណោះ។ មានការលំបាកនិងការសាកល្បងជាច្រើនកំពុងរង់ចាំភាគីទាំងពីរនៅក្នុងដំណើរការចរចានាពេលខាងមុខ ហើយគ្មានអ្វីដែលអាចធានាថា មហាអំណាចពិភព លោកទាំងពីរនេះនឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ