រុស្ស៊ីនិងអាមេរិកបន្តសន្ធិសញ្ញា New START

(VOVWORLD) -  រុស្ស៊ីនិងសហរដ្ឋអាមេរិកបានបន្តជាផ្លូវការនូវសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ ដែលហៅថា New START មួយថ្ងៃមុនពេលសន្ធិសញ្ញានេះផុតសុពលភាព។ ការបន្តសន្ធិសញ្ញានេះគឺជាជំហានដំបូងសម្រាប់ពិភពលោកក្នុងការពង្រឹងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ ទោះជាយ៉ាងណាក៏ដោយ ការកែលំអរទំនាក់ទំនងរវាងមហាអំណាចទាំងពីរដោយសារសន្ធិសញ្ញានេះគឺជាប្រការដែលអ្នកសង្កេតការណ៍បានយកចិត្តទុកដាក់បំផុត។

រុស្ស៊ីនិងអាមេរិកបន្តសន្ធិសញ្ញា New START  - ảnh 1កាំជ្រួចមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ីនៅឯពិធីព្យុហយាត្រានាទិវាជ័យជម្នះនៅលើទីលានក្រហមក្នុងទីក្រុងម៉ូស្គូនៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២០ (រូបថត៖ AP)

New START ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១០ និងចូលជាធរមានក្នុងឆ្នាំ ២០១១។ ក្នុងនោះបានកំណត់ថា សហរដ្ឋអាមេរិកនិងរុស្ស៊ីមិនត្រូវបានអនុញ្ញាតឱ្យរក្សាមីស៊ីលផ្លោងឆ្លងទ្វីបលើសពី ៧០០ គ្រាប់និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនោះឡើយ។ សន្ធិសញ្ញានេះក៏កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់ភាគីមួយគឺមិនឱ្យលើសពី ១.៥៥០ គ្រាប់។ យោងតាមកិច្ចព្រមព្រៀងបឋម សន្ធិសញ្ញានេះបានផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២១។ យ៉ាងណាមិញ ភាគីទាំងពីរបានព្រមព្រៀងបន្តសន្ធិសញ្ញានេះឱ្យបាន ៥ ឆ្នាំទៀត ពោលគឺដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៦ តែម្តង។

ជៀសវាងគ្រោះនៃការប្រណាំងប្រជែងអាវុធ

ការបន្តសន្ធិសញ្ញា New START អាចជួយជៀសវាងការប្រណាំងប្រជែងអាវុធរវាងមហាអំណាចនុយក្លេអ៊ែរ ឈានមុខគេទាំងពីររបស់ពិភពលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ភ្លាមៗចំពោះការបន្តសន្ធិសញ្ញានេះ ដោយសង្កត់ធ្ងន់ថា នេះជាមធ្យោបាយសម្រាប់រក្សារាល់ ដែនកំណត់ ដែលអាចស៊ើបឲ្យច្បាស់លើឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក។ លោករូបនេះសង្ឃឹមថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រុស្ស៊ីនិងអាមេរិកនឹងជួបចរចាគ្នាដើម្បីកាត់បន្ថយចំនួនអាវុធនុយ ក្លេអ៊ែរដែលប្រទេសទាំងពីរកំពុងគ្រប់គ្រង ដើម្បីជៀសវាងគ្រោះនៃការប្រណាំងប្រជែងអាវុធមួយ។

ក្នុងពេលជាមួយគ្នានោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្រកាសដោយជឿជាក់ថា New START នឹងរួមចំណែកដល់ស្ថេរភាពអន្តរជាតិហើយប្រទេសជាសមាជិកបានបង្ហាញការគាំទ្រជាថ្មីម្តងទៀត ចំពោះការបន្តអនុវត្តសន្ធិសញ្ញា ក៏ដូចជារាល់ការសន្ទនាវិជ្ជមាន ស្តីពីវិធានការនានាដើម្បីកែលម្អស្ថិរភាពយុទ្ធសាស្ត្រ។ សម្ព័ន្ធភាពនៅតែមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាកិច្ចព្រមព្រៀងនិងការសន្យានានា ទាក់ទងនឹងការរំសាយអាវុធ ការគ្រប់គ្រងអាវុធនិងការមិនរីកសាយភាយអាវុធនុយក្លេរអ៊ែរ។ យ៉ាងណាមិញ  NATO គាំទ្រកិច្ចពិភាក្សាស្តីពីការរឹតបណ្តឹងការគ្រប់គ្រងអាវុធ ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់សម្ព័ន្ធមិត្ត ព្រមទាំងចាត់ទុកថា ការបន្តសន្ធិសញ្ញានេះ ជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរថ្មីកំពុងលេចឡើងចំពោះស្ថិរភាពយុទ្ធសាស្ត្រ។

ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump ទីក្រុងវ៉ាស៊ីនតោនមិនចាប់អារម្មណ៍ចំពោះការបន្តសន្ធិសញ្ញា New START នោះទេ ពីព្រោះខ្លួនគិតថា នេះជារឿងអយុត្តិធម៌។ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក Trump ដើម្បីទទួលបានកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធរយៈពេលខ្លីជាមួយរុស្ស៊ី ដែលរួមបញ្ចូលទាំងការបង្កកក្បាលនុយក្លេអ៊ែរទាំងអស់ និងដាក់បញ្ចូលចិនបន្ថែមទៀតនាអនាគត ទីបំផុតក៏ធ្លាក់ក្នុងភាពជាប់គាំង។

សញ្ញាវិជ្ជមាននិងអនាគតនៃទំនាក់ទំនងរុស្ស៊ី - អាមេរិក?

នៅចំពោះមុខ ការបន្តសន្ធិសញ្ញារយៈពេល ៥ ឆ្នាំទៀតនឹងអនុញ្ញាតឱ្យភាគីទាំងពីរបន្តពិភាក្សាគ្នាលើការគ្រប់គ្រងអាវុធ ទាំងយុទ្ធសាស្ត្រនិងយុទ្ធវិធី នុយក្លេអ៊ែរនិងមិនមែននុយក្លេអ៊ែរ ដើម្បីពិភាក្សាអំពីស្ថេរភាពយុទ្ធសាស្ត្រហើយអាចទៅជាការកាត់បន្ថយអាវុធ ដោយមានការចូលរួមរបស់ភាគីទី៣ ក្នុងកិច្ចចរចាទាំងនេះ។ មិនត្រឹមតែសម្រាប់ចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់សម្ព័ន្ធមិត្ត NATO របស់អាមេរិក គឺបារាំងនិងអង់គ្លេសទៀតផង។

ក្រុមអ្នកជំនាញបានវាយតម្លៃថា ការបន្តសន្ធិសញ្ញា New START អាចជួយឱ្យពិភពលោកជៀសផុតពីការប្រកួតប្រជែងអាវុធរវាងមហាអំណាចនុយក្លេអ៊ែរឈានមុខគេទាំង ២ នៅលើពិភពលោក ប៉ុន្តែស្ទើរតែមិនដោះស្រាយបញ្ហានៅសេសសល់ក្នុងទំនាក់ទំនងរុស្ស៊ី - អាមេរិកនោះឡើយ។ សេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង (រុស្ស៊ី) និងសេតវិមាន (អាមេរិក) បង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់នៃវិធីសាស្រ្តអភិក្រម។ ពោលគឺ ខណៈពេលដែលភាគីរុស្ស៊ីស្វាគមន៍ចំពោះការបន្ត New START និងបានសម្តែងនូវបំណងចង់សហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនោះ ប៉ុន្តែ ភាគីអាមេរិកបានបង្ហាញការប្រុងប្រយ័ត្ន ដោយប្រកាសថា អាមេរិកនឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបនឹងសកម្មភាពរបស់រុស្ស៊ីដែលបង្កអន្តរាយដល់អាមេរិកនិងសម្ព័ន្ធមិត្ត។ លោកប្រធានាធិបតី Biden ក៏បានជួបតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការថែរក្សា NATO ដូចជា “កំពែងរាំងស្កាត់រុស្ស៊ី”។ លក្ខណៈនេះ បូករួមនឹងការសន្ទនាតាមទូរស័ព្ទដែលទើបតែបានធ្វើឡើង ដែលបង្ហាញថា រដ្ឋអំណាចលោក Biden មិនចង់យកការកែលំអទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពចម្បងនៅឡើយ។

យោងតាមស្ថានភាពជាក់ស្តែងបានបង្ហាញថា រវាងប្រទេសទាំងពីរនៅមានការខ្វែងគំនិតគ្នាជាច្រើន ដែលត្រូវចំណាយពេលយ៉ាងយូរទើបនឹងដោះស្រាយបាន។ ក្នុងបរិបទនោះ ការបន្តសន្ធិសញ្ញា New STARS គ្រាន់តែជាសញ្ញាវិជ្ជមានប៉ុណ្ណោះ ពោលគឺជាសញ្ញាប្រាប់ថា រដ្ឋអំណាចអាមេរិកមានតែរក្សាសភាពដើមនៃទំនាក់ទំនងជាមួយរុស្ស៊ី ជៀសវាងការប្រឈមមុខផ្ទាល់គ្នាប៉ុណ្ណោះ  ហេតុដូច្នេះ ក្តីសង្ឃឹមអំពីការផ្លាស់ប្តូរទាំងស្រុងទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកនាពេលអនាគតគឺមិនអាចទៅរួចទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ