(VOVWORLD) - មួយឆ្នាំក្រោយពីការរញ្ជួយដីដ៏គួរឱ្យភ័យខ្លាច (ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២៣) ដែល បានឆក់យកជីវិតមនុស្សជាង ៥៣ ពាន់នាក់នៅប្រទេសទួរគី ការខិតខំប្រឹងប្រែងដើម្បី ជម្នះលើផលវិបាកនិងកសាងជីវភាពរបស់ប្រជាជនឡើងវិញ នៅតែប្រឈមនឹងការ លំបាកជាច្រើនដោយសារការតក់ស្លុតផ្លូវចិត្តខណៈដែលមនុស្សរាប់សែននាក់នៅតែ ត្រូវរស់នៅបណ្តោះអាសន្នក្នុងតង់ និងកុងតឺន័រ។
នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ការរញ្ជួយដីចំនួនពីរ ដែលមានកម្រិត ៧,៨ និង ៧,៥ រិចទ័រ បានកើតឡើងនៅខេត្តភាគខាងត្បូងនានានៃប្រទេសទួរគី និងតំបន់ព្រំដែនរវាងទួរគីនិងស៊ីរី។ នេះគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតនៅទួរគីក្នុងរយៈពេលជិតមួយ សតវត្សកន្លងមក ដែលបានបំផ្លិចបំផ្លាញផ្ទះរាប់សែនខ្នង និងបានឆក់យកអាយុជីវិតមនុស្ស ចំនួន ៥៣.៥៣៧ នាក់ បើយោងតាមតួរលេខផ្លូវការរបស់រដ្ឋាភិបាល ទោះបីជាមនុស្ស ជាច្រើននៅតែបាត់ខ្លួនក៏ដោយ។
លោក Mesut Hancer កាន់ដៃកូនស្រីអាយុ ១៥ ឆ្នាំដែលជាប់នៅក្រោមគំនរបាក់បែកបន្ទាប់ពីការរញ្ជួយដីនៅទួរគីនៅថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៣។ (រូបថត៖ AFP) |
ការចងចាំដ៏ឈឺចាប់
មួយឆ្នាំក្រោយពីគ្រោះមហន្តរាយរញ្ជួយដី ប្រជាជនរាប់ម៉ឺនគ្រួសារនៅទួរគី នៅតែមិនអាចជម្នោះលើការឈឺចាប់នៃការបាត់បង់នៅឡើយ។ មិនត្រឹមតែបាត់បង់ផ្ទះ សម្បែងនិងគ្រួសារញាតិសន្ដានប៉ុណ្ណោះទេ មនុស្សជាច្រើនឥឡូវនេះក៏ត្រូវរស់នៅជា មួយនឹងភាពភ័យខ្លាចជាប្រចាំ។ នៅទីក្រុង Narlica ខេត្ត Hatay ភាគខាងត្បូងទួរគី ប្រជាជនរាប់ពាន់គ្រួសារបានជ្រើសរើសរស់នៅក្នុងកុងតឺន័រឬតង់នៅតាមដងផ្លូវ ជាជាងត្រឡប់ទៅផ្ទះចាស់របស់ពួកគេវិញ ទោះបីជាផ្ទះជាច្រើននៅតែអាចប្រើប្រាស់បានក៏ដោយ។ លោកស្រី Fatma Kirici អ្នករស់រានមានជីវិតពីការរញ្ជួយដីកាលពីឆ្នាំមុន បាន និយាយថា លោកស្រីបានបាត់បង់កូនម្នាក់ក្នុងការរញ្ជួយដី៖
"ខ្ញុំបានបាត់បង់កូនស្រីនៅក្នុងការរញ្ជួយដី។ កូនខ្ញុំមានអាយុ ២០ ឆ្នាំហើយទើប តែរៀបការបាន ៤៥ ថ្ងៃ។ តាំងពីថ្ងៃបាត់កូនមក ខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។ ខ្ញុំភ័យខ្លាច ទោះបីជាផ្ទះខ្ញុំត្រឹមតែខូចបន្តិចបន្តួចក៏ដោយ”។
ការរញ្ជួយដីក៏បានបំផ្លាញជំនឿជាក់របស់មនុស្សជាច្រើនចំពោះអនាគតផងដែរ។ គ្រួសារជាច្រើននៅតែមិនអាចកសាងជីវភាពឡើងវិញយ៉ាងដូចម្ដ៉េចនោះឡើយ។ លោក Cevdet Donmez ពលរដ្ឋនៅទីក្រុង Antakya បានចែករំលែកថា៖
“ខ្ញុំមិនមានក្តីសង្ឃឹមសម្រាប់ជីវិតទៀតឡើយ។ ប្រាកដថា ដរាបណាយើងនៅ រស់ គឺយើងនៅតែមានក្តីសង្ឃឹម ប៉ុន្តែយើងខ្ញុំស្រាប់តែបាត់បង់អ្វីៗទាំងអស់ហើយ។ តើយើងអាចក្រោកឈរពីការតក់ស្លុតនេះយ៉ាងណា តើយើងអាចធានាបានអនាគតល្អសម្រាប់កូនៗដោយរបៀបណា? ខ្ញុំពិតជាមិនដឹងទៀតទេ”។
ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ និងលើកស្មារតីរបស់អ្នករស់រានមានជីវិត សកម្មភាពរំលឹកវិញ្ញាណក្ខន្ធជាច្រើនត្រូវបានប្រារព្ធធ្វើឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅទួរគី។ កាលពីថ្ងៃទី ៥ ខែកុម្ភៈ នៅខេត្ត Hatay ជាតំបន់មួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុតដោយការរញ្ជួយដី មនុស្សរាប់ពាន់នាក់បានប្រារព្ធពិធីមួយដែលមានឈ្មោះថា "ថ្ងៃដ៏ស្រស់ស្អាតចុងក្រោយនៃ Hatay" ដើម្បីរំលឹកឡើងវិញពីរូបភាពដ៏ស្រស់ស្អាតនៃ ខេត្ត Hatay និងរដ្ឋធានី Antakya មុនពេលទទួលរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី។
រដ្ឋាភិបាលទួរគីក៏មានផែនការរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជាបន្តបន្ទាប់នៅទូទាំងប្រទេសនៅថ្ងៃទី៦ កុម្ភៈ ផងដែរ។ ប្រធានាធិបតីទួរគីលោក Recep Tayip Erdogan ផ្ទាល់មានវត្តមាននៅទីក្រុង Kahramanmaras ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់លំនៅដ្ឋានថ្មីសម្រាប់ប្រជាជន ហើយធ្វើជា អធិបតីក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធផងដែរ។
អគារលំនៅដ្ឋានថ្មីកំពុងត្រូវបានសាងសង់សម្រាប់ជនអនាថា បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីឆ្នាំមុននៅក្នុងខេត្ត Hatay ប្រទេសទួរគី។ (រូបថត៖ Reuters/ Umit Bektas) |
ពន្លឿនដំណើរការសាងសង់
ក្រៅពីសកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយការរញ្ជួយដី ព័ត៌មានគួរឱ្យយកចិត្តទុកដាក់នៅទួរគីនាពេលបច្ចុប្បន្ននេះគឺវឌ្ឍនភាពនៃការសាងសង់ផ្ទះតាំងទី លំនៅថ្មីសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ វឌ្ឍនភាពនៃការសាង សង់លំនៅដ្ឋានថ្មីនាពេលបច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ និងស្តង់ដារបច្ចេកទេស ក្រោយពីអាជ្ញាធរទួរគីបានរឹតត្បិតបទប្បញ្ញត្តិសុវត្ថិ ភាពសំណង់បន្ទាប់ពីការរញ្ជួយដី។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងកាលពីថ្ងៃទី ៣ ខែ កុម្ភៈ ក្នុងពិធីប្រគល់ផ្ទះថ្មីជាង ៧២០០ ខ្នងដល់ប្រជាពលរដ្ឋក្នុងខេត្ត Hatay ប្រធានាធិបតីទួរគីលោក Erdogan បានប្រកាសថា រដ្ឋាភិបាលនឹងធានាការអនុវត្តយ៉ាង ត្រឹមត្រូវនូវការសន្យាដែលបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីកាលពីឆ្នាំមុននោះ គឺការ សាងសង់ផ្ទះថ្មីចំនួន ៣១៩ ពាន់ខ្នង ត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ និងផ្ទះចំនួន ៦៨០ ពាន់ ខ្នងត្រឹមដើមឆ្នាំ ២០២៥៖
"យើងនឹងសម្រេចការប្រគល់ផ្ទះចំនួន ៧៥ ពាន់ ខ្នងក្នុងរយៈពេលពីរខែខាងមុខ សម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ ក្នុងដំណាក់កាលបន្ទាប់ យើងខ្ញុំដាក់ចេញគោលដៅប្រគល់ផ្ទះ និងខុនដូចំនួន ១៥-២០ ពាន់ខ្នងជូនប្រជា ពលរដ្ឋជារៀងរាល់ខែ ហើយដល់ចុងឆ្នាំនេះនឹងប្រគល់ផ្ទះសរុប ២០០ ពាន់ខ្នងតាមការសន្យារបស់យើងខ្ញុំគឺនឹងសម្រេចការសាងសង់ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីចាប់ ផ្ដើមការសាងសង់”។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា វឌ្ឍនភាពនៃការសាងសង់ផ្ទះថ្មី សម្រាប់គ្រួសារ
ជនរងគ្រោះដោយការរញ្ជួយដីនៅទួរគីទំនងជានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ក្នុងបរិបទដែលអាជ្ញាធរមូលដ្ឋានទទួលរងសម្ពាធជាក់ស្ដែង មួយចំនួន មុន ការបោះឆ្នោតមូលដ្ឋានដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមីនា។ ក្រៅពីនោះ ការកាត់ទោសអ្នកម៉ៅការសំណង់ ក្រុមហ៊ុនអចលនទ្រព្យ ឬមន្ត្រីទទួលបន្ទុកកិច្ច ការទីក្រុង នៅកន្លែងជាច្រើនក៏នឹងត្រូវបានជំរុញយ៉ាងខ្លាំងផងដែរ ខណៈដែលប្រទេស ទួរគីបានកំណត់ថាមូលហេតុចម្បងមួយនៃការរញ្ជួយដីកាលពីឆ្នាំមុនដែលបណ្តាលឱ្យមានការបាត់បង់អាយុជីវិតយ៉ាងច្រើននោះ គឺដោយសារតែគុណភាពសំណង់ អគារអន់ពេក មិនឆ្លើយតបនឹងស្តង់ដារបច្ចេកទេសតាមបទបញ្ញត្តិ៕