វេណេហ្ស៊ុយអេឡាឈរនៅចំពោះមុខហានិភ័យសង្គ្រាមស៊ីវិល
(VOVWORLD) - វិបត្តិសេដ្ឋកិច្ចនយោបាយនៅវេណេហ្ស៊ុយអេឡាកំពុងមានការវិវឌ្ឍដែលឆ្ពោះទៅរកជម្លោះមួយ អាស្រ័យដោយប្រទេសនេះត្រូវបែកបាក់យ៉ាងធ្ងន់ធ្ងររវាង ភាគីមួយគឺប្រធានាធិបតីលោក Nicolas Maduro ដែលគាំពារដោយកងទ័ព និង ភាគីមួយទៀតគឺប្រធានាធិបតីស្វ័យប្រកាសលោក Juan Guaido ប្រធានរដ្ឋសភា និងជាមេដឹកនាំចលនាប្រឆាំង។ ខណៈពេលនោះ សហគមន៍អន្តរជាតិក៏មាន ទស្សនៈផ្សេងគ្នាជាច្រើន ដែលធ្វើអោយស្ថានភាពនៅប្រទេសអាមេរិកឡាទីន នេះធ្លាក់ចូលក្នុងការជាប់គាំងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នៅក្នុងពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែង (រូបថត៖ AFP/TTXVN) |
ក្នុងបរិបទដ៏តានតឹងនាបច្ចុប្បន្ននៅវេណេហ្ស៊ុយអេឡា មជ្ឈដ្ឋានអ្នកជំនាញបានប៉ាន់ស្មានថា មិនថាបញ្ឆេះណាក៏ដោយ ក៏អាចធ្វើអោយអណ្ដាតភ្លើងសង្គ្រាមស៊ីវិលឆេះសន្ធេសន្ធៅឡើងបានដែរ ដោយសារភាគីទាំងពីរសុទ្ធតែមិនធ្វើសម្បទានណាមួយឡើយ។
ភាពតានតឹងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ
ក្នុងបម្រែបម្រួលថ្មីបំផុត នាថ្ងៃទី២៨ ខែមករា ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នាពេលឆ្លើយសម្ភាសន៍លើប៉ុស្តិ៍ទូរទស្សន៍ CNN បានច្រានចោលឪសានវាទរបស់សហគមន៍អន្តរជាតិស្ដីពីការរៀបចំការបោះឆ្នោតមួយក្នុងរយៈពេល៨ថ្ងៃ។ លោក Maduro បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំភាគីប្រឆាំងលោក Juan Guaido បានរំលោភបំពានលើរដ្ឋធម្មនុញ្ញ ដោយការស្វ័យប្រកាសខ្លួនឯងជាប្រមុខរដ្ឋ។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីស្វ័យប្រកាសរបស់វេណេហ្ស៊ុយអេឡាលោក Juan Guaido បានអោយដឹងថា កំពុងចរចាជាមួយមន្ត្រីយោធានិងស៊ីវិលមួយចំនួន ដើម្បីចាប់បង្ខំអោយប្រធានា ធិបតីលោក Maduro ត្រូវលាលែងពីតំណែង។ នាបច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងរដ្ឋាភិបាលនិងកងទ័ព Caracas បានបែរមុខទៅគាំទ្រលោក Juan Guaido វិញ។
គោលជំហររបស់សហគមន៍អន្តរជាតិចំពោះបម្រែបម្រួលនៅវេណេហ្ស៊ុយអេឡាក៏ផ្សេងគ្នាផងដែរ។ អាមេរិកបានអំពាវនាវអោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិគាំទ្រថ្នាក់ដឹកនាំភាគីប្រឆាំងលោក Juan Guaido ហើយអំពាវនាវអោយរៀបចំឡើងការបោះឆ្នោតយ៉ាងឆាប់ៗ។ ចំណែកឯប្រទេសរុស្ស៊ីវិញ គឺជានិច្ចកាលមានទស្សនៈផ្ទុយទៅនឹងប្រទេសអាមេរិក ដោយចាត់ទុកថា អាមេរិកកំពុងមានចេតនាធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា។ ម៉ូស្គូបានចោទប្រកាន់វ៉ាស៊ីនតោន មានចេតនាធ្វើអោយស្ថានភាពនៅវេណេហ្ស៊ុយអេឡាកាន់តែអាក្រក់ទៅៗ ហើយញុះញង់ទស្សនៈជ្រុលនិយមផងដែរ។ ចិន អ៊ីរ៉ង់និងអាហ្វ្រិកខាងត្បូងបានគាំទ្រទស្សនៈនេះរបស់រុស្ស៊ី។ ចំណែកឯប្រទេសធំៗនៅទ្វីបអឺរ៉ុបវិញ គឺមានទស្សនៈស្រដៀងគ្នាជាមួយអាមេរិកដោយគាំទ្រថ្នាក់ដឹកនាំនៃភាគីប្រឆាំងនៅវេណេហ្ស៊ុយអេឡា។
ប្រធានាធិបតីស្វ័យប្រកាសលោក Juan Guaido (រូបថត៖ AFP/TTXVN) |
ផ្លូវនាំវេណេហ្ស៊ុយអេឡាចូលក្នុងភាពវឹកវរ
ពិតណាស់ថា រាល់ការវិវឌ្ឍដោយអស្ថិរភាពនៅវេណេហ្ស៊ុយអេឡាគឺជាផលវិបាកនៃការបែកបាក់ខាងផ្ទៃក្នុងអស់រយៈពេលដ៏យូរអង្វែង។ នាពេលដែលលោក Maduro ជាប់ឆ្នោតឡើងវិញកាលពីខែឧសភាឆ្នាំ២០១៨ អ្នកបោះឆ្នោតជាច្រើនបានធ្វើពហិការលទ្ធផលនេះ។ ប្រទេសអាមេរិកឡាទីនផ្សេងចំនួន១៤និងកាណាដា ក៏បានប្រកាសថា ការបោះឆ្នោតនេះគឺមិនស្របច្បាប់ទេ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថា អតិផរណានៅវេណេហ្ស៊ុយអេឡាអាចឡើងដល់ទៅ១០លាន%ក្នុងឆ្នាំ ២០១៩។ បាតុកម្មបានផ្ទុះឡើងនៅគ្រប់ដងវិថីក្នុងឆ្នាំ ២០១៧។ ភាគីប្រឆាំងក៏បានចោទប្រកាន់លោក Maduro ពីការបង្កើតឡើងរបបផ្ដាច់ការ ខណៈដែលលោក Maduro បានហៅបាតុករថា “អ្នកបំផ្លាញនិងភេរវករ”។
ក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចនយោបាយដ៏អាប់អួរនោះ លោក Juan Guaido អ្នកនយោបាយម្នាក់បានផុសឡើង ហើយក្លាយទៅជាប្រធានរដ្ឋសភាវេណេហ្ស៊ុយអេឡានាថ្ងៃទី៥ ខែមករា។ លោក Juan Guaido បានស្វ័យប្រកាសខ្លួនឯងជាប្រធានាធិបតីជាបណ្ដោះអាសន្ននៅក្នុងពិធីធ្វើសច្ចាប្រណិធាននៅចំពោះមុខអ្នកគាំទ្រនៅរដ្ឋធានី Caracas កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ ព្រមទាំងអំពាវនាវអោយមានការបោះឆ្នោតថ្មីមួយនៅប្រទេសវេណេហ្ស៊ុយអេឡា។
ប្រសិនបើមានការបោះឆ្នោតមួយដែលប្រព្រឹត្តទៅនាពេលនេះ ទោះជាភាគីណាឈ្នះក៏ដោយ គឺសុទ្ធតែធ្វើអោយជម្លោះនិងការបែកបាក់នៅវេណេហ្ស៊ុយអេឡាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ តាមមជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិអោយដឹងថា ប្រការដែលប្រទេសអាមេរិកខាងត្បូងនេះត្រូវធ្វើនា បច្ចុប្បន្ននេះ គឺស្វែងរកវិធានការសម្រុះសម្រួលអោយបានឆាប់ៗ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាដោយអំពើហឹង្សារវាងរដ្ឋាភិបាលនិងភាគីប្រឆាំង ឬករណីរដ្ឋប្រហារយោធាមួយ ឬក៏អាក្រក់ជាងទៀតគឺសង្គ្រាមប្រូកស៊ីមួយដែលអាមេរិកនិងរុស្ស៊ីឈរនៅពីក្រោយ។ ដោយសារតែប្រវត្តិសាស្ត្របានសរបញ្ជាក់អោយឃើញថា សេណារីយ៉ូទាំងអស់ខាងលើសុទ្ធតែនាំទៅដល់ផលវិបាកអាក្រក់យ៉ាងធ្ងន់ធ្ងរ៕