សង្គ្រាមបច្ចេកវិទ្យារវាងអាមេរិកនិងចិនកាន់តែធ្ងន់ធ្ងរឡើង
(VOVWORLD) - ចាប់ពីថ្ងៃទី១៣ សីហា សហរដ្ឋអាមេរិកបានហាមឃាត់ស្ថាប័នរដ្ឋាភិបាល ទិញផលិតផលរបស់ក្រុមហ៊ុនណាដែលប្រើប្រាស់សេវាទូរគមនាគមន៍ សេវា ឃ្លាំមើលរូបភាព ក៏ដូចជាឧបករណ៍នានារបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៥ អង្គភាព។ សេចក្ដីសម្រេចចិត្តនេះ រួមជាមួយបទហាមឃាត់ទៅលើកម្មវិធីជា ច្រើនទៀតរបស់ចិនកាលពីមុននោះ មិនត្រឹមតែបញ្ចប់ទំនាក់ទំនងដ៏យូអង្វែង រវាងផ្នែកបច្ចេកវិទ្យារបស់អាមេរិកនិងចិនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រេះឆាទំនាក់ទំនង រវាងភាគីទាំងពីរលើវិស័យបណ្ដាញអ៊ីនធឺណិតសកលទៀតផង។
ក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំង៥ដែលត្រូវហាមឃាត់រួមមាន Huawei ZTE Corp Hytera Communications Corp Hangzhou Hikvision Digital Technology Co. និង Zhejiang Dahua Technology Co.។ បទបញ្ញត្តិពោលខាងលើគឺសំដៅបន្តលុប បំបាត់ចោលកម្មវិធីមិនគួរឲ្យជឿទុកចិត្តរបស់ចិន ចេញពីប្រព័ន្ធឌីជីថលរបស់អាមេរិក។ អាជ្ញាធរវ៉ាស៊ីនតោនព្រួយបារម្ភថា ផលិតផលរបស់ក្រុមហ៊ុនចិនទាំងនេះ អាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពចារកម្មឬក៏សកម្មភាពផ្សេងៗទៀត ដែលអាចបង្កឡើងការខូចខាតដល់សន្តិសុខជាតិរបស់អាមេរិក។
លិចចូលជ្រៅនៅក្នុងសង្គ្រាម
ចិនជាទីផ្សារអ៊ីនធឺណិតធំបំផុតលើសកលលោកក្នុងរយៈពេលច្រើនឆ្នាំខាងមុខនេះ ដោយសារមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនបំផុត ហើយមាន បច្ចេកវិទ្យា 4G និង 5G ជឿនលឿនបំផុតផងដែរ។ ប៉ុន្តែ នាពេលកន្លងទៅ ក្រុម ហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនដូចជា Huawei ZTE និង Hikvision ត្រូវបានអាជ្ញាធរ ប្រធានាធិបតីអាមេរិក Donald Trump ដាក់បញ្ចូលក្នុងបញ្ជីហាមឃាត់ជាបន្តបន្ទាប់។ ហើយនាពេលថ្មីៗបំផុតនេះ គឺកម្មវិធី Tik Tok និង WeChat។
ហៅ Tik Tok និង WeChat ថា ជា “ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ” លោកប្រធានា ធិបតីអាមេរិក Donald Trump បានអះអាងថា កម្មវិធី Tik Tok ត្រូវបានប្រើប្រាស់ ក្នុងយុទ្ធនាការព័ត៌មានខុសពីការពិតដែលផ្ដល់នូវអត្ថប្រយោជន៍ជូនប្រទេសចិន ហេតុដូច្នេះ អាមេរិកត្រូវមានសកម្មភាពដ៏តឹងរឹងដើម្បីការពារសន្តិសុខជាតិ។ លោក Trump បានដាក់ចេញកាលកំណត់រយៈពេល៤៥ថ្ងៃចំពោះសម្ព័ន្ធក្រុមហ៊ុន Microsoft ដើម្បីទទួលប្រតិបត្តិការកម្មវិធី Tik Tok នៅអាមេរិក។ ក្នុងពេលជា មួយគ្នានោះ ចំពោះកម្មវិធី WeChat វិញ លោក Trump បានឲ្យដឹងថា កម្មវិធីនេះ ប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ ហើយអនុញ្ញាតឲ្យចិនអភិក្រម នឹងព័ត៌មានបុគ្គលរបស់ពលរដ្ឋអាមេរិក។ បទហាមឃាត់ទៅលើកម្មវិធី WeChat បានបង្កឡើងភាពស្រឡាំងកាំងចំពោះសហគមន៍ជនអាមេរិកដើមកំណើតចិន ក៏ដូចជាអ្នកដែលមានទំនាក់ទំនងជាមួយចិនណាក៏ដោយ។ ដោយសារ តែកម្មវិធីនេះមានឥទ្ធិពលដ៏ធំធេង ហើយចំពោះប្រជាជនចិនភាគច្រើន WeChat ជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការតភ្ជាប់ជាមួយពិភពលោក។
ពិតណាស់ថា ចិនមិនអាចអង្គុយស្ងៀមបានទេ ពេលដែលមហិច្ឆតាអំពី “អនុត្តរភាពខាងបច្ចេកវិទ្យា” លើទូទាំងសកលលោករបស់ខ្លួន ជួបប្រទះនឹង បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរអញ្ចឹង។ អាជ្ញាធរប៉េកាំងបានចោទប្រកាន់អាមេរិកកំពុង “ធ្វើបាប” ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដោយផ្អែកលើ “ចក្ខុវិស័យដ៏ចង្អៀត” ព្រមទាំង ព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមិនមានជម្រើសផ្សេងណាមួយក្រៅពី ការប្រយុទ្ធរហូតដល់ទីបញ្ចប់នោះឡើយ។ នាពេលខាងមុខនេះ អាជ្ញាធរ ប៉េកាំងហាក់ដូចនឹងដាក់ក្រុមហ៊ុន Apple ចូលក្នុងបញ្ជីអង្គភាពមិនគួរឲ្យជឿទុក ចិត្ត ដូចការដែលអាមេរិកបានអនុវត្តចំពោះ Huawei ដែរ។
រងការខូចខាតដូចគ្នា
ដោយការអនុវត្តបទហាមឃាត់នានា គេបានព្យាករណ៍ថា ទាំងអាមេរិកនិង ចិនសុទ្ធតែរងការខូចខាតដូចគ្នា។ ផ្នែកឧស្សាហកម្មបច្ចេកវិទ្យារបស់ចិននឹង ត្រូវតែខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើផលប៉ះពាល់ដោយសារបទហាមឃាត់របស់អាមេរិក។ ក្រៅពីនោះ បទហាមឃាត់របស់អាមេរិកក៏ធ្វើឲ្យវិនិយោគិន បរទេសត្រូវពិចារណាឡើងវិញ មុនពេលបង្កើតទំនាក់ទំនងភាពជាដៃគូជាមួយ ក្រុមហ៊ុនរបស់ចិន។ ប៉េកាំងបានចំណាយប្រភពធនធានគួរឲ្យកត់សម្គាល់ទាំង ខាងនយោបាយនិងសេដ្ឋកិច្ចដើម្បីចិញ្ចឹមអ្នកជើងឯកផ្នែកបច្ចេកវិទ្យារបស់គេ ប៉ុន្តែឥឡូវនេះ វ៉ាស៊ីនតោនកំពុងប្រើប្រាស់កម្លាំងរបស់ខ្លួនក្នុងវិស័យហេដ្ឋារចនា សម្ព័ន្ធអ៊ីនធឺណិតនិងប្រព័ន្ធប្រតិបត្តិការដើម្បីរារាំងមហិច្ឆតារបស់ចិន។
ចំពោះអាមេរិកវិញ បទហាមឃាត់នេះអាចប៉ះពាល់ដល់ក្រុមហ៊ុនបរទេស នានានៅអាមេរិក ដូចជាក្រុមហ៊ុនជប៉ុនជាឧទាហរណ៍មួយ ដោយបង្ខំឲ្យក្រុមហ៊ុនទាំងនេះត្រូវផ្លាស់ ប្ដូរដើម្បីជៀសវាងការប្រើប្រាស់ផលិតផលពីក្រុមហ៊ុនចិន។ តាមការធ្វើស្ថិតិ រដ្ឋាភិបាលអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុនជាង៨០០អង្គភាព។ លើសពីនេះទៅទៀត បទហាមឃាត់ទៅលើកម្មវិធីរបស់ចិន អាចកាត់ផ្ដាច់ប្រភពចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់បណ្ដាយីហោអាមេរិកដែលចង់អភិក្រមនឹងអ្នកប្រើប្រាស់នៅចិន។ នៅពេលនេះ តាមការព្យាករណ៍ ថា Alibaba សហគ្រាសមួយក្នុងចំណោមសហគ្រាសអ៊ីនធឺណិតនិងលក់រាយដ៏ធំ បំផុតលើសកលោករបស់ចិន អាចក្លាយទៅជាគោលដៅជាបន្តទៀតក្នុងសង្គ្រាម បច្ចេកវិទ្យារវាងអាមេរិកនិងចិន។ ប្រសិនបើនោះជាការពិត គឺប្រាកដថា សង្គ្រាម នេះនឹងមានការវិវត្តន៍ដ៏តានតឹងជាងទៀតនាពេលខាងមុខ៕