វៀតណាមប្ដេជ្ញាចិត្តរួមជាមួយអាស៊ានដាក់សហគមន៍អាស៊ានអោយដំណើរការ

(VOVWORLD) - សហគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឆ្លងកាត់រយៈពេល ជាងពាក់កណ្ដាលសតវត្សនៃការចាប់បដិសន្ធិនិងអភិវឌ្ឍ។ ក្នុងអំឡុងពេលនោះ អាស៊ានទទួលបានសមិទ្ធផលជាច្រើន ដោយនាំមកជូនប្រទេសជាសមាជិកទាំង អស់នូវផលប្រយោជន៍ដ៏ធំធេងនៃបរិយាកាសប្រកបដោយសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការបើកទូលាយដែលទាក់ទាញការចូលរួមរបស់មហាអំណាចស្ទើរតែទាំងអស់នៅក្នុងនិងក្រៅតំបន់ផងដែរ។ វៀតណាមមានមោទនភាពដោយ បានរួមចំណែកទៅក្នុង ការរីកចម្រើនដោយឥតឈប់ឈរ របស់អាស៊ាន ហើយនាបច្ចុប្បន្ន ដោយមាគ៌ាកិច្ចការបរទេសបើកចំហ វៀតណាមនឹងបន្តរួម ចំណែកយ៉ាងសកម្មទៅក្នុងគោលដៅកសាងសហគមន៍អាស៊ានសកលលោក ក៏ដូចជាអនុវត្តន៍ប្រកបដោយជោគជ័យនូវទស្សនៈវិស័យសហ គមន៍អាស៊ានឆ្នាំ ២០២៥ផងដែរ។
វៀតណាមប្ដេជ្ញាចិត្តរួមជាមួយអាស៊ានដាក់សហគមន៍អាស៊ានអោយដំណើរការ - ảnh 1ថ្នាក់ដឹកនាំអាស៊ានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ានដែលបានរៀបចំឡើងនៅវៀតណាម (រូបថត៖ VGP)


 
ឆ្នាំ២០១៨
-  សញ្ញាសម្គាល់របស់អាស៊ានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអះអាងនូវឋានៈរបស់ខ្លួន

        ក្នុងឆ្នាំ២០១៨ ប្លុកអាស៊ានទាំងមូលបន្តរក្សាកំណើន GDP ប្រកបដោយស្ថិរភាពប្រមាណជាង ៥%។ ចំណុចគួរអោយកត់សម្គាល់មួយទៀតគឺអាស៊ានបានត្រៀមខ្លួនជាស្រេចសម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ ដោយបង្កើតឡើងបណ្ដាញទីក្រុងឆ្លាតវៃអាស៊ានដែលតភ្ជាប់ទីក្រុងចំនួន២៦ ជាសាកពិសោធន៍។ កិច្ចចរចាអំពីកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏ទទួលបានការរីកចម្រើនគួរអោយកត់សម្គាល់ផងដែរ តាមនោះអះអាងនូវការសន្យារបស់អាស៊ានចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុងកាលៈទេសៈដែលការប្រឆាំងសកលភា វូបនីយកម្មកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

        ក្នុងឆ្នាំ២០១៨ អាស៊ានក៏បានបង្ហាញយ៉ាងច្បាស់នូវតួនាទីជាមជ្ឈមណ្ឌលក្នុងក្របខ័ណ្ឌទំនាក់ទំនងជាដៃគូផ្សេងៗគ្នារវាងអាស៊ានជាមួយប្រទេសនិងអង្គការតំបន់នានា ព្រមទាំងដើរតួនាទីជាអ្នកសម្របសម្រួល បង្កើតវេទិកាដើម្បីភាគីនានាចូលរួមជំនួបចរចា តាមនោះលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួនផងដែរ។ លោក Vu Ho ប្រធានមន្ទីរអាស៊ាន បានចាត់ទុកថា៖

        “សហគមន៍អាស៊ានបានបង្កើតឡើងបរិយាកាសមួយដើម្បីប្រទេសធំៗលើពិភពលោកមកពិភាក្សាគ្នាអំពីបញ្ហាទាំងអស់ដែលយើងកំពុងប្រឈម។ អាចយល់ឃើញថា អាស៊ានបានក្លាយទៅជាទីកន្លែងដើម្បីដៃគូនានាមកជួបជុំគ្នា ពិភាក្សា និងដោះស្រាយបញ្ហាសកល។ ពីយូរលង់ណាស់មកហើយ អាស៊ានជានិច្ចកាលខិតខំប្រឹងប្រែងកសាងទម្រង់តំបន់មួយដែលពឹងផ្អែកលើគោលការណ៍និងច្បាប់។ នេះគឺជាការគោរពច្បាប់អន្តរជាតិដែលបានបង្ហាញតាមរយៈការពិភាក្សារវាងអាស៊ានជាមួយភាគីខាងក្រៅនានា។ នោះគឺជាការកសាង COC។ ក្រៅពីការរក្សាសន្តិភាព ស្ថិរភាព រួមចំណែកគ្រប់គ្រងជម្លោះនៅក្នុងតំបន់ នេះក៏ជាការរួមចំណែកសម្រាប់ច្បាប់អន្តរជាតិទៀតផង”។

        នាបច្ចុប្បន្ន អាស៊ានបានកសាងទស្សនៈវិស័យនៃសហគមន៍អាស៊ានដោយឈរលើផែនការសកម្មភាពធំចំនួន៣។ នោះគឺជាផែនការសកម្មភាពអំពីនយោបាយសន្តិសុខ វប្បធម៌សង្គមនិងសេដ្ឋកិច្ច។ ផែនការទាំង៣នេះ គឺជាត្រីវិស័យដើម្បីអោយអាស៊ានបន្តអភិវឌ្ឍន៍ចាប់តាំងពីពេលនេះរហូតដល់ក្រោយពីឆ្នាំ២០២៥។

       វៀតណាមរួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងសហគមន៍អាស៊ាន

        ក្នុងអំឡុងពេល២៤ឆ្នាំជាសមាជិកអាស៊ាន វៀតណាមជានិច្ចកាលកំណត់ថា អាស៊ានជាអាទិ ភាពយុទ្ធសាស្ត្រមួយក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២បានអះអាងជាថ្មីម្ដងទៀតនូវគោលជំហរនិងទិសស្លោករបស់វៀតណាមនោះគឺ “ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវរួមជាមួយប្រទេសអាស៊ានដទៃកសាងសហគមន៍អោយបានរឹងមាំ”។ ជោគជ័យរបស់អាស៊ានក្នុងឆ្នាំកន្លងទៅមានការរួមចំណែកគួរអោយកត់សម្គាល់របស់វៀតណាម ដែលក្នុងនោះលេចធ្លោបំផុតគឺការទទួលរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF ASEAN) ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

        ក្នុងឆ្នាំ២០២០ វៀតណាមនឹងកាន់តំណែងជាប្រធានអាស៊ាន។ នេះជាកាលានុវត្តភាពរបស់ វៀតណាមដើម្បីជំរុញការកសាងសហគមន៍អោយបានរឹងមាំថែមទៀត ក៏ដូចជាបង្កើនកិត្យានុភាព តួនាទីរបស់អាស៊ាននៅក្នុងតំបន់ ផងដែរ។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំបង្កើតគណៈកម្មាធិការជាតិអំពីអាស៊ាន កាលពីចុងខែធ្នូឆ្នាំ២០១៨ បានសង្កត់ធ្ងន់ថា៖

        “ការរៀបចំប្រកបដោយជោគជ័យនូវឆ្នាំប្រធានអាស៊ាន២០២០មានអត្ថន័យដ៏សែនសំខាន់ ដោយសារតែនេះជាពេលវេលាដើម្បីអាស៊ានវាយតម្លៃចំពោះលទ្ធផលក្នុងរយៈពេលកន្លងទៅ ហើយសម្រេចលើការបោះជំហានជាបន្តសំដៅអនុវត្តន៍គោលដៅកសាងសហគមន៍អាស៊ាននាឆ្នាំ២០២៥ ប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍នេះនឹងបង្កើតឡើងកាលានុវត្តភាពថ្មីដើម្បីពង្រីកឧត្តមភាព សក្ដានុភាពរបស់ប្រទេសជាតិ លើកកំពស់ឋានៈនិងរូបភាពរបស់វៀតណាម។ ខ្ញុំសូមអះអាងថា វៀតណាមគោរព ទន្ទឹងរង់ចាំនិងត្រៀមខ្លួនជាស្រេចធ្វើអស់ពីសមត្ថភាពដើម្បីឆ្នាំប្រធានអាស៊ាន ២០២០ប្រព្រឹត្តទៅប្រកបដោយជោគជ័យ”។

        ដើម្បីរួមចំណែកដាក់ទស្សនៈវិស័យអាស៊ានឆ្នាំ២០២៥អោយដំណើរការ វៀតណាមកំពុងខិតខំប្រឹងប្រែងពង្រីកថែមទៀតនូវតួនាទីរបស់ខ្លួន ជំរុញកិច្ចសហប្រតិបតិ្តការ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសជាសមាជិកនីមួយៗ។ ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលរំលេចឡើងនូវស្មារតីសាមគ្គីភាព ឯកភាព គោលការណ៍ និងតម្លៃនានាដែលបានធ្វើឡើងអត្តសញ្ញាណនិងជោគជ័យរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ