រុស្ស៊ីនិងលោកខាងលិចព្យាយាមបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន
(VOVWORLD) - ភាពតានតឹងនាពេលថ្មីៗនេះ រវាងរុស្ស៊ីនិងលោកខាងលិចមិនបង្ហាញសញ្ញាបន្ធូរបន្ថយនៅឡើយ ជុំវិញបញ្ហាអ៊ុយក្រែន។ មតិសាធារណៈដំបូងឡើយ អាចដកដង្ហើមធូរស្រាល បន្ទាប់ពីរយៈពេលនៃការចោទប្រកាន់ពីការឈ្លានពាន ការព្រមានអំពីការតបត រួមទាំងការដែលភាគីទាំងពីរបានដាក់ពង្រាយកងទ័ពយ៉ាងឆាប់រហ័ស ធ្វើអោយបរិយាកាសនៅទីនេះឡើងកំដៅតាមម៉ោង។
ប្រធានាធិបតីបារាំង Emmanuel Macron (កណ្តាល) ប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (រូបថត៖ AFP) |
ការចោទប្រកាន់ត្រូវបានបដិសេធ
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានបង្ហើបពីការវាយតម្លៃពីមន្ត្រីអាមេរិកថា រុស្ស៊ីអាចបើកការឈ្លានពានទាំងស្រុងតម្រង់ទៅលើអ៊ុយក្រែនក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។ ដូច្នោះហើយ យោធារុស្ស៊ីបានដាក់ពង្រាយនៅជិតអ៊ុយក្រែន “ក្រុមប្រយុទ្ធកម្រិតកងវរសេនាតូច” សរុបចំនួន ៨៣ នាក់ ដែលក្រុមនីមួយៗមានទំហំប្រហាក់ប្រហែលនឹងកងវរសេនាតូចអាមេរិកដែលមានទាហានពី ៧៥០ ដល់ ១០០០ នាក់។ រុស្ស៊ីបានប្រមូលកម្លាំងប្រយុទ្ធប្រហែល ៧០% សម្រាប់ការវាយប្រហារមួយ ហើយកំពុងបញ្ជូនក្រុមប្រយុទ្ធកម្រិតកងវរសេនាតូចបន្ថែមទៀតទៅកាន់ព្រំដែនអ៊ុយក្រែន។ សូម្បីតែនៅលើកាសែត New York Times និង Washington Post ចុះផ្សាយកាលពីថ្ងៃទី ៥ ខែកុម្ភៈ មន្ត្រីអនាមិកមួយចំនួនបានព្រមានថា ការលុកលុយរបស់រុស្ស៊ីពេញលក្ខណៈ អាចបណ្តាលឱ្យមានអ្នកស្លាប់និងរបួសឡើងទៅដល់ ៥ ម៉ឺននាក់ផងដែរ។ ទោះបីជាតួរលេខជាក់ស្តែងក៏ពិតមែន ប៉ុន្តែមូលដ្ឋានណាសម្រាប់ទីក្រុងវ៉ាស៊ីនតោននាំចេញការព្យាករណ៍គឺងងិតងងុល ទាំងស្រុង។ នេះក៏ជាអ្វីដែលសូម្បីតែសារព័ត៌មានអាមេរិកក៏បានលើកឡើងដែរ។
រុស្ស៊ីបានបដិសេធជានិច្ចនូវការចោទប្រកាន់ទាំងនេះ ហើយបានរិះគន់លោកខាងលិចថា មានចេតនាបង្កជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមទាក់ទាញការយកចិត្តទុកដាក់ពីអន្តរជាតិលើភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy និយាយយ៉ាងស្មោះត្រង់ ដោយហៅការប៉ាន់ស្មានរបស់អាមេរិកនិងលោកខាងលិចថា “ឆ្កួតលីលានិងគួរឱ្យខ្លាច”។
កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីកាត់បន្ថយភាពតានតឹង
វិលត្រឡប់ទៅប្រវត្តិសាស្ត្រវិញ ដើម្បីស្វែងយល់ពីមូលហេតុនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនបច្ចុប្បន្ន។ អ៊ុយក្រែន - ជាផ្នែកមួយនៃចក្រភពរុស្ស៊ីជាច្រើនសតវត្ស មុនពេលក្លាយជាសាធារណៈរដ្ឋនៃសហភាពសូវៀត - ទទួលបានឯករាជ្យនៅពេលដែលសហភាពសូវៀតបានបែកបាក់នៅឆ្នាំ ១៩៩១។ ប្រទេសនេះបានបង្កើតទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយលោកខាងលិច។ ការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych ក្នុងការបដិសេធកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយសហភាពអឺរ៉ុប ដើម្បីគាំទ្រទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ នាំឲ្យកើតមានឡើងបាតុកម្មដ៏ធំ បណ្តាលឲ្យលោកត្រូវបណ្តេញចេញពីតំណែងក្នុងឆ្នាំ ២០១៤។ នៅឆ្នាំ ២០១៤ នេះ រុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ។ ក្នុងឆ្នាំដដែល ការបះបោរបំបែកខ្លួនបានផ្ទុះឡើងនៅភាគខាងកើតអ៊ុយក្រែន។
រដ្ឋាភិបាលថ្មីរបស់អ៊ុយក្រែនត្រូវបានបង្កើតឡើង ជាមួយអ្នកនយោបាយភាគច្រើនគាំទ្រលោកខាងលិច ហើយតែងតែចង់ចូលរួមជាមួយណាតូក្នុងពេលឆាប់ៗនេះ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ប៉ុន្តែ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយម្តងហើយម្តងទៀតថា បំណងរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយណាតូ គឺជាបន្ទាត់ក្រហម ហើយថា រុស្ស៊ីមិនចង់ឱ្យអ៊ុយក្រែនចូលរួមជាមួយណាតូនោះទេ។ រុស្ស៊ីក៏បានទាមទារឱ្យបញ្ឈប់ការធ្វើសមយុទ្ធរបស់ណាតូនៅជិតព្រំដែនរបស់ខ្លួន ហើយចង់ឱ្យណាតូដកខ្លួនចេញពីអឺរ៉ុបខាងកើត។ លោក Putin បានស្នើឱ្យលោកខាងលិចចូលរួមក្នុងការចរចាសំខាន់ៗជាក់ស្តែងលើបញ្ហានេះ។ រុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ខ្លួនមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ហើយបានព្រមានថា ការប៉ុនប៉ងប្រើប្រាស់ដំណោះស្រាយយោធាចំពោះវិបត្តិនៅភាគខាងកើតអ៊ុយក្រែននឹងបង្កផលវិបាកធ្ងន់ធ្ងរទៀតសោត។
ទាហានអ៊ុយក្រែននៅតំបន់ខ្សែប្រយុទ្ធជួរមុខក្បែរ Trokhizbenka ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃទី ២ ខែកុម្ភៈ (រូបថត៖ NY Times) |
ចំពោះមុខរាល់ការវិវឌ្ឍន៍ដ៏តានតឹងនាពេលបច្ចុប្បន្ន ប្រទេសនានាកំពុងខិតខំប្រឹងប្រែងការទូតយ៉ាងសកម្ម។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបតែបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ដែលភាគីទាំងពីរបានឯកភាពលើសំណើរសន្តិសុខមួយចំនួន ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនបច្ចុប្បន្ន។ ទោះបីជាព័ត៌មានលម្អិតអំពីកិច្ចចរចានេះមិនត្រូវបានលាតត្រដាងក៏ដោយ ក៏ភាគីទាំងពីរបានបញ្ជាក់ថា គោលដៅកំពូលគឺទប់ស្កាត់សង្គ្រាម និងកសាងទំនុកចិត្តរវាងភាគី។ បន្ទាប់ពីរុស្ស៊ី លោក E.Macron បានទៅទីក្រុង Kiev ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក៏បានជួបជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅសេតវិមានផងដែរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា ការទូតគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយស្ថានការណ៍នៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយអាមេរិកនិងអាល្លឺម៉ង់បន្តការចរចាសុឆន្ទៈស្តីពីសន្តិសុខជាមួយរុស្ស៊ី។ ទន្ទឹមនឹងនោះ អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានបញ្ជាក់ដែរថានឹងប្រើប្រាស់រាល់ “ឱកាសការទូត” ដើម្បីកាត់បន្ថយភាពតានតឹង។ រីឯ ប្រធានាធិបតីទួរគី Recep Tayyip Erdogan ដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ីនិងអ៊ុយក្រែន បាននិយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាអ្នកសម្រុះសម្រួលសម្រាប់ការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។
ក្នុងពេលជាមួយគ្នានោះ ការពង្រឹងការផ្លាស់ប្តូរការទូតត្រូវបានចាត់ទុកថា នឹងនាំមកនូវលទ្ធផលជាវិជ្ជមាន ជួយភាគីនានាស្វែងរកចំណុចរួមដែលអាចសម្របសម្រួល ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយភាពតានតឹងក្នុងឯកភាពនិងការគោរពអធិបតេយ្យភាពរបស់បណ្តាប្រទេស៕