ភារកិច្ចដ៏លំបាករបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May
(VOVWORLD) - តាមផែនការ នាថ្ងៃទី១៣ ខែធ្នូ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May អញ្ជើញមានជំនួបជាមួយក្រុមប្រឹក្សាអឺរ៉ុប សំដៅស្វែងរកការគាំទ្រចំពោះ ការផ្លាស់ប្ដូរមាត្រាមួយចំនួនក្នុងកិច្ចព្រមព្រៀងជាបឋមស្ដីពីបញ្ហា Brexit។ ជំនួប នេះប្រព្រឹត្តទៅបន្ទាប់ពីពេលដែលប្រមុខរដ្ឋាភិបាលអង់គ្លេស ឆ្លងកាត់លើការបោះ ឆ្នោតផ្ដល់ទំនុកទុកចិត្តរបស់គណបក្សអភិរក្សកាន់អំណាច។ លទ្ធផលនេះគឺជា ការលើកទឹកចិត្តចំពោះនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះមុននឹងជំនួបពោរពេញទៅដោយការលំបាកជាមួយក្រុមប្រឹក្សាអឺរ៉ុបដើម្បីពិភាក្សាអំពីបញ្ហា Brexit។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖ TTXVN) |
ការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តខាងលើត្រូវបានរៀបចំឡើងក្រោយពីនាយករដ្ឋមន្រ្តីអង់គ្លេសសម្រេចផ្អាកការដាក់កិច្ចព្រមព្រៀង Brexit ជូនឡើងរដ្ឋសភាដើម្បីបោះឆ្នោតអនុម័តកាលពីថ្ងៃទី១១ ខែធ្នូ តាមផែនការដំបូង ដោយសារលទ្ធភាពនៃការទទួលបរាជ័យសឹងតែប្រាកដទៅហើយ ព្រោះថាមានសមាជិកសភាជាង១០០នាក់ក្នុងចំណោមសមាជិកសភាសរុប៣១៧នាក់ក្នុងគណបក្សអភិរក្សបានអះអាងថា នឹងបោះឆ្នោតប្រឆាំង។ ក្រុមសមាជិកសភាប្រឆាំងទាំងនោះ ចាត់ទុកថា កិច្ចព្រមព្រៀងនេះនឹងធ្វើអោយអង់គ្លេសបន្តចងភ្លាប់ជាមួយ EU ដោយគ្មានកាលកំណត់ ហើយមិនមានសិទ្ធិចរចាដោយសេរីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូផ្សេងៗទៀតក្រៅពី EU បន្ទាប់ពី Brexit នោះឡើយ។
ជំនះពុះពារលើឧបសគ្គក្នុងប្រទេស
ក្នុងបរិបទដែលឆាកនយោបាយអង់គ្លេសកំពុងមានបម្រែបម្រួលដ៏ស្មុគស្មាញនោះ គឺការដែល សមាជិកសភាចំនួន៦៣%នៃគណបក្សអភិរក្សបន្តគាំទ្រលោកស្រី May បានសរអោយឃើញថា គេនៅតែមានគោលបំណងចង់អោយលោកស្រីរូបនេះបន្តអនុវត្តន៍ភារកិច្ចនាំអង់គ្លេសចាកចេញពី EU។ នេះជាការលើកទឹកចិត្តមិនតិចតួចចំពោះនាយករដ្ឋមន្រ្តីលោកស្រី Theresa May មុននឹងជំនួបជាមួយក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងព្រុចសែល សំដៅស្វែងរកការគាំទ្រចំពោះការកែតម្រូវមាត្រាមួយចំនួននៃកិច្ចព្រមព្រៀងជាបឋម។ អ្នកគាំទ្រលោកស្រី May បានកោតសរសើរលទ្ធផលនៃការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តគឺជាជ័យជំនះដ៏សំខាន់ក្នុងកាលៈទេសៈដ៏លំបាករបស់នាយករដ្ឋមន្រ្តីរូបនេះ។ គេក៏អំពាវនាវឲ្យគណបក្សអភិរក្សសាមគ្គីគ្នាព្រមទាំងគាំទ្រកម្មវិធីរបស់លោកស្រី May ផងដែរ។
ប៉ុន្តែ ក្រឡែកមើលត្រឡប់ក្រោយវិញ ការដែលមានសមាជិកសភាឡើងដល់ទៅ១/៣នៃគណបក្សអភិរក្សមិននៅមានទំនុកទុកចិត្តចំពោះលោកស្រី May ក៏បានសរអោយឃើញថា ផ្ទៃក្នុងនៃគណ បក្សកាន់អំណាចនេះបន្តមានការប្រេះឆាយ៉ាងធ្ងន់ធ្ងរ ដោយសារដំណើរការ Brexit ក្រោមការដឹកនាំរបស់លោកស្រីរូបនេះ។ អញ្ជើញថ្លែងមតិបន្ទាប់ពីមានលទ្ធផលនៃការបោះឆ្នោត លោកស្រី May បានអោយដឹងថា នឹងអនុវត្តន៍គោលបំណង Brexit របស់ប្រជាជន ប៉ុន្តែក៏ផ្ទៀងស្ដាប់មតិរបស់សមាជិក សភាប្រឆាំងផងដែរ។
បន្តប្រឈមមុខនឹងការលំបាកក្នុងដំណើរការ Brexit
ជ័យជំនះលើការបោះឆ្នោតផ្ដល់ទំនុកទុកចិត្តក្នុងគណបក្សអភិរក្ស មិនអាចផ្លាស់ប្ដូរការពិតមួយថា ការសាកល្បងធំបំផុតចំពោះនាយករដ្ឋមន្រ្តីអង់គ្លេសក្នុងប៉ុន្មានថ្ងៃខាងមុខនោះគឺធ្វើយ៉ាងម៉េចដើម្បីអោយកិច្ចព្រមព្រៀង Brexit ត្រូវបានអនុម័តនៅរដ្ឋសភា។ ប្រសិនបើលោកស្រី May មិនទទួលបានការធ្វើសម្បទានគួរអោយបញ្ចុះបញ្ចូលនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំអឺរ៉ុបនោះ គឺវាជាពិបាកណាស់ដើម្បីអោយកិច្ចព្រមព្រៀង Brexit នាបច្ចុប្បន្ន អាចទទួលបានសម្លេងគាំទ្រភាគច្រើននាពេលត្រូវបានលើកយកមកបោះឆ្នោតអនុម័តនៅរដ្ឋសភាក្រោយពីបុណ្យណូអែលនេះ។
ទោះបីជានាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានអះអាងថា ខ្លួនកំពុងទទួលបានការរីកចម្រើនក្នុងកិច្ចចរចាជាមួយថ្នាក់ដឹកនាំអឺរ៉ុបក្ដី ប៉ុន្តែវាពិតជាពិបាកណាស់ដើម្បីអាចមានការផ្លាស់ប្ដូរគួរអោយកត់សម្គាល់អ្វីមួយ បើធៀបនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងជាបឋមស្ដីពី Brexit។ ប្រការនេះត្រូវបានបង្ហាញតាមរយៈលទ្ធផលជាក់ស្ដែងនៃដំណើរការទស្សនកិច្ចរបស់លោកស្រី May នៅហូឡង់ អាល្លឺម៉ង់ សាធារណៈរដ្ឋអៀឡង់ មុននឹងជំនួបជាមួយក្រុមប្រឹក្សាអឺរ៉ុប។ អធិការ បតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអះអាងថា គ្មានរបៀបណាដែលអាចផ្លាស់ប្ដូរកិច្ចព្រមព្រៀងរវាងអង់គ្លេសជាមួយសហភាពអឺរ៉ុបដែលសម្រេចបានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅបានឡើយ។
មុននោះ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប Mina Andreeva បានអោយដឹងថា EU នឹងមិនចរចាលើកិច្ចព្រមព្រៀង Brexit ជាថ្មីម្ដងទៀតឡើយ ព្រមទាំងសង្កត់ធ្ងន់ថា សហភាពនេះបាននាំមកជូនអង់គ្លេសនូវកិច្ចព្រមព្រៀង ដ៏ល្អបំផុតមួយនិងមានលទ្ធភាពអនុវត្តខ្ពស់បំផុតផងដែរ។
ការយកចិត្តទុកដាក់ស្នូលរបស់លោកស្រី May នាបច្ចុប្បន្នគឺផែនការបម្រុងសម្រាប់ព្រំដែន អៀឡង់។ បញ្ហានេះកំពុងប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់សមាជិកសភានៃគណបក្សអភិរក្សដែលគាំទ្រ “Brexit រឹង” ព្រមទាំងបញ្ហានេះក៏ជួបការពិបាកជាច្រើនណាស់ដើម្បីទទួលបានសម្បទានពី ភាគី EU ក្នុងជំនួបរវាងអង់គ្លេសនិង EU នាថ្ងៃទី១៣ ខែធ្នូ នៅទីក្រុងព្រុចសែលផងដែរ។ ប្រសិនបើប្រការនេះកើតមានឡើង គឺសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងជាបឋមស្ដីពី Brexit នឹងស្ទើរតែមិនអាចបានអនុម័តដោយរដ្ឋសភាអង់គ្លេសមុននឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩បានឡើយ។ ហើយដំណើរការ Brexit នឹងបន្តជួបប្រទះជាមួយឧបសគ្គជាច្រើនផ្សេងទៀត៕