យុវជនវៀតណាមរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - យុវជនកំពុងស្រូបយកភាគច្រើនក្នុងចំនួនប្រជាជនទូទាំងប្រទេស។ នេះជាកម្លាំងដែលជួយអោយវៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាល “ចំនួន ប្រជាជនមាស”។ ក្នុងសម័យកាលឧស្សាហូបនីយកម្មនិងទំនើបកម្ម កសាងនិង ការពារមាតុប្រទេសនាបច្ចុប្បន្ននេះ យុវជនកំពុងជាកម្លាំងស្នូលដែលឈានមុខ គេក្នុងចលនាអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកសាងប្រទេសជាតិ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ dantri) |
រដ្ឋាភិបាលទន្ទឹងរង់ចាំការរួមចំណែកបញ្ញារបស់យុវជន
ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសជាតិ កម្លាំងយុវជនវៀតណាមក៏មានការរីកចម្រើនយ៉ាងខ្លាំងក្លាផងដែរ។ មានបញ្ញាវ័ន្តវ័យក្មេងវៀតណាមជាច្រើននាក់ ត្រូវបានជ្រើសរើសចូលកាន់តំណែងសំខាន់ៗនៅក្នុងមូលដ្ឋានសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រដ៏ល្បីល្បាញលើពិភពលោក។ អញ្ជើញថ្លែងនៅវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១ឆ្នាំ២០១៨ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងដាណាំង ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលទន្ទឹងរង់ចាំការរួមចំណែកបញ្ញារបស់ប្រជាជនគ្រប់ស្រទាប់ ដែលក្នុងនោះមានជួរបញ្ញាវ័ន្តវ័យក្មេងវៀតណាម ផងដែរ។ លោកអញ្ជើញមានប្រសាសន៍ថា៖
“កម្លាំងបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅក្នុងប្រទេសនិងនៅឯបរទេស បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការសិក្សារៀនសូត្រ ការធ្វើពលកម្ម និងការច្នៃប្រឌិតដើម្បីឆ្ពោះទៅរកលំដាប់ថ្នាក់ទ្វីបនិងពិភពលោក។ ចំពោះកម្លាំងបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅឯបរទេស បើទោះជាត្រូវរស់នៅនិងសិក្សារៀនសូត្រក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់ក្ដី ប៉ុន្តែគេបានអះអាងបាននូវឋានៈរបស់ខ្លួន អះអាងបាននូវបញ្ញាវៀតណាម អត្តសញ្ញាណវៀតណាម ហើយវិលត្រឡប់មកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ មិត្តបានប្រើប្រាស់ចំណេះដឹងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង សំដៅលើកទឹកចិត្តយុវជនវៀតណាមនិយាយរួម ខិតខំប្រឹងប្រែងថែមទៀតដើម្បីរួមវិភាគទានទៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់ប្រទេសជាតិ ព្រមទាំងលើកឡើងគំនិតផ្ដួចផ្ដើមជូនចំពោះរដ្ឋា ភិបាលក្នុងដំណើរការអនុវត្តន៍គោលដៅអភិវឌ្ឍជាតិនានាផងដែរ”។
បើកពង្រីកកម្លាំងបញ្ញាវ័ន្តវ័យក្មេងក្នុងកិច្ចការកសាងប្រទេសជាតិ
ការប្រមូលផ្ដុំនិងបើកពង្រីកកម្លាំងបញ្ញាវ័ន្តវ័យក្មេងវៀតណាម ជាពិសេសគឺមនុស្សមានទេពកោសល្យបានក្លាយទៅជាភារកិច្ចសំខាន់មួយរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ នាពេលកន្លងទៅ ដោយវិធានការផ្សេងគ្នាជាច្រើន មជ្ឈឹមសម្ព័ន្ធយុវជន បានតភ្ជាប់បញ្ញាវ័ន្តវ័យក្មេងវៀតណាមជាមួយគ្នា តាមរយៈសកម្មភាពស្ម័គ្រចិត្ត និងសកម្មភាពកោតសរសើរបញ្ញាវ័ន្តវ័យក្មេងជាគំរូលើវិស័យជាច្រើន។ ពីនោះ កម្លាំងបញ្ញាវ័ន្តវ័យក្មេងអាចរួមចំណែកលើកឡើងគោលជំហរនិងគោលនយោបាយជាក់ស្ដែងជូនចំពោះរដ្ឋាភិបាលក្នុងសម័យកាលសមាហរណកម្មនិងបដិវត្តន៍ឧស្សាហកម្ម៤.០តែម្ដង។
នាបច្ចុប្បន្ន វៀតណាមមានបញ្ញាវ័ន្តអាណិកជនដែលមានកម្រិតចំណេះដឹងពីថ្នាក់ឧត្តមសិក្សាឡើងទៅប្រមាណ៤សែននាក់ ដែលប្រមូលផ្ដុំនៅប្រទេសអាមេរិក បារាំង អូស្ត្រាលី កាណាដា អាល្លឺម៉ង់ ជប៉ុន។ ភាគច្រើនក្នុងបរិមាណបញ្ញាវ័ន្តទាំងនេះ កំពុងធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ សាកលវិទ្យាល័យ ស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនពហុជាតិនិងអង្គការអន្តរជាតិ។ នេះជាប្រភពធនធានដ៏សំខាន់មួយដែលបាននិងកំពុងត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញកសាងនិងតភ្ជាប់គ្នា ដើម្បីបម្រើបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោក Le Quoc Phong លេខាទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានអះអាងថា៖
“ទោះបីជារស់នៅឯណាក៏ដោយ ប៉ុន្តែបញ្ញាវ័ន្តវ័យក្មេងវៀតណាមគ្រប់រូបសុទ្ធតែមានគោល បំណងឃើញប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន ប្រជាជនវៀតណាមសម្បូរធូធារ ដែលស្មើនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងៗលើពិភពលោក។ យើងនៅតែមានការលំបាកជាច្រើន ប៉ុន្តែសំខាន់បំផុតគឺយើងចេះចែករំលែកគ្នាអំពីសេចក្ដីប្រាថ្នានេះ។ សហគមន៍បញ្ញាវ័ន្តវ័យក្មេងវៀតណាមលើទូទាំងពិភពលោកនឹងបន្តសហប្រតិបតិ្តការគ្នាដើម្បីបង្កើតឡើងចម្លើយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាធំៗក្នុងការស្រាវជ្រាវ អភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យាចូលក្នុងវិស័យនានាដែលប្រទេសជាតិកំពុងមានតម្រូវការ។ ប្រការនេះនឹងបង្កើតឡើងកម្លាំងដ៏ធំធេងដើម្បីវៀតណាមអាចឆ្លៀតយកបាននូវឱកាសនៃបដិវត្តន៍ឧស្សាហកម្ម៤.០”។
នាពេលខាងមុខ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនឹងបន្តកសាងកម្លាំងបញ្ញាវ័ន្តវ័យក្មេងវៀតណាមអោយកាន់តែធំដឹងក្ដីដើម្បីបើកពង្រីកលទ្ធភាពច្នៃប្រឌិត ការទទួលខុសត្រូវនិងទេពកោសល្យរបស់ខ្លួនសំដៅរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ក៏ដូចជាដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយផងដែរ៕