សុក្រិតរបៀបរបបនិងគោលនយោបាយស្ដីពីការវិនិយោគពីបរទេសក្នុង កាលៈទេសៈថ្មី
(VOVWORLD) -ក្រោយរយៈពេល៣០ឆ្នាំអនុវត្តន៍ការទាក់ទាញនិងប្រើប្រាស់ទុន FDI ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានប្រសិទ្ធភាពជាវិជ្ជមានយ៉ាងច្រើន។ ការបន្តទាក់ទាញដើមទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ជាអាទិភាពចម្បងរបស់វៀតណាមនាពេលខាងមុខ។ តាមនោះ រដ្ឋាភិបាលវៀតណាមនឹងជំរុញខ្លាំងការសុក្រិតរបៀបរបបនិងគោលនយោបាយសំដៅបង្កើតបរិយាកាសវិនិយោគគួរអោយទាក់ទាញចំពោះវិនិយោគិន។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក VuongDinh Hue (រូបថត៖ Lê Toàn/Báo Đấu Thầu) |
ទុន FDI ជាប្រភពធនធានដ៏សំខាន់ក្នុងដើមទុនវិនិយោគអភិវឌ្ឍសង្គមទាំងមូល ដោយរួមវិភាគទានប្រមាណ២០%ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) នៃប្រទេសទាំងមូល។ នាបច្ចុប្បន្ន FDI បានរួមវិភាគទានឡើងដល់ទៅ៧០%នៃទំហំនាំចេញសរុបរបស់វៀតណាមជារៀងរាល់ឆ្នាំ ព្រមទាំងបានរួមចំណែកបង្កើតឡើងប្រភពរូបិយប័ណ្ណបរទេស ហើយជាកត្តាមួយក្នុងចំណោមកត្តាស្នូលដែលរួមចំណែកទៅក្នុងអតិរេកពាណិជ្ជកម្មរបស់វៀតណាមនាពេលកន្លងទៅផងដែរ។
គិតដល់ដំណាច់ឆ្នាំ២០១៨ ប្រទេសទាំងមូលមានគម្រោង FDI កំពុងដំណើរការសកម្មភាពចំនួន២៧ពាន់៥រយគម្រោង មកពីប្រទេសនិងតំបន់ដែនដីចំនួន១៣០ ដោយទុនវិនិយោគសរុបតាមការសន្យាចំនួន៣៤០ពាន់លានដុល្លាអាមេរិក ដែលក្នុងនោះបានបើកការចំណាយប្រាក់ចំនួន១៤០ពាន់លានដុល្លាអាមេរិក។
កសាងយុទ្ធសាស្ត្រនិងចក្ខុវិស័យសម្រាប់ការទាក់ទាញ FDI
រាល់លទ្ធផលនៃការទាក់ទាញទុន FDI នាពេលកន្លងទៅ គឺអាស្រ័យដោយវៀតណាមមានស្ថានភាពនយោបាយស្ថិរភាព បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ត្រូវបានកែលម្អដោយឥតឈប់ឈរ ល្បឿនបើកទ្វារពាណិជ្ជកម្មខ្ពស់ និងឧត្តមភាពខាងទីតាំងភូមិសាស្ត្រ។ ជាពិសេសគឺ រដ្ឋាភិបាលវៀតណាមកំពុងផ្ដោតទៅលើការបញ្ជាណែនាំអោយកែទម្រង់បរិយាកាសវិនិយោគយ៉ាងខ្លាំងក្លា។ ប្រការនេះបានជះឥទ្ធិពលជាវិជ្ជមានលើតំបន់ FDI ហើយត្រូវបានសហគមន៍វិនិយោគិនបរទេសវាយតម្លៃខ្ពស់។
ប៉ុន្តែវៀតណាមក៏យល់ថា ចាំបាច់ត្រូវមានការផ្លាស់ប្ដូរយុទ្ធសាស្ត្រស្ដីពីគោលនយោបាយដើម្បីរក្សាសមត្ថភាពប្រកួតប្រជែង ធានាប្រភពទុន FDI ប្រកបដោយចីរភាព ហើយជំរុញខ្លាំង FDI ដែលមានតម្លៃបន្ថែមខ្ពស់។ ដោយហេតុនេះ វៀតណាមចាំបាច់តម្រង់ទិសដៅថ្មីសម្រាប់ការទាក់ទាញ FDI។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់តម្រង់ទិសសុក្រិតរបៀបរបបស្ដីពីការវិនិយោគពីបរទេសក្នុងកាលៈទេសៈថ្មី កាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅខេត្ត Binh Duong ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក VuongDinh Hue បានសង្កត់ធ្ងន់ថា៖
“រដ្ឋាភិបាលនឹងបូកសរុប វាយតម្លៃចំពោះការទាក់ទាញនិងការប្រើប្រាស់ទុន FDI ក្នុងអំឡុងពេល៣០ឆ្នាំកន្លងទៅ ហើយកសាងគម្រោងដាក់ជូនស្ថាប័នសមត្ថកិច្ចដើម្បីស្រាវជ្រាវ។ ប្រសិនបើគម្រោងនេះមានគុណភាពល្អ រដ្ឋាភិបាលនឹងចេញសេចក្ដីសម្រេចចិត្តសំខាន់ៗស្ដីពីការតម្រង់ទិសនិងការសុក្រិតរបៀបរបបនិងគោលនយោបាយដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការទាក់ទាញនិងការប្រើប្រាស់ទុន FDI នាពេលខាងមុខ។
ឆ្លៀតយឧត្តមភាពពីបដិវត្តន៍ឧស្សាហកម្ម៤.០ដើម្បីទាក់ទាញ FDI
នាបច្ចុប្បន្ន វៀតណាមកំពុងរក្សារូបសណ្ឋានកំណើនដោយផ្អែកលើការធ្វើអាជីវកម្មធនធាន ការដម្លើង ព្រមទាំងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មដោយផ្អែកលើការទាក់ទាញទុន FDI និងការនាំចេញ។ ប៉ុន្តែ រូបសណ្ឋានកំណើននេះនឹងប្រឈមមុខជាមួយការសាកល្បងដ៏ធំធេងក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយសារតែរ៉ូបូតនិងបញ្ញាសិប្បនិម្មិតនឹងជំនួសកម្លាំងពលកម្មរបស់មនុស្ស។ ប៉ុន្តែ ការសាកល្បងធំនេះក៏ដើរទន្ទឹមជាមួយកាលានុវត្តភាពជាច្រើនផងដែរ។ បរិយាកាសវិនិយោគដ៏ងាយស្រួលសម្រាប់បដិវត្តន៍ឧស្សាហកម្ម៤.០ រួមជាមួយជំនាញនិងបច្ចេកវិទ្យាដ៏សមស្របរបស់វៀតណាម នឹងបង្កើតឡើងកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លា ចំពោះសហគ្រាស FDI។ នៅក្នុងកិច្ចសន្ទនាជាមួយសហគ្រាសនៅក្នុងនិងក្រៅប្រទេសនាចុងឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucបានអះអាងថា៖
“បន្តផ្លាស់ប្ដូរថ្មីយន្តការ គោលនយោបាយនិងច្បាប់អោយបានសមស្របនឹងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមរបស់វៀតណាម។ យើងខ្ញុំនឹងបន្តផ្ទៀងស្ដាប់មតិរបស់សហគ្រាសដើម្បីសុក្រិតគោលនយោបាយនិងច្បាប់អោយកាន់តែល្អថែមទៀត។ ទន្ទឹមនឹងនោះគឺជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិ។ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិជាច្រើនហើយនេះជាបរិយាកាសអភិវឌ្ឍដ៏ធំធេងចំពោះសហគ្រាសទាំងអស់ មិនត្រឹមតែជាសហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងសហគ្រាសអន្តរជាតិដែលបណ្ដាក់ទុនចូលមកវៀតណាមទៀតផង។ ខ្ញុំចាត់ទុកថា រាល់កំណែទម្រង់ជំហានដំបូងយ៉ាងដូច្នេះ នឹងបង្កើតឡើងបរិយាកាសដ៏ងាយស្រួល ក៏ដូចជានាំមកនូវការនឹងនរចិត្តចំពោះវិនិយោគិនទាំងជាតិនិងអន្តរជាតិ”។
នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងដំណើរការគម្រោងតម្រង់ទិសដៅនិងសុក្រិតរបៀបរបប គោលនយោបាយ លើកកំពស់គុណភាព ប្រសិទ្ធភាពនៃការទាក់ទាញនិងការប្រើប្រាស់ទុន FDI ដល់ឆ្នាំ២០៣០ ដើម្បីដាក់ជូនការិយាល័យនយោបាយអនុម័ត។ ការដែលសេចក្ដីសម្រចចិត្តដោយឡែកមួយស្ដីពីយុទ្ធសាស្ត្រក្នុងការទាក់ទាញនិងការប្រើប្រាស់ប្រភពទុន FDI ត្រូវបានអនុម័តនោះ នឹងជួយលើកកំពស់ប្រសិទ្ធភាពនៃប្រភពទុននេះនាពេលខាងមុខជាពុំខាន៕