វៀតណាមខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ល្អបំផុតរាល់ស្តង់ដារពលកម្មអន្តរជាតិ

(VOVWORLD) -  ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ក្នុងនោះមានទាំងការចូលរួមក្នុងបណ្តាកិច្ចសន្យាអន្តរជាតិស្តីពីពលកម្ម គឺជាគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម។ ក្នុងបរិបទនៃការប្រតិបត្តិរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីនិងបង្កើនការធ្វើសមាហរណកម្មនោះ វៀតណាមកាន់ តែខិតខំប្រឹងប្រែងយ៉ាងខ្លាំងថែមទៀត ដើម្បីប្រតិបត្តិតាមស្តង់ដារពលកម្មអន្តរជាតិ ស្របតាមបណ្តាកិច្ចសន្យាដែលខ្លួនបានចូលរួមផងដែរ។

វៀតណាមខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ល្អបំផុតរាល់ស្តង់ដារពលកម្មអន្តរជាតិ - ảnh 1សមាជិកសភាវៀតណាមចុចប៊ូតុងបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការចូលរួមអនុសញ្ញាលេខ១០៥។ (រូបថត៖ quochoi.vn) 

ការអនុម័តនិងការអនុវត្តនូវស្តង់ដារពលកម្មអន្តរជាតិកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ ហេតុដូច្នេះ វៀតណាមបានសកម្មក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO) ឲ្យកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកដល់ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណើរការទីផ្សារពលករវៀតណាម និងសមស្របតាមកិ្រតក្រមនៃសេដ្ឋកិច្ចទីផ្សារ ដោយឆ្ពោះទៅរកការបង្កើតទំនាក់ទំនងពលកម្មទំនើប។

មូលដ្ឋានគ្រឹះនៃច្បាប់ពេញលេញ

បន្ទាប់ពីបានក្លាយជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO) នៅឆ្នាំ ១៩៩២ រហូតមកដល់ពេលនេះ វៀតណាមបានចូលរួមជាសមាជិកនៃអនុសញ្ញាចំនួន ២០ ស្តីពីសិទ្ធិពលកម្ម ដូចជាអនុសញ្ញាស្តីពីអាយុអប្បបរមារបស់កុមារដើម្បីចូលរួមក្នុងកម្លាំងពលកម្មឧស្សាហកម្ម; អនុសញ្ញាស្តីពីប្រាក់បៀវត្សស្មើគ្នារវាងបុរសនិងស្ត្រី; អនុសញ្ញាស្តីពីការមិនរើសអើងក្នុងការងារនិងមុខរបរ; អនុសញ្ញាគោលនយោបាយពលកម្ម និងអនុសញ្ញាស្តីពីពលកម្មសមុទ្រជាដើម។ ដោយឡែក ក្នុងឆ្នាំ ២០១៩ វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន ៣ របស់អង្គការពលកម្មអន្តរជាតិ ដែលរួមមានអនុសញ្ញាលេខ ៨៨ ស្តីពីរៀបចំសេវាការងារធ្វើ; អនុសញ្ញាលេខ ១៥៩ ស្តីពីការសម្រួលការងារសមស្រប់សម្រាប់ជនពិការ និងអនុសញ្ញាលេខ ៩៨ ស្តីពី សិទ្ធិក្នុងការចរចាសមូហភាព។ ក្នុងចំណោមអនុសញ្ញាទាំង ៣ នេះ អនុសញ្ញាលេខ ៩៨ គឺជាអនុសញ្ញាស្នូលរបស់ ILO  ក្នុងក្របខ័ណ្ឌគោលការណ៍និងសិទ្ធិពលកម្មជាមូលដ្ឋាន និងក្លាយទៅជាកត្តាសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី  ដូចជា CPTPP (កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក) ឬ FTA រវាងវៀតណាមនិង EU (EVFTA) ក៏ដូចជានៅក្នុងគោលនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនភាគច្រើន នៃបណ្តាក្រុមហ៊ុនពហុជាតិ។ ក្នុងឆ្នាំដដែលនេះ រដ្ឋសភាវៀតណាមបានអនុម័តលើក្រមច្បាប់ពលកម្ម (ធ្វើវិសោធនកម្ម) ដោយមានបទប្បញ្ញត្តិថ្មីជាច្រើន ដើម្បីធានាសិទ្ធិរបស់និយោជិកឱ្យបានប្រសើរជាង ស្របតាមបណ្តាកិច្ចសន្យាអន្តរជាតិស្តីពីពលករដែលវៀតណាមបានចូលរួមជាសមាជិក ហើយស្របជាមួយដំណើរការដែលវៀតណាមអនុវត្តកិច្ចព្រមព្រៀង CPTTP និង EVFTA ផងដែរ។ នាពេលថ្មីៗនេះ នៅខែមិថុនាឆ្នាំ ២០២០ វៀតណាមបានអនុម័តលើអនុសញ្ញាលេខ ១០៥ របស់ ILO  ស្តីពីការលុបបំបាត់ពលកម្មដោយចាប់បង្ខំ ដែលនាំយកចំនួនអនុសញ្ញាមូលដ្ឋានរបស់ ILO ដែលវៀតណាមបានអនុម័តឡើងទៅដល់ ៧/៨ អនុសញ្ញា។

ធានាសិទ្ធិរបស់និយោជិក

ការចូលជាសមាជិកនៃអនុសញ្ញាលេខ ១០៥ និយាយដោយឡែក និងអនុសញ្ញាទាំងអស់របស់ ILO និយាយរួម បានធានានូវទស្សនៈដែលបានកំណត់ក្នុងគោលនយោបាយនិងគោលមាគ៌ារបស់បក្សនិងរដ្ឋវៀតណាម គឺលុបបំបាត់ពលកម្មដោយបង្ខិតបង្ខំ ធានាសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។ ការចូលរួមបណ្តាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលកម្ម ក៏ជះឥទ្ធិពលជាវិជ្ជមានដល់វិស័យនយោបាយកិច្ចការបរទេស និងបង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចនិងការប្តេជ្ញាចិត្តរបស់សមាជិកអង្គការ ILO   ក៏ដូចជារាល់ការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលជះឥទ្ធិពលជាវិជ្ជមានដល់ដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅរបស់វៀតណាម។

ការដែលវៀតណាមទទួលបានវឌ្ឍនភាពក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាមូលដ្ឋានរបស់ ILO ក៏ដូចជាការធ្វើវិសោធនកម្មក្រមច្បាប់ពលកម្ម បានបង្ហាញពីសុឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងដ៏មានប្រសិទ្ធិភាពរបស់វៀតណាម ក្នុងការរួមបញ្ចូលនូវបទដ្ឋានពលកម្មអន្តរជាតិ។ តាមនោះ ការផ្តល់សច្ចាប័នរបស់វៀត ណាមលើអនុសញ្ញា ILO កាន់តែច្រើន អាចនាំមកនូវលក្ខខណ្ឌការងារល្អប្រសើរជាង ផលិតភាពពលកម្មខ្ពស់ជាង ហើយវិបុលភាពត្រូវបានចែករំលែកប្រកបដោយសមធម៌ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះអនុសញ្ញាលេខ ៩៨ ស្តីពីសិទ្ធិក្នុងការរៀបចំនិងការចរចាសមូហភាព រួមជាមួយអនុសញ្ញាបច្ចេកទេសចំនួន ២ គឺអនុសញ្ញាលេខ ៨៨ និងលេខ ១៥៩ នោះ អគ្គនាយិការរងនៃអង្គការ ILO លោកស្រី Deborah Greenfield បានវាយតម្លៃថា “វៀតណាមជាប្រទេសមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលបានបង្ហាញតាមរយៈសេចក្តីព្រាងនៃក្រមច្បាប់ពលកម្មធ្វើវិសោធនកម្ម និងស្របតាមសេចក្តីប្រកាសកាលពីឆ្នាំ ១៩៩៨ របស់ ILO ស្តីពីគោលការណ៍និងសិទ្ធិជាមូលដ្ឋានក្នុងការធ្វើពលកម្ម។ លើសពីនេះទៅទៀត វៀតណាមក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្តង់ដារពលកម្មអន្តរជាតិ ក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋ កិច្ចពិភពលោក តាមរយៈសេចក្តីសម្រេចចិត្តលេខ ០៦ ស្តីពីធ្វើសមាហរណកម្មអន្តរជាតិ; សេចក្តីសម្រេចចិត្តលេខ ២៧ ស្តីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សនិងសេចក្តីសម្រេចចិត្តលេខ ២៨ ស្ដីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។ សម្រាប់អនុសញ្ញាលេខ ១០៥ ប្រធានគណៈកម្មការស្តង់ដារពលកម្មអន្តរជាតិរបស់ ILO  លោកស្រី Corrine Vargha បានវាយតម្លៃថា “ជាមួយនឹងការផ្តល់សច្ចាប័នលើកនេះ វៀតណាមបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខិតបង្ខំ ក្រោមគ្រប់រូបភាពទាំងអស់។ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១០៥ នេះ វៀតណាមកំពុងឆ្ពោះទៅអនុវត្តន៍ថ្នាក់ជាតិនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ឆ្នាំ ២០៣០” របស់អង្គការ សហប្រជាជាតិ។

ក្នុងបរិបទដែលវៀតណាមកំពុងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ការចូលរួមជាសមាជិកនិងអនុវត្តបណ្តាអនុសញ្ញាអន្តរជាតិស្តីពីពលកម្ម  មានគោលបំណងបង្កើតមូលដ្ឋានច្បាប់ពេញលេញ និង ជឿនលឿនដើម្បីដោះស្រាយប្រកបដោយសុខដុមរមនារាល់ទំនាក់ទំនងពលកម្ម។ នេះក៏ជាលក្ខខណ្ឌមួយ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយយុត្តិធម៌ ខណៈពេលដែល វៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជាលក្ខខណ្ឌមួយដើម្បីជំរុញដំណើរការធ្វើសមាហរណកម្មរបស់វៀតណាម។ វឌ្ឍនភាពពិតប្រាកដទាំងអស់នេះបានបង្ហាញថា វៀតណាមបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ រាល់ការសន្យាអន្តរជាតិនិងបទដ្ឋានអន្តរជាតិអំពីពលកម្ម និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ