លើកកំពស់តួនាទីនិងឋានៈនៃស្ថាប័នតំណាងរបស់ប្រជាជនប្រចាំមូលដ្ឋាន

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបនិងដាក់ពង្រាយការងារឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្ត ក្រុងភាគខាងជើង ដើម្បីពង្រីកប្រសិទ្ធភាពឲ្យបានខ្ពស់បំផុតនូវតួនាទីនិងឋានៈរបស់ស្ថាប័នអំណាចរដ្ឋប្រចាំមូលដ្ឋាន។ ផ្ដើមពីនោះ អាចពង្រីកប្រៀបខ្លាំងនៃមូលដ្ឋាននីមួយៗ ចូលរួមចំណែកជាមួយប្រទេសទាំងមូលអនុវត្តន៍គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លើកកំពស់តួនាទីនិងឋានៈនៃស្ថាប័នតំណាងរបស់ប្រជាជនប្រចាំមូលដ្ឋាន - ảnh 1គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំបូកសរុបនិងដាក់ពង្រាយការងារឆ្នាំ២០២២របស់ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្ត ក្រុងភាគខាងជើង។ (រូបថត៖ VNA)

នៅវៀតណាម ស្ថាប័នតំណាងរបស់ប្រជាជន (ស្ថាប័នតំណាងរបស់ប្រជាជន) រួមមាន៖ រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ ក្រុមប្រឹក្សាប្រជាជនជាស្ថាប័នតំណាងរបស់ប្រជាជននៅមូលដ្ឋាន និងជាស្ថាប័នអំណាចរដ្ឋប្រចាំមូលដ្ឋានផងដែរ។

ម្ចាស់ការអនុវត្តន៍ឲ្យបានល្អនូវតួនាទីនៃស្ថាប័នអំណាចរដ្ឋប្រចាំមូលដ្ឋាន

ក្នុងឆ្នាំ២០២១ ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់បានចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងជោគជ័យនៃការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ដែលជាការបោះឆ្នោតទ្រង់ទ្រាយធំបំផុត ហើយមានអត្រាម្ចាស់ឆ្នោតចូលរួមខ្ពស់បំផុតតាំងពីមុនមក ដោយមានម្ចាស់ឆ្នោតជាង៩៩%ទៅបោះឆ្នោត។

បន្ទាប់ពីការបោះឆ្នោត ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្តក្រុងអាណត្តិ២០២១-២០២៦ បានរៀបចំសម័យប្រជុំលើកទី១ ដើម្បីពិនិត្យមើលខ្លឹមសារអំពីការងាររៀបចំ ក្បាលម៉ាស៊ីន និងកម្មាភិបាល សម្រេចលើដំណោះស្រាយមួយចំនួនដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ- ១៩ ក៏ដូចជាការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញផងដែរ។

តាមការធ្វើស្ថិតិចាប់ពីដើមអាណត្តិ២០២១-២០២៦រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនីមួយៗបានចេញផ្សាយសេចក្ដីសម្រេចចិត្តយ៉ាងហោចណាស់៣៥ច្បាប់ ជាពិសេសមានតំបន់បានចេញផ្សាយរហូតដល់១៩០ច្បាប់ បង្កើតមូលដ្ឋានគតិយុត្តដើម្បីអនុវត្តន៍គោលដៅដែលបានដាក់ចេញ។ នេះគឺជាសក្ខីភាពដ៏ច្បាស់លាស់នៃប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត។ សេចក្ដីសម្រេចចិត្តទាំងអស់ដែលត្រូវបានចេញផ្សាយ បានឆ្លើយតបជាស្ថាពរនូវតម្រូវការពីការពិតជាក់ស្ដែង ហើយរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។

ទន្ទឹមនឹងនោះ សកម្មភាពឃ្លាំមើលឯកទេស សកម្មភាពជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោត ទទួល ជួបពលរដ្ឋ ទទួលយកនិងដោះស្រាយពាក្យបណ្ដឹងតវ៉ាបរិហាររបស់ពលរដ្ឋ ត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ផងដែរ។ លោកស្រី Nguyen Thi Thanh ប្រធានគណៈកម្មការទទួលបន្ទុកការងារសមាជិករដ្ឋសភា ចំណុះគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានវាយតម្លៃថា៖

“ឆ្នាំ២០២១ជាឆ្នាំអន្តរកាលរវាងអាណត្តិ២នៃរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ ក្នុងស្ថានភាពនៃការផ្ទុះរាលដាលយ៉ាងខ្លាំងនៃជម្ងឺរាតត្បាតលើទូទាំងប្រទេស ប៉ុន្តែដោយមានភាពម្ចាស់ការ ទំនួលខុសត្រូវខ្ពស់ សកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងឆ្នាំ២០២១ សម្រេចបានលទ្ធផលដ៏សែនសំខាន់។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាប្រជាជនដើម្បីអនុវត្តន៍បានយ៉ាងល្អនូវមុខងារភារកិច្ចដែលជាស្ថាប័នអំណាចរដ្ឋប្រចាំមូលដ្ឋាន តំណាងឲ្យឆន្ទៈ បំណងប្រាថ្នារបស់ប្រជាជនមូលដ្ឋាន”។

រួមដំណើរជំនះពុះពារលើការលំបាក

ក្នុងឆ្នាំ២០២២ ជាមួយនឹងការដាក់ពង្រាយសេចក្ដីសម្រេចជាច្រើនរបស់រដ្ឋាភិបាលក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ សំណូមពរអំពីការសម្របខ្លួន ស្ដារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសគឺការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំដំណាក់កាល២០២១-២០៣០ និងផែនការ៥ឆ្នាំដំណាក់កាល២០២១-២០២៥ គឺទាមទារឲ្យក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ត្រូវម្ចាស់ការ សកម្មអនុវត្តន៍តួនាទីជាស្ថាប័នអំណាចរដ្ឋប្រចាំមូលដ្ឋាន។

ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក៏នឹងបង្កើនសកម្មភាពតភ្ជាប់សមាជិករដ្ឋសភាជាមួយម្ចាស់ឆ្នោត ម្ចាស់ការចូលរួមតាំងពីដំបូងទីក្នុងការពិនិត្យមើលនិងផ្ដល់មតិយោបល់ដល់សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តដាក់ជូនសម័យប្រជុំរបស់ក្រុមប្រឹក្សា។ ខ្លឹមសារនៃសេចក្ដីសម្រេចចិត្តនៅពេលត្រូវបានចេញផ្សាយ ត្រូវតែធានាលក្ខណៈអាចអនុវត្តន៍ទៅបានខ្ពស់ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានានាដែលជាកង្វល់របស់ម្ចាស់ឆ្នោតនិងសាធារណៈមតិ គ្របដណ្ដប់លើវិស័យជាច្រើន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ កសាងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំនិងរឹងមាំ។

ជាស្ថាប័នអំណាចរដ្ឋប្រចាំមូលដ្ឋាន ក្រុមប្រឹក្សាប្រជាជនមានតួនាទីដ៏សំខាន់ក្នុងការចេញផ្សាយសេចក្ដីសម្រេចអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងមានមុខងារឃ្លាំមើលការអនុវត្តនៅតាមខេត្តក្រុងនីមួយៗផងដែរ។ ដូច្នេះហើយ ការលើកកំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមប្រឹក្សាប្រជាជននាពេលខាងមុខគឺជាបុព្វបទដ៏សំខាន់ដើម្បីឲ្យស្ថាប័នតំណាងរបស់ប្រជាជនប្រចាំមូលដ្ឋានពង្រីកតួនាទីនិងឋានៈរបស់ខ្លួន ចូលរួមចំណែកក្នុងការទាញយកប្រយោជន៍ពីប្រៀបខ្លាំងនៃមូលដ្ឋាន ធានាការរួមដំណើរជាមួយប្រទេសជាតិទាំងមូលក្នុងការអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ