រួមគ្នាធ្វើសកម្មភាព កសាងអនាគតប្រកបដោយសន្តិភាពនិងវិបុលភាព

(VOVWORLD) - កិច្ចប្រជុំកំពូលអនាគត ដែលជាសកម្មភាពសំខាន់មួយក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ បានបើកកាលពីថ្ងៃទី ២២ កញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
រួមគ្នាធ្វើសកម្មភាព កសាងអនាគតប្រកបដោយសន្តិភាពនិងវិបុលភាព - ảnh 1កិច្ចប្រជុំកំពូលអនាគត បានបើកកាលពីថ្ងៃទី ២២ កញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ VOV)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងថ្នាក់ដឹកនាំជាន់ខ្ពស់យ៉ាងច្រើនកុះករមកពីបណ្ដាប្រទេស អង្គការអន្តរជាតិ និងតំបន់ តំណាងអង្គការក្រៅរដ្ឋាភិបាល មជ្ឈដ្ឋានវិទ្យាសាស្ត្រ ហិរញ្ញវត្ថុ និងធុរកិច្ច...បានអញ្ជើញចូលរួមព្រឹត្តិការណ៍។ នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញថ្លែងសន្ទរកថា ដោយអះអាងសាររបស់វៀត ណាមក្នុងការរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព និងការអភិវឌ្ឍដោយសមភាព ដើម្បីជីវភាពរស់នៅដ៏ល្អប្រសើរនិងសុភមង្គលរបស់មនុស្សជាតិ។

កិច្ចប្រជុំកំពូលអនាគតប្រព្រឹត្តទៅក្រោមប្រធានបទ "ដំណោះស្រាយពហុភាគីដើម្បីអនាគតដ៏ល្អប្រសើរជាង"។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេសជាង ១៣០។ ដោយផ្អែកលើខ្លឹមសារដែលត្រូវបានកសាងឡើង ហើយនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកគ្រោងនឹងអនុម័តលើកិច្ចព្រមព្រៀងដើម្បីអនាគត។ នេះគឺជាឯកសារសំដៅជំរុញកិច្ចសហប្រតិបត្តិការសកល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា ដើម្បីផលប្រយោជន៍ដល់មនុស្សគ្រប់រូប និងមនុស្សជំនាន់ក្រោយផងដែរ។

ផលប្រយោជន៍របស់មនុស្សត្រូវតែដាក់ជាមជ្ឈភាព

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចាត់ទុកថា បញ្ញារបស់មនុស្សបានជួយផ្លាស់ប្តូរពិភពលោក និងជីវិតមនុស្ស ប៉ុន្តែមនុស្សក៏ជាកត្តាដែលបង្កឡើងបញ្ហាប្រឈមជាច្រើនដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ការបាត់បង់ធនធាន ឬការផលិតអាវុធប្រល័យលោកផងដែរ។ ដោយសង្កត់ធ្ងន់ថាជម្រើសក្នុងបច្ចុប្បន្ននឹងកំណត់អនាគត លោកអគ្គលេខាបក្ស ប្រធានរដ្ឋចាត់ទុកថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក និងផលប្រយោជន៍មនុស្សត្រូវតែដាក់ជាមជ្ឈភាព និងជាគោលដៅខ្ពស់បំផុត៖

“នៅចំពោះមុខការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក និងផលប្រយោជន៍របស់មនុស្សត្រូវតែដាក់ជាមជ្ឈភាព និងជាគោលដៅខ្ពស់បំផុតរបស់យើង។ សមិទ្ធិផលវិទ្យាសាស្ត្របច្ចេកវិទ្យា ត្រូវតែបម្រើវឌ្ឍនភាពសង្គម ឆ្ពោះទៅមនុស្ស រំដោះមនុស្ស អភិវឌ្ឍន៍មនុស្សឱ្យបានគ្រប់ជ្រុងជ្រោយ លើកកម្ពស់ជីវភាពរស់នៅដោយឥតឈប់ឈរ ធានាបាននូវផលប្រយោជន៍ និងសុភមង្គលរបស់មនុស្សជាតិ និងដើម្បីមនុស្សជំនាន់ក្រោយ។ សមិទ្ធិផលវិទ្យាសាស្ត្របច្ចេកវិទ្យាចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការ មិនមែនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាទេ ដើរផ្ទុយនឹងសេចក្តីប្រាថ្នាសន្តិភាព ការអភិវឌ្ឍ សមភាព និងយុត្តិធម៌របស់បណ្ដាប្រជាជាតិ។ សមិទ្ធិផលនៃបញ្ញាមនុស្សត្រូវតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងសង្គមប្រកបដោយយុត្តិធម៌ អរិយធម៌ ការលើកកំពស់គុណភាពជីវភាពប្រជាជន និងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ”។

ដើម្បីធ្វើបានដូច្នេះ ក្នុងដំណាក់កាលដោយមានលក្ខណៈចំណុចរបត់នេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអំពាវនាវឱ្យពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ; ដោះស្រាយការខ្វែងគំនិតនិងវិវាទដោយសន្តិវិធី; ជំរុញការវិនិយោគ និងការស្រាវជ្រាវក្នុងវិស័យដែលបម្រើមនុស្សដូចជា វេជ្ជសាស្ត្រ ការអប់រំនិងបណ្តុះបណ្តាល ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងដំណោះស្រាយដើម្បីបម្រើមហាជន៖

“ប្រទេសធំៗត្រូវមានឥរិយាបទប្រកបដោយទំនួលខុសត្រូវ និងចែករំលែកសមិទ្ធិផលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍទៅវិញទៅមក។ អង្គការសហប្រជាជាតិ និងអង្គការតំបន់នានា រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវនាំមុខជាមួយនឹងបេសកកម្មនៃការជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលសកម្មភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ហើយទាញយកផលប្រយោជន៍ពីឱកាសដែលកើតចេញពីភាពជឿនលឿនខាងវិទ្យាសាស្ត្របច្ចេកវិទ្យាផងដែរ”។

ស្វែងរកសម្លេងរួមសម្រាប់បញ្ហាប្រឈមសកល

ទន្ទឹមនឹងសុន្ទរកថានោះ នៅឯកិច្ចប្រជុំ គណៈប្រតិភូវៀតណាម និងប្រទេសដទៃទៀតបានឯកភាពអនុម័តលើឯកសារដើម្បីអនាគត ឯកសារឌីជីថលសកល និងសេចក្តីថ្លែងការណ៍ស្តីពីជំនាន់អនាគត។ ទាំងនេះគឺជាឯកសារដែលមានខ្លឹមសារទូលំទូលាយ ដាក់ចេញសកម្មភាព និងគោលដៅលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ។

សម្រាប់ប្រទេសវៀតណាម នេះជាលើកទីមួយហើយ ចាប់តាំងពីបានចូលជាសមាជិកអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧៧ ដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រការនេះបញ្ជាក់ថា វៀតណាមមានការយកចិត្តទុកដាក់កាន់ខ្លាំងដល់ការទូតពហុភាគី ដែលអង្គការសហប្រជាជាតិ ក្នុងនាមជាអង្គការអន្តររដ្ឋាភិបាលដ៏ធំបំផុតនៅលើភពផែនដី ដើរតួនាទីជាមជ្ឈភាព។ តាមលក្ខខណ្ឌនិងសមត្ថភាពរបស់ខ្លួន វៀតណាមមានការរួមវិភាគទានយ៉ាងសកម្មជាច្រើនដល់អង្គការសហប្រជាជាតិនៅទាំងកម្រិតផ្ទាល់និងដោយប្រយោល។

ការដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់
វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ បន្តបង្ហាញពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ តាមនោះនាំកិច្ចសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិរួមជាមួយដៃគូនានា បន្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ