វិបត្តិការទូតនៅពេលដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាឯកតោភាគីលើអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ២០ ខែសីហាសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងជាផ្លូវការឡើងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្ដីពីការដែលអ៊ីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះគឺជាជំហានជាបន្តាប់ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសអ៊ីស្លាមនេះ។ នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់ ដែលអាចបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងក្រុម P5 + 1 (JCPOA) ព្រមទាំងបង្កឱ្យមានវិបត្តិការទូតដ៏ធ្ងន់ធ្ងរផងដែរ។
ពាក្យបណ្តឹងស្ដីពីការដែលអ៊ីរ៉ង់មិនគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដាក់ឡើងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ២០ ខែសីហា ទោះជាសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ ២០១៨ ក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
ការខិតខំប្រឹងប្រែងជាឯកតោភាគី
បទប្បញ្ញត្តិស្ដីពីពេលវេលាបញ្ឈប់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាំចេញក្នុងសេចក្ដីសម្រេចចិត្តលេខ ២២៣១ ស្ដីពីការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខារវាងទីក្រុងតេអេរ៉ង់និងក្រុម P5 + 1 (រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ បទប្បញ្ញត្តិនេះបានចែងថា បទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិមានរយៈពេល ១៣ ឆ្នាំ ក្នុងនោះហាមប្រាមការនាំចេញបច្ចេកវិទ្យាទាក់ទងនឹងប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់អ៊ីរ៉ង់ ហាមប្រាមទីក្រុងតេរ៉ង់ នាំចេញអាវុធ និងហាមប្រាមបណ្ដាប្រទេសលក់អាវុធទូទៅឲ្យអ៊ីរ៉ង់។ ការហាមប្រាមនេះនឹងផុតកំណត់នាថ្ងៃទី ១៨ ខែតុលាខាងមុខ។ ដូច្នេះ ក្រុមមន្រ្តីអាមេរិកបានតាក់តែងពង្រាងសេចក្ដីសម្រេចចិត្ត សំដៅពន្យារពេលបទហាមប្រាមទាំងនេះដោយគ្មានកាលកំណត់។
ទោះយ៉ាងណាក៏ដោយ លទ្ធផលនៃការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនមិន ទទួលបានការគាំទ្រពីប្រទេសនានាឡើយ លើកលែងតែសម្លេងឆ្នោតគាំទ្រតែមួយគត់របស់សាធារណរដ្ឋ Dominica ។ រុស្ស៊ី និងចិនបានបោះឆ្នោតប្រឆាំងជំទាស់ ខណៈដែលសមាជិកទាំង ១១ ដទៃទៀតបានបោះឆ្នោតអនុប្បវាទ។ អាស្រ័យលើលទ្ធផលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស នឹងដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ ដោយប្រើប្រាស់បទប្បញ្ញត្តិ“ ថយក្រោយ” ក្នុង JCPOA ។
យោងតាមអ្នកជំនាញជាច្រើនរូបបានឲ្យដឹងថា ទោះជាសហរដ្ឋអាមេរិកបានដកខ្លួនចេញពី JCPOA កាលពីឆ្នាំ ២០១៨ ក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែមានមូលដ្ឋានគតិយុត្តិ ដើម្បីពន្យាទណ្ឌកម្មលើអ៊ីរ៉ង់។ យោងតាមសេចក្ដីសម្រេចិត្តលេខ ២២៣១ បានចែងថា ប្រទេសហត្ថលេខីមួយអាចចោទប្រកាន់ប្រទេសហត្ថលេខីមួយទៀតដោយឯកតោភាគី ពីបទមិនគោរពការសន្យា។ ជាក់ស្ដែង សហរដ្ឋអាមេរិកកាន់តែដាក់សម្ពាធលើអ៊ីរ៉ង់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមានការប្រះឆាដែលពិបាកផ្សះផ្សារជាមួយសម្ព័ន្ធមិត្តនៅមហាសមុទ្រអាត្លង់ទិច។
ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ?
សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដើម្បីរាំងស្កាត់ទាំងស្រុងនូវការដែលអ៊ីរ៉ង់បញ្ជាទិញអាវុធទំនើប ៗ ក្រោយពីបទដាក់ទណ្ឌកម្មត្រូវបានបញ្ចប់។ ប៉ុន្តែ ពិតណាស់ថា ប្រការនេះបានធ្វើឱ្យជម្លោះ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់កាន់តែជ្រាលជ្រៅ។ បរាជ័យរបស់សហរដ្ឋអាមេរិកនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនត្រឹមតែជា
ជ័យជំនះខាងនយោបាយរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងជាការបរាជ័យខាងគតិយុត្តិ និងនយោបាយចំពោះសហរដ្ឋអាមេរិកទៀតផង។ លើសពីនេះទៅទៀត ប្រទេសអ៊ីស្លាមនេះក៏បានបង្កើនសកម្មភាពបង្ករឿងហេតដែរ។ ទោះជាសហរដ្ឋអាមេរិកបានទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីលរបស់ខ្លួនក៏ដោយ ប៉ុន្តែនាថ្ងៃទី ២១ ខែសីហា អ៊ីរ៉ង់បានបង្ហាញមីស៊ីលផ្លោងថ្មី ដែលអាចបាញ់រយៈចម្ងាយ ១៤០០ គីឡូម៉ែត្រ និងមីស៊ីលបំពាក់លើរថយន្តថ្មី។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានចាត់ទុកថា កម្លាំងការពាររបស់អ៊ីរ៉ង់នឹងផ្តល់ផលប្រយោជន៍ដល់សម្ព័ន្ធមិត្ត។
ការដែលសហរដ្ឋអាមេរិកបានព្រមានថានឹងដាក់ទណ្ឌកម្មជាឯកតោភាគីលើអ៊ីរ៉ង់ត្រូវបានក្រុមអ្នកវិភាគចាត់ទុកថា នឹងរុញក្រុមប្រឹក្សាសន្តិសុខចូលក្នុងវិបត្តិការទូតដ៏អាក្រក់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក ហើយអាចសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA។
នៅចំពោះការវិវឌ្ឍដ៏តានតឹងនានាពេលបច្ចុប្បន្ននេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអំពាវនាវឱ្យបើកសន្និសីទមួយស្តីពីអ៊ីរ៉ង់ ដើម្បីបញ្ជៀសភាពតានតឹងឡើងជណ្ដើរនៅឈូងសមុទ្រពែក្ស។ បច្ចុប្បន្ននេះ គេមិនទាន់ដឹងច្បាស់លាស់ថា តើការខិតខំប្រឹងប្រែងខាងការទូតជាបន្ទាន់ នឹងមានប្រសិទ្ធិភាពដែរឬអត់ ខណៈដែលបទដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់នឹងផុតកំណត់នារយៈពេលប្រមាណ ២ ខែខាងមុខផងដែរ៕