សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីប

(VOVWORLD) - ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធសាធា រណៈរដ្ឋប្រជាធិបតេយ្យអេត្យូពីនិងសាធារណៈរដ្ឋអេហ្ស៊ីប។
សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីប - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang  (រូបថត៖ TTXVN)

  ដំណើរទស្សនកិច្ចនេះគឺសំដៅបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយប្រទេសអាហ្វិ្រកនិយាយរួម ជាមួយអេត្យូពីនិងអេហ្ស៊ីបនិយាយដោយឡែក។ តាមនោះ ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរនេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ចំពោះអេត្យូពី នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋវៀតណាមមួយរូបទៅកាន់ប្រទេសធំនិងមានចំនួនប្រជាជនច្រើនបំផុតនៅតំបន់អាហ្វ្រិកខាងកើតនិងតំបន់ស្នែងអាហ្វ្រិក។ រីឯចំពោះអេហ្ស៊ីបវិញ នេះក៏ជាដំណើរទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋវៀតណាមដែលប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគីផងដែរ។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang ជាសញ្ញាសម្គាល់ក្នុងប្រវត្តិសាស្ត្រ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបតិ្តការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីបនាពេលខាងមុខ។

នាំទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-អេត្យូពីកាន់តែអភិវឌ្ឍន៍

តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអេត្យូពីលោក Nguyen Kim Doanh ឲ្យដឹងថា ដំណើរទស្សនកិច្ចនៅ អេត្យូពីលើកនេះរបស់ប្រធានរដ្ឋលោក Tran Dai Quang មានអត្ថន័យសំខាន់ចំពោះប្រទេសទាំងពីរលើវិស័យនយោបាយ ការទូតនិងសេដ្ឋកិច្ច។

“វៀតណាមមានបន្ថែមទីផ្សារនាំចេញថ្មី ខណៈដែលអេត្យូពីមានបន្ថែមដៃគូអភិវឌ្ឍ ទាក់ទាញការវិនិយោគទុន បង្កើតការងារធ្វើសម្រាប់ប្រជាជន។ ខ្ញុំចាត់ទុកថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang ភាគីទាំងពីរនឹងដំណើរការចរចា ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើន ពិសេសគឺកិច្ចព្រមព្រៀង លើកទឹកចិត្តនិងគាំពារការវិនិយោគ និងកិច្ចព្រមព្រៀងជៀសវាងការយកព័ន្ធត្រួតគ្នា សំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខ”។

សញ្ញាសម្គាល់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីប - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអេត្យូពីលោក Nguyen Kim Doanh  

ជាទូទៅ វៀតណាមនិងអេត្យូពីមានលក្ខណៈស្រដៀងគ្នាជាច្រើនអំពីចំនួនប្រជាជន ខឿនកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍។ ខឿនសេដ្ឋកិច្ចរបស់អេត្យូពីក៏មានការអភិវឌ្ឍដ៏ខ្លាំងបង្គួរនៅទ្វីបអាហ្វ្រិកក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ដោយហេតុនេះ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរអាចធ្វើអាជីវកម្មនិងបំពេញបន្ថែមឧត្តមភាពសម្រាប់គ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ ឯកអគ្គរដ្ឋទូតលោក Nguyen Kim Doanh ចាត់ទុកថា៖

“អេត្យូពីមានទំហំធំជាងវៀតណាម៣ដង ដោយចំនួនប្រជាជនជាង១០០លាននាក់ ដីធ្លីសម្បូរជីជាតិ ធនធានធម្មជាតិសម្បូរបែប លក្ខណៈធម្មជាតិងាយស្រួល ដែលជាសក្ដានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែគេខ្វះបទពិសោធន៍និងដើមទុន។ លើវិស័យនេះ វៀតណាមអាចចែករំលែកជាមួយអេត្យូពី ជួយគេធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធានធម្មជាតិសម្បូរបែបក៏ដូចជាប្រភពធនធានមនុស្សច្រើនលើសលុបដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សំដៅសម្រេចបានគោលដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលជាមធ្យមនាឆ្នាំ២០២៥”។

ជំរុញទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម អេហ្ស៊ីបកាន់តែប្រកបដោយប្រសិទ្ធភាព

ចាកចេញពីអេត្យូពី ប្រធានរដ្ឋលោក Tran Dai Quang នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីបចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែសីហា។ ស្ថិតនៅតំបន់អាហ្វ្រិកខាងជើង អេហ្ស៊ីបជាប្រទេសដែលឈរលំដាប់ទី ២អំពីខ្នាតសេដ្ឋកិច្ច ចំនួនប្រជាជន និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលទាក់ទាញបានប្រភពទុន វិនិយោគផ្ទាល់ពីបរទេស (FDI) ធំបំផុតនៅទ្វីបអាហ្វ្រិក។ អេហ្ស៊ីបក៏ជាប្រទេសមួយក្នុងចំណោមប្រទេសអារ៉ាប់ដើមដំបូងដែលមានទំនាក់ទំនងជាមួយវៀតណាម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍប្រកបដោយល្អប្រសើរលើគ្រប់វិស័យនាពេលកន្លងទៅ។ នាបច្ចុប្បន្ន អេហ្ស៊ីបជាដៃគូពាណិជ្ជកម្មធំទី៥របស់វៀតណាមនៅទ្វីបអាហ្វ្រិក ដោយទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១៧គឺ៣៥០លានដុល្លាអាមេរិក។ អេហ្ស៊ីបជាប្រទេសអាហ្វ្រិកខាងជើងដំបូងដែលទទួលស្គាល់វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារដ៏ពេញលេញ ហើយវាយតំលៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមចំពោះបញ្ហានានារបស់បណ្ដាប្រទេសអារ៉ាប់។ ប្រទេសទាំងពីរក៏សហការ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនានាផងដែរ។

ដោយឈរលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Tran Dai Quang នៅអេហ្ស៊ីបលើកនេះ មានអត្ថន័យប្រវត្តិសាស្ត្រ ដែលអះអាងនូវការគោរពនិងគោលបំណងចង់បង្កើនទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអេហ្ស៊ីប។

ដំណើរទស្សនកិច្ចនៅអេត្យូពីនិងអេហ្ស៊ីបរបស់ប្រធានរដ្ឋលោក Tran Dai Quang ជាឱកាសដើម្បីភាគីទាំងអស់ជំរុញទំនាក់ទំនងសហប្រតិបត្តិការឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកនាំទំនាក់ទំនងរវាងវៀតណាមជាមួយអេត្យូពីនិងអេហ្ស៊ីបឈានចូលទំព័រថ្មី ដោយមានកិច្ចសហប្រតិបតិ្តការដ៏ទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពជាង រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពលើពិភពលោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ