របត់ក្នុងការនាំទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិងគុយបាឡើងកំពស់ថ្មី

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong ទើបនឹងបានបញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចនៅ សាធារណៈរដ្ឋបារាំងនិងសាធារណៈរដ្ឋគុយបា។ 

នេះជាសកម្មភាពកិច្ចការបរទេសដ៏សែនសំខាន់ចំនួន២របស់វៀតណាមក្នុងឆ្នាំ២០១៨។ រាល់លទ្ធផលទទួលបានក្នុងដំណើរទស្សនកិច្ចនេះមានអត្ថន័យប្រវត្តិសាស្ត្រ បង្កើតកម្លាំងចលករថ្មី ហើយជាការបោះជំហានលោតផ្លោះសំខាន់ សំដៅនាំទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិងគុយបាឈានទៅដំណាក់កាលថ្មី។

របត់ក្នុងការនាំទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិងគុយបាឡើងកំពស់ថ្មី - ảnh 1 អគ្គលេខាលោក Nguyen Phu Trong (ខាងឆ្វេង) ជួបចរចាជាមួយប្រធានរដ្ឋគុយបាលោក Raul Casto Ruz (រូបថត៖ TTXVN)

        ដំណើរទស្សនកិច្ចទទួលបានលទ្ធផលលើគ្រប់ជ្រុងជ្រោយ ជាក់ស្ដែងនិងមានចរិតលក្ខណៈយុទ្ធសាស្ត្រ

        ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លោកអគ្គលេខា បានជួបចរចានិងជួបសវនាការជាមួយថ្នាក់ដឹកនាំសឹងតែទាំងអស់របស់បារាំងនិងគុយបា ជួបប្រាស្រ័យជាមួយប្រជាជន យុវជន និងសហគ្រិននានា។ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានឲ្យដឹងថា៖

        “បារាំងយកចិត្តទុកដាក់ពិសេសដល់ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាលោក Nguyen Phu Trong ដោយសារគេឃើញសក្ដានុពលរបស់វៀតណាម ឃើញប្រសិទ្ធភាពនៃការបង្កើនទំនាក់ទំនង។ ក្នុងពេលនោះ ថ្នាក់ដឹកនាំកំពូលទាំងអស់របស់គុយបា សុទ្ធតែចូលរួមទទួលនិងជំរៀបលាលោកអគ្គលេខា។ មានចំណុចពិសេសណាស់ដែលមិនធ្លាប់កើតមានឡើងតាំងពីមុនមក គឺប្រធានរដ្ឋគុយបាលោក Raul Castro បានអង្គុយលើយន្តហោះជាមួយអគ្គលេខាលោក Nguyen Phu Trong នាពេលបំពេញទស្សនកិច្ចនៅទីក្រុង Santiago de Cuba។ កម្រមានពេលណាដែលប្រមុខរដ្ឋចំនួន២រូប អង្គុយលើយន្តហោះតែមួយដូច្នេះទេ”។

        ឯកសារសហប្រតិបតិ្តការចំនួន៤៣រវាងវៀតណាមជាមួយបារាំងនិងគុយបា ត្រូវបានចុះហត្ថលេខាលើវិស័យជាច្រើន តាមនោះបង្កើតឡើងកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរនាពេលខាងមុខពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ សហគ្រាសវៀតណាមនិងបារាំងបានចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចជាច្រើនក្នុងតំលៃសរុបជាង១០ពាន់លានអឺរ៉ូ ដែលផ្តោតសំខាន់ទៅលើវិស័យអាកាសចរណ៍ បច្ចេកវិទ្យាព័ត៌មាន ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Tuan Anh ដែលអមដំណើរលោកអគ្គលេខាលើកនេះ បានឲ្យដឹងថា៖   

        “ពិតណាស់ថា បារាំងនឹងក្លាយទៅជាដៃគូធំមួយរបស់វៀតណាមនាពេលខាងមុខ។ យើងមិនត្រឹមតែឃើញការសុក្រិតយន្តការ ក្របខ័ណ្ឌសហប្រតិបតិ្តការលើវិស័យជាច្រើនប៉ុណ្ណោះទេ ថែមទាំងឃើញការចូលរួមយ៉ាងខ្លាំងក្លារបស់ផ្នែកសាជីវកម្ម ដោយកិច្ចសន្យាសេដ្ឋកិច្ចក្នុងតំលៃឡើងដល់ទៅរាប់ពាន់លានដុល្លាអាមេរិកទៀតផង”។

        ចំពោះគុយបាគឺដំណើរទស្សនកិច្ចលើកនេះបានបង្កើតគ្រឹះស្ថានល្អ សំរាប់ការស្វែងរកយន្តការ រូបសណ្ឋានដ៏សមស្របដើម្បីបើកទូលាយកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោក Tran Tuan Anh បានឲ្យដឹងថែមទៀតថា៖

        “លទ្ធផលវិជ្ជមានមួយក្នុងដំណើរទស្សនកិច្ចលើកនេះគឺប្រទេសទាំងពីរបានឯកភាពបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-គុយបា ព្រមទាំងនឹងចុះហត្ថលេខាឲ្យបានឆាប់រហ័ស។នេះជាការរីកចម្រើនសំខាន់ណាស់ ដោយសារតាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ភាគីទាំងពីរនឹងផ្ដល់អាទិភាពជាច្រើនសំរាប់គ្នា ដោយឈរលើឧត្តមភាពនិងតម្រូវការរបស់ខឿនសេដ្ឋកិច្ចទាំងពីរ ហើយកាត់បន្ថយរបាំងពន្ធដារឡើងដល់ទៅ៩០%”។

        ជំរុញទស្សនៈវិស័យរួមស្ដីពីពិភពលោកពហុប៉ូលមួយ

        ទន្ទឹមនឹងលទ្ធផលជាក់ស្ដែងខាងលើ ដំណើរទស្សនកិច្ចនៅបារាំងនិងគុយបារបស់អគ្គលេខាលោក Nguyen Phu Trong ក៏ជំរុញទស្សនៈវិស័យរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ដីពីភាពចាំបាច់នៃការបង្កើនកិច្ចសហការគ្នាយ៉ាងស្អិតរមួត សំដៅរក្សាសន្តិភាព សន្តិសុខក្នុងបរិបទដែលស្ថានភាពលើពិភពលោកនិងក្នុងតំបន់មានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញ។ អគ្គលេខាលោក Nguyen Phu Trong និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បារាំងនិងគុយបា សុទ្ធតែគាំទ្រសណ្ដាប់ធ្នាប់អំពីពិភពពហុប៉ូលមួយ ដោយឈរលើលទ្ធិពហុភាគី គោរពតួនាទីរបស់អ.ស.ប គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ស្វ័យភាពនិងរបបនយោបាយរបស់គ្នា ព្រមទាំងសង្កត់ធ្ងន់ថា ជម្លោះអន្តរជាតិទាំងឡាយគួរតែដោះស្រាយដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.ប។

        អាចអះអាងបានថា ក្រោយពីដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong ទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិងគុយបានឹងឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ