ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៖ ឱកាសដើម្បីខឿនសេដ្ឋកិច្ចនៃស.ប.បកូរ៉េរីកចម្រើន

(VOVWORLD) - នាថ្ងៃទី១៥ ខែតុលា មន្ត្រីជាន់ខ្ពស់នៃប្រទេសកូរ៉េទាំងពីរបានឯកភាពគ្នាលើ ការបោះជំហានដ៏ជាក់ស្ដែង សំដៅអនុវត្តន៍កិច្ចព្រមព្រៀងដែលទទួលបាននៅក្នុង សន្និសីទកំពូលអន្តរកូរ៉េកាលពីខែកញ្ញាកន្លងទៅ។ កាយវិកាទាំងនេះកំពុងនាំមក នូវបរិយាកាសដ៏សកម្ម នៅលើឧបទ្វីបកូរ៉េ។ តំបន់ដីមួយដែលគ្មានអាវុធ នុយក្លេអ៊ែរ ប្រកបដោយស្ថិរភាព សុខសន្តិភាព មានទីតាំងភូមិសាស្ត្រងាយ ស្រួលនេះ ត្រូវបានគេរំពឹងទុកថា នឹងនាំមកនូវការរីកចម្រើនដ៏ធំធេងសម្រាប់ ខឿនសេដ្ឋកិច្ចសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត (ស.ប.ប) កូរ៉េ និយាយ ដោយឡែកនិងតំបន់ទាំងមូលនិយាយរួម។
ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៖ ឱកាសដើម្បីខឿនសេដ្ឋកិច្ចនៃស.ប.បកូរ៉េរីកចម្រើន - ảnh 1រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Cho Myong-gyon (ខាងឆ្វេង) និងប្រធានគណៈកម្មាធិការស្ដារសន្តិភាពឡើងវិញស.ប.បកូរ៉េលោក Ri Son-gwon (រូបថត៖ Reuters) 

  ដោយគោលបំណងចង់ពិភាក្សាលើការបោះជំហានជាបន្ត ក្រោយពីជំនួបកំពូលលើកទី៣រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un កាលពីខែកញ្ញាកន្លងទៅ កិច្ចសន្ទនាជាន់ខ្ពស់នាថ្ងៃទី១៥ ខែតុលា បានទទួលបានលទ្ធផលដ៏ច្បាស់លាស់តាមរយៈសេចក្ដីថ្លែងការណ៍រួមស្ដីពីខ្លឹមសារជាច្រើនដូចជាសេដ្ឋកិច្ច យោធា វប្បធម៌ សុខាភិបាលនិងកីឡាជាដើម។

        ការកសាងជំនឿទុកចិត្តជាជំហានៗ

        នាខែមេសាឆ្នាំ២០១៨ បន្ទាប់ពីសន្និសីទកំពូលអន្តរកូរ៉េជាលើដំបូងដែលបានរៀបចំឡើងនៅភូមិសន្តិភាព Panmumjom នោះ ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរបានប្រកាសយ៉ាងឱឡារឹកទៅកាន់ប្រជាជនសរុប៨០លាននាក់នៃប្រទេសទាំងពីរក៏ដូចជាពិភពលោកទាំងមូលថា នឹងមិនមានសង្គ្រាមណាមួយទៀតនៅលើឧបទ្វីបកូរ៉េឡើយ ហើយយុគសម័យសន្តិភាពថ្មីបានចាប់ផ្ដើមហើយដែរ។ ថ្នាក់ដឹកនាំទាំងពីរបានសន្យាយ៉ាងរឹងមាំលើការបញ្ឈប់ភាពប្រឈមដាក់គ្នាដែលបានអូសបន្លាយចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ដើម្បីឆ្ពោះទៅរកយុគសម័យថ្មីមួយនៃភាពសម្រុះសម្រួលជាតិ សុខសន្តិភាព និងវិបុលភាព។ នាថ្ងៃទី២៦ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដោយទទួលបានលទ្ធផលគឺវាយទម្លុះភាពជាប់គាំងនៅក្នុងកិច្ចចរចាស្ដីពីបញ្ហានុយក្លេអ៊េររវាងអាមេរិកនិងស.ប.បកូរ៉េផងដែរ។

        នាខែកញ្ញា ឆ្នាំ២០១៨ ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរបានកត់សម្គាល់នូវការបោះជំហានថ្មីមួយទៀតដោយការរៀបចំសន្និសីទកំពូលអន្តរកូរ៉េលើកទី៣នៅទីក្រុងព្យុងយ៉ាង។ នៅទីនេះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍ទីក្រុងព្យុងយ៉ាងសំដៅបង្កើតឡើងខឿនសន្តិភាពដ៏យូរអង្វែងនិងជារៀងរហូតនៅលើឧបទ្វីបកូរ៉េ។

        រួមជាមួយគ្នានោះ ទំនាក់ទំនងរវាងអាមេរិកជាមួយស.ប.បកូរ៉េ ក៏បានកត់សម្គាល់នូវសញ្ញាសកម្មដោយការព្រមព្រៀងរៀបចំសន្និសីទកំពូលលើកទី២រវាងប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un ឲ្យបានឆាប់រហ័សបំផុតផងដែរ។

        បើកចេញឱកាសសហប្រតិបតិ្តការថ្មី

        រាល់បម្រែបម្រួលវិជ្ជមានខាងលើកំពុងនាំមកនូវឱកាសសហប្រតិបតិ្តការសេដ្ឋកិច្ចនៅលើឧបទ្វីបកូរ៉េ។ មិនត្រឹមតែមានទីតាំងភូមិសាស្ត្រងាយស្រួលប៉ុណ្ណោះទេ ស.ប.បកូរ៉េថែមទាំងបានគេចាត់ទុកថា កំពុងស្ថិតនៅលើរតនសម្បត្តិរ៉ែដ៏ធំសម្បើមរួមមានលោហធាតុកម្រដូចជា មាស អណ្ដូងដែកថែប សំរិទ្ធ និងទង់ដែង ជាដើម។ ក្រៅពីនោះ តម្រូវការនៃការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ថាមពលនិងប្រព័ន្ធព័ត៌មានទាក់ទង ក៏ជាកត្តាគួរឲ្យទាក់ទាញយ៉ាងខ្លាំងចំពោះវិនិយោគិនបរទេសផងដែរ។

        ក្នុងពេលជាមួយគ្នានោះ នៅក្នុងស្រុក ស.ប.បកូរ៉េក៏បានផ្សាយព័ត៌មានវិជ្ជមានស្ដីពីការប្ដេជ្ញាចិត្តធ្វើសមាហរណកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសទៀតផង។ នាពេលថ្មីៗនេះ ព្យុងយ៉ាងបានបើកសម្ពោធគេហទំព័រវ៉ែបសាយស្ដីពីពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ សំដៅទាក់ទាញដើមទុនពីបរទេសចូលមកប្រទេសនេះ។ វ៉ែបសាយមានឈ្មោះថា “Foreign Trade of DPRK” នេះមានខ្លឹមសារជាច្រើនស្ដីពីគោលនយោបាយពាណិជ្ជកម្ម ច្បាប់ពាណិជ្ជកម្ម បញ្ជីឈ្មោះក្រុមហ៊ុនពាណិជ្ជកម្មស.ប.បកូរ៉េ មណ្ឌលសេដ្ឋកិច្ចនិងទំនិញពាណិជ្ជកម្ម។ ការបើកទំព័រវ៉ែបសាយនេះបានអះអាងជាថ្មីម្ដងទៀតនូវសេចក្ដីប្រកាសរបស់រដ្ឋអំណាចព្យុងយ៉ាងចេញកាលពីខែមេសាកន្លងទៅ ស្ដីពីការប្រមូលផ្ដុំប្រភពធនធានក្នុងទូទាំងប្រទេសដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច។

        នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅនេះដែរ ប្រទេសកូរ៉េទាំងពីរក៏បានឯកភាពគ្នាលើការទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃខ្សែរថភ្លើង Gyeongui និងខ្សែរថភ្លើងនៅតាមឆ្នេរសមុទ្រប៉ែកខាងកើត។ ប្រការនេះនឹងនាំមកនូវឱកាសសហប្រតិបតិ្តការដ៏ធំធេងរវាងប្រទេសកូរ៉េទាំងពីរក៏ដូចជានៅក្នុងតំបន់ទាំងមូលផងដែរ។ ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីនេះ កំពុងបញ្ជាក់ថា នាពេលដែលជំនឿទុកចិត្តត្រូវបានកសាងឡើងដោយឈរលើកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នានោះ គឺខឿនសន្តិភាពដ៏យូរអង្វែងនិងប្រកបដោយចីរភាពនៅលើឧបទ្វីបកូរ៉េនឹងត្រូវបានបង្កើតឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ