មជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៨៖ ដំណើរការសន្តិភាពនៅតែមិនទាន់បានបញ្ចប់
(VOVWORLD) - ឆ្នាំ២០១៨បានកន្លងផុតទៅហើយប៉ុន្តែនៅតំបន់មជ្ឈឹមបូព៌ាមានបញ្ហាជា ច្រើនដែលនៅតែមិនទាន់បានបញ្ចប់នៅឡើយ។ ជម្លោះផលប្រយោជន៍រវាងភាគី នានា ការប្រកួតប្រជែងដណ្ដើមយកឥទ្ធិពលយ៉ាងខ្លាំងរវាងមហាអំណាច ពិភពលោក បានធ្វើអោយតំបន់នេះក្នុងរយៈពេល១ឆ្នាំកន្លងទៅ បានបំផ្ទុះឡើង ភាពតានតឹងនិងជម្លោះជាច្រើន ដែលពិបាកដើម្បីយើងអាចរំពឹងទុកថា នឹងមាន ជំហានលោតផ្លោះក្នុងការដោះស្រាយជម្លោះទាំងនោះក្នុងឆ្នាំ២០១៩។
ទោះបីឆ្នាំ២០១៨ជាសាក្សីនៃការផ្ដួលរលំនៃអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់និងស៊ីរីក្ដី ប៉ុន្តែពណ៌ខ្មៅងងឹតនៅតែជាពណ៌ស្នូលនៃគំនូរមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៨។
ជម្លោះរវាងក្រុមបាតុករប៉ាឡេស្ទីនជាមួយក្រុមទាហានអ៊ីស្រាអែលនៅប៉ែកខាងជើងតំបន់ Gaza កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ (រូបថត៖ Xinhua/TTXVN) |
បរិយាកាសក្នុងតំបន់ឡើងកំដៅ
ជម្លោះដ៏រាំរ៉ៃនៅមជ្ឈឹមបូព៌ារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលក្នុងឆ្នាំ២០១៨ បានឡើងកំដៅគួរអោយភ្ញាក់ផ្អើល ក្រោយពីអាមេរិកទទួលស្គាល់ Jerusalem ដែលជាតំបន់ដែនដីរស៊ើបរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ជារដ្ឋធានីរបស់អ៊ីស្រាអែលហើយផ្លាស់ស្ថានទូតអាមេរិកពីទីក្រុង Tel Aviv មកទីនេះ។ ការសម្រេចចិត្តរបស់អាមេរិកនេះបានធ្វើអោយឆេះឡើងកំហឹងរបស់ជនប៉ាឡេស្ទីន ព្រមទាំងបិទទ្វារចរចាអំពីអនាគតនៃដំណោះស្រាយរដ្ឋចំនួន២ប៉ាឡេស្ទីន-អ៊ីស្រាអែលរួមគ្នារស់នៅក្នុងសុខសន្តិភាព ដែលត្រូវបានសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងគាំទ្រតាំងពីមុនមកផងដែរ។
គួរអោយសោកស្ដាយជាងនេះទៀតគឺ សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលមើលទៅដូចជាបានបិទបញ្ចប់ហើយ ក៏ប៉ុន្តែឥឡូវនេះបានក្លាយទៅជាមូលហេតុដាក់អោយមានសុពលភាពនូវបទដាក់ទណ្ឌកម្មរបស់អាមេរិកតម្រង់ទៅលើអ៊ីរ៉ង់។ គោលនយោបាយ “ប្រទេសអាមេរិកជាចម្បង” របស់ប្រធានា ធិបតីលោក Donald Trump បានបណ្ដាលអោយទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងអំឡុងពេលមួយទសវត្សកន្លងមក។ ផ្ទុយទៅវិញ អ៊ីរ៉ង់ក៏ប្ដេជ្ញាចិត្តមិនធ្វើសម្បទានជាដាច់ខាត ទោះបីជាសម្ពាធពីបទដាក់ទណ្ឌកម្មរបស់អាមេរិកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ។ រាល់ការចោទប្រកាន់និងគំរាមកំហែងគ្នាទៅវិញទៅមកទាំងនេះ បានបង្កើតឡើងគ្រោះអាសន្នអំពីសង្គ្រាមថ្មីមួយនៅមជ្ឈឹមបូព៌ាតែម្ដង។
ក្នុងពេលជាមួយគ្នានោះ ដំណើរការបង្កើតខឿនសន្តិភាពនៅស៊ីរីក្នុងឆ្នាំកន្លងទៅ នៅតែជួបប្រទះនឹងឧបសគ្គជាច្រើន។ ទោះបីជារដ្ឋអំណាចស៊ីរីបានយកឈ្នះលើជម្លោះក្នុងប្រទេសក្រោមការជួយឧបត្ថម្ភរបស់រុស្ស៊ីនិងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែបរិមាណជនស្លាប់និងរងរបួសក្នុងជម្លោះទាំងនេះគឺច្រើនលើសលុប។ នាពេលថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាលនានារបស់ស៊ីរីនិងទួរគីបានប្រកាសរបាយការណ៍ដែលអោយដឹងថា បរិមាណជនស៊ីវិលបានស្លាប់នៅស៊ីរីក្នុងឆ្នាំ២០១៨បានឡើងដល់ទៅ៧ពាន់នាក់ពោលគឺខ្ពស់ជាងបើធៀបនឹងឆ្នាំ២០១៧។
ចំណែកឯនៅប្រទេសយេម៉ែនវិញ ក៏ត្រូវប្រឈមមុខទៅនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតលើពិភពលោកក្រោយរយៈពេល៤ឆ្នាំនៃសង្គ្រាមស៊ីវិល។ មានមនុស្សរាប់ហ្មឺននាក់ត្រូវស្លាប់និងរងរបួស ហើយមនុស្សរាប់លាននាក់ត្រូវជម្លៀសផងដែរ។ ប្រជាជនយេម៉ែនចំនួន២២លានលើ២៥លាននាក់ត្រូវរស់នៅដោយពឹងផ្អែកលើជំនួយឧបត្ថម្ភ ហើយប្រជាជននៅទីនេះកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១០០ឆ្នាំកន្លងទៅ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីនានាមិនទាន់ស្វែងរកបាននូវដំណោះស្រាយនយោបាយគ្រប់គ្រុងជ្រោយណាមួយដើម្បីបញ្ចប់ជម្លោះនៅប្រទេសនេះឡើយ។
ស្ថានភាពនៅមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៩មិនទាន់មានជំហានលោតផ្លោះជាច្រើនឡើយ
ស្ថានភាពនៅមជ្ឈឹមបូព៌ានាបច្ចុប្បន្នត្រូវបានជះឥទ្ធិពលដោយភាគីជាច្រើនទាំងនៅក្នុងនិងក្រៅតំបន់ ហើយតំបន់នេះបានក្លាយទៅជាទីកន្លែង “ទង្គិច” ផលប្រយោជន៍យុទ្ធសាស្ត្រយ៉ាងខ្លាំងសាហាវរវាងមហាអំណាចពិភពលោក ទៀតផង។
អាចនិយាយបានថា គំនូរមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៨ជាការលាយឡំរវាងជម្លោះដ៏រាំរៃដែលមិនទាន់មានដំណោះស្រាយក៏ដូចជារវាងដំណើរការសន្តិភាពដែលមិនទាន់បានបញ្ចប់ផងដែរ។ ក្នុងឆ្នាំ២០១៩ តំបន់នេះនៅតែមានបម្រែបម្រួលដែលប៉ាន់ស្មានមិនដល់ជាច្រើន ព្រោះថាមហាអំណាចពិភពលោកនានានៅតែកំពុងស្វែងរកចម្លើយសម្រាប់បញ្ហាផលប្រយោជន៍ខាងភូមិសាស្ត្រយុទ្ធសាស្ត្រដោយឡែករបស់ខ្លួននៅតំបន់ដ៏សំខាន់នេះ៕