វៀតណាមប្រកាន់ខ្ជាប់នឹងការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព
(VOVWORLD) - វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩ ដែលបានរៀបចំឡើងដោយរដ្ឋា ភិបាលនិងគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ចាប់ពីថ្ងៃ ទី១៦ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដូចជាសេចក្ដីអំពាវនាវមួយអោយប្រមូលផ្ដុំកម្លាំងចម្រុះដោះស្រាយចំណោទលោតផ្លោះរបស់វៀតណាមដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយចីរភាពក្នុងឆ្នាំ ២០១៩។ នៅវេទិកានេះ ប្រមុខរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងនូវការជំរុញកំណែទម្រង់សេដ្ឋកិច្ចដែលបំផុស កំរិតយ៉ាងខ្លាំងក្លានូវជំនឿជាក់ចំពោះការរីកចម្រើននៃប្រទេស វៀតណាម។
ឆ្នាំ២០១៨ជាឆ្នាំដំបូងក្រោយរយៈពេល១១ឆ្នាំ ដែលវៀតណាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចហួសពី៧% ហើយវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអាចរក្សាបាននូវសន្ទុះកំណើននេះក្នុងរយៈពេលខាងមុខ។
វៀតណាមផ្ដល់អាទិភាពដល់ការកែទម្រង់របៀបរបប
តាមមជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ចអោយដឹងថា ដើម្បីក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុន វៀតណាមត្រូវមានគោលនយោបាយលោតផ្លោះ ដែលក្នុងនោះគោលនយោ បាយហិរញ្ញវត្ថុចាំបាច់ត្រូវមានភាពបត់បែន។ ហើយវៀតណាមក៏ចាំបាច់ត្រូវបង្កើនកំណែទម្រង់របៀបរបបដើម្បីសម្រេចបានគោលដៅគឺការអភិវឌ្ឍប្រកបដោយចីរភាព។ ស្ដីពីបញ្ហានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើអាទិភាពទាំង៣ក្នុងការកែទម្រង់របៀបរបបរបស់វៀតណាមយ៉ាងដូច្នេះថា៖
“ទីមួយគឺយើងខ្ញុំនឹងបន្តកសាងរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដែលធ្វើអោយប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យនិងអរិយធម៌។ របៀបរបបនោះរួមមានទាំងការអភិវឌ្ឍគ្របដណ្ដប់ដើម្បីអោយគ្មានអ្នកណាត្រូវទុកចោលនៅខាងក្រោយឡើយ។ ទិសដៅទី២គឺការកសាងនីតិរដ្ឋសង្គមនិយម ជាពិសេសគឺលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដើម្បីបម្រើប្រជាជននិងនាំមកនូវប្រសិទ្ធភាពខ្ពស់ថែមទៀត។ ទិសដៅសំខាន់ទី៣គឺការបន្តកសាងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មអោយកាន់តែងាយស្រួលថែមទៀត ពង្រីកកម្លាំងផលិតកម្ម ដើម្បីអោយប្រជាជនគ្រប់រូប សហគ្រាសនិងផ្នែកសេដ្ឋកិច្ចទាំងអស់អភិវឌ្ឍន៍ប្រកបដោយភាពងាយស្រួលនិងចីរភាព”។
ប្រកាន់ខ្ជាប់នឹងគោលដៅអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា “ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព” ពិតជាពាក្យគន្លឹះដ៏សំខាន់ជួរមុខ ជាជម្រើសយុទ្ធសាស្ត្រនិងសកម្មភាពឥតងាករេរបស់រដ្ឋាភិបាលវៀតណាម។ នោះក៏ជាគោលការណ៍សារវ័ន្តនៃខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនៅវៀតណាមសំដៅអភិវឌ្ឍន៍ដោយមិនទុកចោលអ្នកណានៅខាងក្រោយផងដែរ។ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា រដ្ឋាភិបាលនឹងវាយតម្លៃឡើងវិញចំពោះស្ថានភាពជាក់ស្ដែងនិងសក្ដានុពលពិតប្រាកដនៃផ្នែកសេដ្ឋកិច្ចមុខព្រួញទាំងអស់ សំដៅបង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ដែលក្នុងនោះសេដ្ឋកិច្ចឌីជីថលមានតួនាទីសំខាន់ចំពោះគោលដៅអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាពរបស់វៀតណាម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“នៅវេទិកាលើកនេះ រដ្ឋាភិបាលវៀតណាមបានអះអាងសារជាថ្មីថា យើងអាចអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿននិងប្រកបដោយចីរភាពដោយព្រមៗគ្នា ដែលមិនចាំបាច់ជ្រើសរើសរវាងគុណភាពកំណើនឬល្បឿនកំណើននោះទេ។ នេះមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ថែមទាំងពិតជាការប្ដេជ្ញាចិត្តនិងសកម្មភាពរបស់វៀតណាម ដោយសារតែសក្ដានុពលរបស់យើងខ្ញុំគឺធំធេងណាស់។ សំខាន់បំផុតគឺប្រជាជនវៀតណាមទាំង១០០លាននាក់ រួមទាំងនៅក្នុងប្រទេសនិងនៅឯបរទេស សុទ្ធតែមានសេចក្ដីប្រាថ្នាក្លាយទៅជាប្រទេសមួយដ៏ឯករាជ្យ ខ្លួនទីពឹងខ្លួននិងវិបុលភាព”។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ក៏បានអះអាងថា ក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗទៀត រដ្ឋាភិបាលវៀតណាមនឹងប្ដេជ្ញាចិត្តរក្សារឹងមាំនូវស្ថិរភាពនយោបាយសង្គម ពង្រឹង ខឿនសេដ្ឋកិច្ចទាំងខាងម៉ាក្រូនិងមីក្រូ សំដៅបង្កើនឧត្តមភាពរបស់វៀតណាម ក្នុងកាលៈទេសៈដែលស្ថានភាពសេដ្ឋកិច្ចនយោបាយលើពិភពលោកអស្ថិរភាពនាបច្ចុប្បន្ន៕